មានការជជែកគ្នាបញ្ចេញយោបល់ពាក់ព័ន្ធការកាត់រូបព្រះ (ព្រះយូឡាយ) បញ្ចូលគ្នាជាមួយរូបយក្ស ឬរូបបីសាច, តើរូបភាពកាត់បញ្ចូលគ្នានេះត្រឹមត្រូវលើក្រសែភ្នែកមហាជននៅក្នុងសង្គមយើងដែរទេ?

02-05-2026 13:50

(ភ្នំពេញ)៖ ម្ចាស់ហាង អាចជាជនជាតិចិន បានយករូបព្រះយូឡាយ បិតជាមួយរូបបីសាច ឬរូបយក្ស ដែលបង្ហាញការមិនសមរម្យមួយសម្រាប់ក្រសែភ្នែកមហាជន។ រូបភាពកាត់បញ្ចូលគ្នានេះ បានក្លាយជាប្រធានបទមួយលើ ការជជែកគ្នាសម្រាប់បងប្អូនមួយចំនួននៅក្នុងសង្គមយើង។

សម្រាប់ហាងមួយនេះ ការសរសេរអក្សរខ្មែរធំៗ និងដាក់លើអក្សរចិន គឺបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរ តែមានការឆ្ងល់រូបម្ខាងជាព្រះយូឡាយ និងម្ចាងរូបយក្ស ឬរូបបីសាច។

តាមការបញ្ជាក់របស់បងប្អូនមួយចំនួនដែលដឹងខ្លះពីវប្បធម៌ចិន បានបញ្ជាក់ថា​ រូបភាពកាត់បញ្ចូលគ្នានេះ គេថាជាសិល្បៈ និងការពេញនិយមរបស់ជនជាតិចិន តែបងប្អូនមួយចំនួនចាប់អារម្មណ៍លើសណ្តាប់ធ្នាប់ នៃរូបភាព ដែលត្រូវដាក់តាំងបង្ហាញជាសាធារណៈនៅក្នុងសង្គមយើង ដែលពេលខ្លះ ការតាំងរូបព្រះមួយអង្គដែលជានិមិត្តរូប នៃការគោរព លាយជាមួយរូបភាពដែលបង្ហាញពីតួអាក្រក់ (រូបយក្ស ឬរូបបីសាច) គឺមិនសមរម្យលើ ក្រសែភ្នែករបស់ពលរដ្ឋយើងដែលកាន់សាសនាព្រះពុទ្ធ។

ទោះជាយ៉ាងណា សម្រាប់រូបភាពតាំងបង្ហាញម្ខាងព្រះ និងម្ខាងរូបយក្ស ឬរូបបីសាច ចាំយើងនឹងសុំការពន្យល់ពីអ្នកជំនាញ យកមកចែកជូនបងប្អូនទៀត។

យ៉ាងណាក៏ដោយពលរដ្ឋខ្លះ គ្រាន់តែចង់ឲ្យអាជ្ញាធរជួយពិនិត្យបន្ថែម លើការដាក់រូបព្រះម្ខាង និងរូបបីសាចម្ខាង បើខុសឆ្គង ជួយណែនាំឲ្យកែ តើបើមិនខុសទេ សូមលោកស្រីម្ចាស់ហាងបន្តអាជីវកម្មរបស់ខ្លួនទៀតចុះ។

សូមបញ្ជាក់ថា ហាងមួយនេះ ស្ថិតនៅក្បែរហាង One More បឹងកក់។