មន្ដ្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវអតីតពលករមកពីថៃ ចុះឈ្មោះតេស្តសមត្ថភាពការងារ ដើម្បីបញ្ជាក់សមត្ថភាពការងារពិតប្រាកដ និងងាយស្រួលរកការងារធ្វើ
01-05-2026 21:51
(សៀមរាប)៖ លោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឲ្យអតីតពលករមកពីថៃ ចុះឈ្មោះធ្វើតេស្តសមត្ថភាព (RPL) ដើម្បីទទួលបានវិញ្ញាបនបត្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងងាយស្រួលរកការងារធ្វើ ព្រមទាំងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ និងគ្រួសារ។
លោកបណ្ឌិត បានបន្តថា ការធ្វើតេស្តនេះមិនគិតថ្លៃនោះទេ គឺរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជំនួស, សូមកុំភ័យ និងព្រួយបារម្ភ ព្រោះការធ្វើតេស្តសមត្ថភាព (RPL)នេះ គឺតេស្តដើម្បីបញ្ជាក់អំពីបទពិសោធន៍ការងារដែលមាន, ជំនាញដែលពីមុន ឬក៏កំពុងអនុវត្តការងារនៅកន្លែងធ្វើការ ដើម្បីបញ្ជាក់ពីសមត្ថភាពការងារពិតប្រាកដទៅលើជំនាញនោះ។
ការថ្លែងយ៉ាងដូច្នេះរបស់លោកបណ្ឌិត ហ៊ីង ស៊ីដេត ក្នុងឱកាសដែលលោកអញ្ជើញប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដោយមានការចូលរួមពីលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប និងលោក ម៉ប់ ស៊ីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងភាគីពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។
លោកបណ្ឌិត បានបន្តថា ការធ្វើតេស្តជំហានទី១នេះ ជាការធ្វើឡើងនៅតាមរាជធានី ខេត្ត នៃគោលដៅចំនួន៦ រួមមាន៖ ខេត្តបាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, តាកែវ, ស្វាយរៀង និងរាជធានីភ្នំពេញ។
លោកបណ្ឌិត ហ៊ីង ស៊ីដេត បានបន្ថែមថា តេស្ត (RPL) គឺជាកម្មវិធីដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារកំពុងតែយកចិត្តទុកដាក់ខ្ពស់ សម្រាប់ផ្ដល់ការធ្វើតេស្តទទួលស្គាល់សមត្ថភាពជំនាញ ក្នុងវិស័យសំណង់ចំនួន៧មុខ ជូនដល់អតីពលករមកពីថៃដោយឥតគិតថ្លែចំនួន១ម៉ឺននាក់ ក្នុងជំហានទី១ ដើម្បីឲ្យពួកគាត់អាចយកទៅប្រើប្រាស់ ក្នុងការស្វែងរកការងារ នៅក្នុងស្រុកផង និងនៅក្រៅប្រទេសផង ដូចជា៖ នៅសិង្ហបុរី ដែលកំពុងតែត្រូវការកម្លាំងកម្មករជំនាញផ្នែកសំណង់។
លោកបណ្ឌិតបន្តទៀតថា តេស្ត RPL គឺដើម្បីប្រែក្លាយពី «សញ្ញាឃើញ» ទៅជាវិញ្ញាបនបត្រជាផ្លូវការ ក្នុងការអភិវឌ្ឍធនធានមនុស្ស បង្កើនផលិតភាព និងភាពប្រកួតប្រជែង ព្រមទាំងជួយអតីតពលកររកការងារល្អ និងមានប្រាក់ចំណូលកាន់តែខ្ពស់។
លោកបណ្ឌិត បានបញ្ជាក់ថា ការធ្វើតេស្តសមត្ថភាពនេះ រួមមាន៖ ការងារកំបោរ, ការងារការ៉ូ, ការដំឡើងពុម្ព, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងបណ្តាញអគ្គីសនីក្នុងអគារ, ការងាររន្ទា និងការដំឡើងសរសៃដែក។
សូមជម្រាបថា គោលដៅរបស់តេស្ត RPL រួមមាន៖ ដើម្បីអភិវឌ្ឍធនធានមនុស្ស, បង្កើតផលិតភាព និងភាពប្រកួតប្រជែង, បំប្លែងបទពិសោធន៍ការងារ ទៅជាវិញ្ញាបនបត្រផ្លូវការ, ជាពិសេសវាយតម្លៃអតីតពលករខ្មែរមកពីប្រទេសថៃ, ការរៀបចំធ្វើតេស្ត RPL ជូនអតីតពលករមកពីប្រទេសថៃដោយមិនគិតថ្លៃ នេះធ្វើឡើងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការផ្តល់នូវជំនាញ ដែលអាចយកទៅប្រើប្រាស់ ដើម្បីទទួលបានឱកាសការងារល្អសម្រាប់ចំណូលល្អជាងមុន៕


















