ខេត្តពោធិ៍សាត់ រៀបចំពិធីបុណ្យវិសាខបូជា និងដង្ហែក្បួនយ៉ាងអធិកអធម ដើម្បីរំលឹកដល់សក្ការបូជាដ៏ខ្ពង់ខ្ពស់របស់ព្រះសម្មាសម្ពុទ្ធ

02-05-2026 12:38

(ពោធិ៍សាត់)៖ នាថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ខេត្តពោធិ៍សាត់ បានរៀបចំពិធីបុណ្យវិសាខបូជា និងដង្ហែក្បួនយ៉ាងកុះករ ក្រោមព្រះវត្តមានដឹកនាំពី ព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស និងព្រះពោធិវង្សាវិមល ព្រះមេគណខេត្តពោធិ៍សាត់ ព្រះគ្រូចៅអធិការវត្តកែវវិជ័យ និងអញ្ជើញចូលរួមពីសំណាក់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ លោកស្រី ប៉ុក ណាឌី, លោក ងួន ប៉ោសេង និងលោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីរាជការ យាយជី តាជី សិស្សានុសិស្ស និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ពិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ដោយមានការដង្ហែក្បួនចេញពីវត្តកែវវិជ័យ ទៅជុំវិញក្រុងពោធិ៍សាត់ និងបន្តឆ្ពោះមកកាន់វត្តកែវវិជ័យវិញ (វត្តព្រះមេគណខេត្ត) ស្ថិតក្នុងភូមិកែវវិជ័យ ឃុំកណ្តៀង ស្រុកកណ្តៀង។ ដោយឡែកនាព្រឹកថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ក៏មានរៀបចំពិធីបុណ្យឆ្លងវិសាខបូជា និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន៨៦អង្គ និមន្តក្នុងវត្តកែវវិជ័យផ្ទាល់ និងនិមន្តមកពីវត្តពាលញែក ក្រុងពោធិ៍សាត់ផងដែរ។

បុណ្យវិសាខបូជា គឺជាបុណ្យដ៏ធំបំផុតមួយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកជនទូទាំងសកលលោក តែងតែប្រារព្ធធ្វើឡើង ដើម្បីរំលឹកដល់ព្រឹត្តិការណ៍មហាសច្ចៈចំនួន៣ សំខាន់ៗរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម ដែលកើតឡើងក្នុងថ្ងៃ ១៥កើត ខែពិសាខ ដូចគ្នាគឺ៖
*ថ្ងៃប្រសូត៖ ជាថ្ងៃដែលព្រះអង្គទ្រង់ចាប់កំណើតក្នុងលោក។
*ថ្ងៃត្រាស់ដឹង៖ ជាថ្ងៃដែលព្រះអង្គបានរកឃើញនូវអរិយសច្ចធម៌ នាំសត្វលោកឱ្យរួចផុតពីទុក្ខ។
*ថ្ងៃចូលបរិនិព្វាន៖ ជាថ្ងៃដែលព្រះអង្គលាចាករូបកាយ រំលត់ទុក្ខទាំងពួង។ អង្គការសហប្រជាជាតិ ក៏បានទទួលស្គាល់បុណ្យវិសាខបូជា ជាបុណ្យអន្តរជាតិ (Vesak Day) ចាប់តាំងពីឆ្នាំ១៩៩៩មកម៉្លេះ ដោយសារតម្លៃនៃការអប់រំសន្តិភាព និងមេត្តាធម៌របស់ព្រះពុទ្ធសាសនា។

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ រួមជាមួយមន្ត្រីរាជការ និងពុទ្ធបរិស័ទទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ "ម្លប់សន្តិភាព" ដែលអនុញ្ញាតឱ្យយើងមានឱកាសពេញលេញក្នុងការរៀបចំពិធីបុណ្យសាសនា និងការដើរហើរដោយសេរី។ សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃអ្វីៗគ្រប់យ៉ាង បើគ្មានសន្តិភាព ក៏គ្មានការជួបជុំដង្ហែក្បួនវិសាខបូជាដ៏អធិកអធមដូចថ្ងៃនេះដែរ។ ជាមួយគ្នានោះរដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា កម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទនាពេលនេះ នឹងក្លាយជាចរន្តនៃថាមពលវិជ្ជមាន ជួយជ្រោមជ្រែងដល់កិច្ចការនយោបាយក្រៅប្រទេស និងការដោះស្រាយបញ្ហាព្រំដែនឱ្យទទួលបានជោគជ័យក្នុងពេលឆាប់ៗខាងមុខ។

នាយប់ថ្ងៃដដែល ថ្នាក់ដឹកនាំខេត្ត ក៏បានបន្តអញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជាដូចគ្នា នៅវត្តមណីរតនារាម ដែលរៀបចំដោយ ព្រះភិក្ខុលទ្ធធម្មោ ជា គឹមសាន ព្រះគ្រូចៅអធិកាវត្ត និងលោកគ្រូ ឧបាសក សាន សុជា ជាវត្តត្រូវបានគេស្គាល់យ៉ាងច្បាស់ តាមរយៈការរៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាត និងការទាក់ទាញពុទ្ធបរិស័ទមកពីគ្រប់ទិសទី។

គួរជម្រាបជូនថា វត្តមណីរតនារាម (ឬហៅថា មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន) ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ជាវត្តដែលកកើតឡើង ដោយផ្តួចផ្តើមដោយព្រះភិក្ខុ សាន សុជា កាលពីជិត២០ឆ្នាំមុន (ប្រហែលឆ្នាំ២០០៦-២០០៧)។

ដើមឡើយទីនេះ ជាមណ្ឌលសិក្សាធម៌វិន័យ មានទីតាំងនៅក្នុងវត្តកែវសុវណ្ណ ឃុំបន្ទាយដី ស្រុកកណ្តៀង។ ដោយមើលឃើញពីការរីកលូតលាស់ នៃកន្លែងសិក្សា និងសកម្មភាពពុទ្ធសាសនា លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនានៅគ្រានោះ បានស្នើសុំប្តូរឈ្មោះជា "វត្តមណីរតនារាម" ដើម្បីជាកន្លែងប្រតិបត្តិធម៌។ វត្តនេះជាមជ្ឈមណ្ឌលអប់រំធម៌ និងវិបស្សនាដ៏ល្បីល្បាញ ក្នុងខេត្តពោធិ៍សាត់ ដែលមានបរិយាកាសស្ងប់ស្ងាត់ សណ្តាប់ធ្នាប់ល្អ និងសំណង់រចនាបទខ្មែរប្រណីត៕