អ្នកឧកញ៉ា លឹម ហេង ស្នើអ្នកសារព័ត៌មានរួមគ្នាផ្សាយព័ត៌មានល្អៗក្នុងសង្គម និងចៀសវាងផ្សាយព័ត៌មានបែបញុះញង់ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការវិនិយោគរបស់កម្ពុជា (Video inside)
02-05-2026 16:38
(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើដល់អ្នកសារព័ត៌មានឱ្យរួមគ្នាផ្សាយព័ត៌មានល្អៗនៅក្នុងសង្គម និងចៀសវាងផ្សព្វផ្សាយព័ត៌មានបែបញុះញង់ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការវិនិយោគរបស់កម្ពុជា ចំពោះការរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត (AI) អ្នកសារព័ត៌មាន ត្រូវធ្វើការរួមគ្នាជាមួយវិន័យឯកជន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។
ការស្នើបែបនេះ របស់អ្នកឧកញ៉ា លឹម ហេង បានធ្វើឡើងក្នុងឱកាសផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ គ្រាដែលអ្នកឧកញ៉ា ចូលរួមជាវិគ្មិនក្នុងវេទិកាសារព័ត៌មានលើប្រធានបទ «AI ក្រមសីលធម៌ និងវិជ្ជាជីវៈ តើយើងគួរដើរទៅមុខដោយរបៀបណា?» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ដើម្បីផ្តល់ឱកាសដល់វាគ្មិន (ផ្នែក AI ធុរកិច្ច និងព័ត៌មាន) បានជជែកពិភាក្សា និងលើកទ្បើងអំពីស្ថានភាពទូទៅនៃវិស័យសារព័ត៌មាន តួនាទីរបស់អ្នកសារព័ត៌មាន និងធុរកិច្ចជន និងការប្រើប្រាស់ AI ដែលជាប្រយោជន៍ដល់សង្គម ដែលមានអ្នកសារព័ត៌មានជាង១០០នាក់ មកពី៦៧ស្ថាប័នចូលរួម។
នាឱកាសនោះដែរ អ្នកឧកញ៉ា លឹម ហេង បានបន្តថា បើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរីកចម្រើន អ្នកសារព័ត៌មាននឹងទទួលបានចំណូលកាន់តែច្រើនឡើងតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មពីសំណាក់ម្ចាស់ក្រុមហ៊ុនវិនិយោគនានា ដូច្នេះ សូមមេត្តាអ្នកសារព័ត៌មាន កុំយកវិជ្ជាជីវៈកេងប្រវ័ញ្ចពីសារព័ត៌មាន ឬវិជ្ជាជីវៈដូចគ្នា តែត្រូវធ្វើយ៉ាងដើរទៅមុខជាមួយគ្នា ដោយឈរលើផលប្រយោជន៍របស់សង្គមជាតិជាធំ។
អ្នកឧកញ៉ា លឹម ហេង ក៏សូមអំពាវនាវដែលថា ដោយសារតែការរីចម្រើនផ្នែកបញ្ញាសិប្បនិម្មិត (AI) នៅក្នុងពិភពលោក លោកសូមអញ្ជើញអ្នកសារព័ត៌មាន ងាកមកចាប់អារម្មណ៍លើព័ត៌មានសេដ្ឋកិច្ច ឱ្យបានច្រើន ព្រោះបើសេដ្ឋកិច្ចរីកចម្រើន ទាំងអ្នកសារព័ត៌មាន ទាំងអ្នកជំនាញ និងការអភិវឌ្ឍជាតិ រីកចម្រើនជាមួយគ្នា។
អ្នកឧកញ៉ា លឹម ហេង បានស្នើយ៉ាងដូច្នេះថា៖ «ដូច្នេះ កុំទៅរកព័ត៌មានអាស្រូវច្រើនពេក ព័ត៌មានអាក្រក់ កុំផ្សាយច្រើនពេក វាប៉ះពាល់ដល់អារម្មណ៍សង្គម ប៉ះពាល់ដល់អារម្មណ៍ក្មេងៗ សូមចូលរួមផ្សព្វផ្សាយព័ត៌មានជាឆ្នាំងបាយរួម សេដ្ឋកិច្ចជាតិរបស់យើងឱ្យរីកចម្រើន […] ការផ្សព្វផ្សាយអ្វីដែលអាក្រក់ និងការញុះញង់វានឹងធ្វើឱ្យមានការបែកបាក់»។
ឆ្លងកាត់បញ្ហាជាច្រើននៅក្នុងសង្គម, អ្នកឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា សូមកុំផ្សាយព័ត៌មានឱ្យមានការបែងចែកវណ្ណៈនៅក្នុងសង្គមឱ្យសោះ ដែលអាចនឹងធ្វើឱ្យសង្គមជាតិបែងចែករវាងអ្នកមាន និងអ្នកក្រ។ ខណៈបច្ចុប្បន្ននេះ លោកបានមើលឃើញថា មានអ្នកសារព័ត៌មានមួយចំនួនផ្សព្វផ្សាយដោយប្រើប្រាស់ពាក្យពេជន៍ថា «អ្នកមានលុយ និងមានអំណាច» ចំណុចនេះជាផ្នែកមួយធ្វើឱ្យមានការញុះញង់ក្នុងសង្គមមួយដោយមិនដឹងខ្លួន ដែលធ្វើឱ្យគម្លាតរវាងអ្នកមាន និងអ្នកក្រ។
លោកឧកញ៉ា លឹម ហេង ក៏បានទទូចដល់អ្នកសារព័ត៌មានប្រើប្រាស់បច្ចេកវិទ្យាទំនើបផ្សព្វផ្សាយព័ត៌មានបែបវិជ្ជមាន ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគិន ឱ្យមកបណ្តាក់ទុនរកស៉ីនៅកម្ពុជា។
បន្ថែមពីនេះលោកឧកញ៉ា លឹម ហេង ក៏បានគាំទ្រការរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទំនើប ដែលបានរុញច្រានព័ត៌មានយ៉ាងលឿនដល់ដៃប្រជាពលរដ្ឋ ក៏ប៉ុន្តែ សូមមេត្តាចៀសវាងផ្សព្វផ្សាយព័ត៌មានបែបហិង្សា អុជអាល និងញុះញង់ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកវិនិយោគបរទេសជាដើម៕















