Fresh Exclusive: បើថៃចង់បានទ្វេភាគី ហេតុអ្វីលុប MoU ទ្វេភាគី? តើការសម្រេចនេះ កំពុងនាំបញ្ហាដែនទឹកកម្ពុជា–ថៃ ទៅអន្តរជាតូបនីយកម្មមែនដែរឬទេ?
02-05-2026 18:11
(ភ្នំពេញ)៖ ប្រទេសថៃ បានអះអាងថា គេចង់ដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា តាម រយៈ យន្តការទ្វេភាគី។ ប៉ុន្តែផ្ទុយទៅវិញ ថៃបែរជាចង់លុប MoU 2001 ដែលជាគន្លឹះសំខាន់ បំផុតនៃយន្តការទ្វេភាគីរវាងកម្ពុជានិងថៃនោះ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ ...
នៅពេលដែលប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកសំណួរដ៏សំខាន់មួយថា តើការខិតខំរបស់ថៃក្នុងការលុបអនុស្សារណៈ MoU 2001 គឺជាបំណង «ចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្ទត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ?
សំណួរនេះ មិនត្រឹមតែជាការសង្ស័យនយោបាយទេ ប៉ុន្តែជាការបើកចំហដល់ការវិភាគយុទ្ធសាស្ត្រដ៏ជ្រៅលើទិសដៅនៃទំនាក់ទំនងកម្ពុជា–ថៃ។
ការអភិវឌ្ឍថ្មីៗ ជាពិសេសការសម្រេចរបស់ភាគីថៃ ក្នុងការដកខ្លួនចេញពីអនុស្សារណៈនេះ បានបង្ហាញពីភាពផ្ទុយមួយយ៉ាងច្បាស់៖ ខណៈដែលថៃអះអាងថា ចង់រកដំណោះស្រាយតាមទ្វេភាគី ការលុបក្របខ័ណ្ឌទ្វេភាគីសំខាន់បំផុតមួយវិញ បង្ហាញពីការប្រែប្រួលយុទ្ធសាស្ត្រដែលគេមិនអាចមើលរំលងបានឡើយ។
*ភាពផ្ទុយនៃយុទ្ធសាស្ត្រ
អនុស្សារណៈ MoU 2001 ឬ MoU 44 មិនមែនជាសន្ធិសញ្ញាបែងចែកធនធាន ឬកំណត់ព្រំដែនសមុទ្រចុងក្រោយនោះទេ ប៉ុន្តែជា ក្របខ័ណ្ឌទ្វេភាគី សម្រាប់ការចរចា ការគ្រប់គ្រងភាពមិនច្បាស់ និងការស្វែងរករូបមន្តសហប្រតិបត្តិការរួម ក្នុងតំបន់ដែនសមុទ្រ ដែលកម្ពុជានិងថៃមានតំបន់ត្រួតស៊ីគ្នា។
MoU ឆ្នាំ២០០១ ដែលបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០១ បានបង្កើតយន្តការបច្ចេកទេសរួមសម្រាប់ការពិភាក្សា និងសិក្សាពីលទ្ធភាពអភិវឌ្ឍន៍ធនធានក្នុងតំបន់ដែនសមុទ្រត្រួតស៊ីគ្នានោះ។ ទោះបីយន្តការនេះ មិនមែនជាការកំណត់ព្រំដែនសមុទ្រដោយផ្ទាល់ក៏ដោយ វាជាវិធីសាស្ត្របណ្តោះអាសន្នដ៏សំខាន់មួយ ដែលអាចឲ្យប្រទេសទាំងពីររក្សាការចរចា គ្រប់គ្រងភាពតានតឹង និងស្វែងរកផលប្រយោជន៍រួម ខណៈព្រំដែនសមុទ្រនៅមិនទាន់ត្រូវបានកំណត់ជាចុងក្រោយ។
ក្នុងន័យនេះ MoU 2001 មានតម្លៃលើសពីឯកសារបច្ចេកទេស។ វាជាសញ្ញានៃសុឆន្ទៈនយោបាយ និងជាគ្រឹះនៃការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈការចរចាទ្វេភាគី។ ដូច្នេះ ការលុប MoU នេះដោយឯកតោភាគី មិនមែនជាការលុបឯកសារមួយសន្លឹកប៉ុណ្ណោះទេ ប៉ុន្តែជាការបំបែកយន្តការចរចា កាត់បន្ថយក្របខ័ណ្ឌទ្វេភាគី និងបង្កភាពមិនច្បាស់លាស់ សាជាថ្មីលើតំបន់ដែនទឹកដែលមានភាពរសើបខ្ពស់។ នេះហើយជាចំណុចផ្ទុយធំបំផុត ប្រសិនបើភាគីថៃអះអាងថា ចង់បានដំណោះស្រាយតាមទ្វេភាគី ហេតុអ្វីត្រូវលុបក្របខ័ណ្ឌទ្វេភាគីដែលមានស្រាប់? សំណួរនេះ នាំទៅកាន់បញ្ហាយុទ្ធសាស្ត្រដ៏សំខាន់មួយថា តើការលុប MoU 2001 នឹងបើកផ្លូវទៅរកដំណោះស្រាយថ្មី ឬ វានឹងធ្វើឲ្យជម្លោះដែនសមុទ្ររវាងកម្ពុជា និងថៃកាន់តែស្មុគស្មាញ និងអាចរុញបញ្ហានេះឲ្យឆ្ពោះទៅរកវេទិកាអន្តរជាតិ?
*សំឡេងពីខាងក្នុងប្រទេសថៃ
ការវិភាគរបស់បណ្ឌិតថៃម្នាក់ឈ្មោះ Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងសន្តិសុខថៃ ក្រោមចំណងជើង «សូមឱ្យយើងសប្បាយចិត្ត លុបចោល MoU 44!» ដែលចុះផ្សាយលើសារព័ត៌មាន «Matichon Weekly» នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញមុំមើលមួយពីខាងក្នុងប្រទេសថៃ ដែលមានន័យយ៉ាងសំខាន់សម្រាប់ការវិភាគជម្លោះនេះ។ មតិរបស់បណ្ឌិតនោះ បង្ហាញថា ការលុប MoU មិនមែនជាដំណោះស្រាយទេ ប៉ុន្តែអាចក្លាយជាកត្តាបង្កបញ្ហាថ្មី និងបង្កភាពមិនច្បាស់លាស់ជាបន្ថែម។
បណ្ឌិតរូបនេះបានរំលឹកថា ការប៉ុនប៉ងលុបអនុស្សារណៈនេះមិនមែនជារឿងថ្មីទេ។ កាលពីអតីតកាល ការប៉ុនប៉ងនេះ ក៏មិនអាចអនុវត្តបាន ព្រោះជាប់ពាក់ព័ន្ធនឹងកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ។ នេះបង្ហាញថា ការសម្រេចលុប MoU មិនមែនជាបញ្ហាបច្ចេកទេសសាមញ្ញទេ ប៉ុន្តែជាបញ្ហាច្បាប់ និងនយោបាយដែលត្រូវបានពិចារណាយ៉ាងតឹងរ៉ឹង។ លើសពីនេះ លោកបានសង្កត់ថា ការលុប MoU អាចត្រូវបានបកស្រាយថា ជាជំហានមួយដើម្បីគ្រាន់បំពេញតម្រូវការនយោបាយក្នុងស្រុក ជាពិសេសពីក្រុមដែលមានទស្សនៈជាតិនិយមខ្លាំង។ ប៉ុន្តែការផ្គាប់ចិត្តនយោបាយបែបនេះ មិនប្រាកដថានឹងនាំមកនូវលទ្ធផលវិជ្ជមានសម្រាប់សង្គមថៃទេ ហើយអាចបង្កផលប៉ះពាល់លើផលប្រយោជន៍យូរអង្វែងវិញផងដែរ។
ក្នុងទិសច្បាប់ អ្នកជំនាញបានបញ្ជាក់ថា ការលុបអនុស្សារណៈបែបនេះ ត្រូវអនុវត្តតាមបទប្បញ្ញត្តិ ក្រោមអនុសញ្ញាទីក្រុងវីយែន ស្តីពីច្បាប់សន្ធិសញ្ញា Vienna Convention on the Law of Treaties ឆ្នាំ១៩៦៩ ដែលកំណត់នីតិវិធីច្បាស់លាស់សម្រាប់ការបញ្ចប់កិច្ចព្រមព្រៀងអន្តរជាតិ។ ដូច្នេះ ការប្រកាសលុបដោយឯកតោភាគី ដោយគ្មានមូលហេតុច្បាប់ត្រឹមត្រូវ និងគ្មាននីតិវិធីគ្រប់គ្រាន់ អាចនាំឲ្យមានការបកស្រាយថាជាការរំលោភកាតព្វកិច្ចអន្តរជាតិ។
បណ្ឌិត Surachart Bamrungsuk បានសរសេរយ៉ាងច្បាស់ថា ការលុប MoU មិនអាចធ្វើបានត្រឹមតែការប្រកាសនយោបាយនោះទេ ប៉ុន្តែត្រូវអនុវត្តតាមនីតិវិធីច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹង។ មតិនេះបង្ហាញថា មានការយល់ឃើញខុសគ្នានៅក្នុងប្រព័ន្ធនយោបាយថៃផ្ទាល់ពីរបៀបដោះស្រាយបញ្ហានេះ។ បន្ថែមពីនេះបណ្ឌិតរូបនោះ ក៏បានលើកឡើងពីការផ្លាស់ប្តូរជំហររបស់មន្ត្រីជាន់ខ្ពស់ខ្លះៗក្នុងថៃ ដូចជា លោក Sihasak Phuangketkeow ដែលមុននេះធ្លាប់គាំទ្រការរក្សាទុក MoU ប៉ុន្តែបច្ចុប្បន្នបែរជាគាំទ្រការលុបនោះទៅវិញ។ ការផ្លាស់ប្តូរនេះ បង្កសំណួរថាតើជំហរនយោបាយកំពុងត្រូវបានជំរុញដោយមូលហេតុអ្វី? ច្បាប់ ឬសម្ពាធនយោបាយក្នុងស្រុក?
នៅចុងក្រោយបណ្ឌិតរូបនេះបានព្រមានថា ការលុប MoU 44 អាចប៉ះពាល់ដល់ «ផលប្រយោជន៍ជាតិ» របស់ថៃខ្លួនឯង ព្រោះវាមានន័យដូចជាការបោះបង់ក្របខ័ណ្ឌច្បាប់ និងយន្តការដែលអាចធានាការចូលរួម និងការការពារផលប្រយោជន៍ក្នុងតំបន់ដែនសមុទ្រដែលមានសារៈសំខាន់។ ប្រការនេះបង្ហាញយ៉ាងច្បាស់ថា សម្លេងវិភាគពីខាងក្នុងប្រទេសថៃ មិនមែនជាការគាំទ្រការលុប MoU ទេ ប៉ុន្តែជាការព្រមានថា ជំហាននេះអាចនាំឲ្យបាត់បង់យន្តការចរចា និងបង្កហានិភ័យយុទ្ធសាស្ត្រដែលធ្ងន់ធ្ងរជាងមុន។
* ជំហរផ្លូវការរបស់កម្ពុជា
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីការបរទេស បានបញ្ជាក់យ៉ាងច្បាស់ពីជំហររឹងមាំរបស់កម្ពុជា ក្នុងការបន្តគោរព និងអនុវត្តអនុស្សារណៈ MoU 2001 ទាំងខ្លឹមសារ និងស្មារតី។ លោកបានបញ្ជាក់ថា ការដកខ្លួនរបស់ភាគីថៃចេញពីអនុស្សារណៈនេះ មានន័យស្មើនឹង ការបោះបង់យន្តការទ្វេភាគីសម្រាប់ដោះស្រាយវិវាទ ដែលប្រទេសទាំងពីរបានប្រើប្រាស់អស់រយៈពេល២៥ឆ្នាំកន្លងមកនេះ។ ក្នុងន័យនេះ MoU 2001 មិនត្រឹមតែជាឯកសារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះនយោបាយដ៏សំខាន់មួយ ដែលបង្ហាញពីសុឆន្ទៈ និងការយល់ព្រមរួមក្នុងការស្វែងរកផលប្រយោជន៍តាមផ្លូវសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
លោកបានបង្ហាញការសោកស្តាយយ៉ាងច្បាស់ថា អនុស្សារណៈនេះមានអត្ថន័យធំធេងសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រោះវាជាគន្លឹះសម្រាប់ការសហប្រតិបត្តិការរួម និងការគ្រប់គ្រងតំបន់ត្រួតស៊ីគ្នា ដោយជៀសវាងភាពតានតឹងនិងជម្លោះ។ ការបាត់បង់ក្របខ័ណ្ឌនេះ មិនត្រឹមតែប៉ះពាល់ដល់វិធានការបច្ចេកទេសនោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់កម្រិតទំនុកចិត្តនយោបាយរវាងភាគីទាំងពីរផងដែរ។
ជាមួយគ្នានេះ លោក ប្រាក់ សុខុន ក៏បានបញ្ជាក់យ៉ាងតឹងរឹងថា កម្ពុជានឹងបន្តរក្សាជំហររបស់ខ្លួនក្នុងការពារសិទ្ធិ អធិបតេយ្យភាព និងបូរណភាពដែនសមុទ្រ តាមរយៈវិធីសាស្ត្រសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ លោកបានសង្កត់ថា ទោះបីជាបាត់បង់ក្របខ័ណ្ឌទ្វេភាគីក៏ដោយ កម្ពុជានឹងបន្តស្វែងរក «ច្រកដោះស្រាយ» ដែលស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ ដើម្បីធានាថាជម្លោះត្រូវបានដោះស្រាយដោយវិធីសន្តិវិធី មិនមែនតាមរយៈការប្រើកម្លាំងឡើយ។
*ហានិភ័យនៃអន្តរជាតូបនីយកម្ម
សម្រាប់កម្ពុជា អនុស្សារណៈ MoU 2001 គឺជាក្របខ័ណ្ឌផ្លូវច្បាប់ដ៏សំខាន់សម្រាប់គ្រប់គ្រងតំបន់ត្រួតស៊ីគ្នា និងរក្សាឆន្ទៈចរចាទ្វេភាគី។ វាមិនមែនជាអាវុធតែមួយខាងទេ ប៉ុន្តែជាយន្តការដែលភ្ជាប់ភាគីទាំងពីរឱ្យដោះស្រាយវិវាទតាមផ្លូវសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ ក្នុងន័យនេះ វាដើរតួនាទីជាគ្រឹះនៃទំនាក់ទំនងរវាងគ្នាដោយផ្អែកលើផ្លូវច្បាប់ ដែលអាចកាត់បន្ថយភាពតានតឹង និងបង្កើតទំនុកចិត្តរវាងភាគី។
ទោះយ៉ាងណា ការយល់ឃើញក្នុងរង្វង់អ្នកនយោបាយមួយចំនួននៅថៃ បានមើល MoU នេះថា ជាការកំណត់កម្រិតនៃជម្រើសយុទ្ធសាស្ត្រ។ ទស្សនៈបែបនេះ បង្កើតការបកស្រាយថា ការលុប MoU អាចជាជំហានមួយដើម្បីបើកចំហសម្រាប់ការចរចាថ្មី ឬបង្កើនអានុភាពលើតុចរចា។ ទោះជាយ៉ាងណាក្តី នៅក្រោមទស្សនៈច្បាប់អន្តរជាតិ ការបំបែកក្របខ័ណ្ឌដែលមានស្រាប់ មិនមានន័យថាបង្កើនអំណាចទេ ប៉ុន្តែជាការបង្កើតភាពមិនច្បាស់ និងបន្ថែមហានិភ័យលើការគ្រប់គ្រងជម្លោះ។
អ្នកវិភាគជាច្រើនបានបញ្ជាក់ថា ការលុប MoU 2001 នឹងបណ្តាលឲ្យបាត់បង់យន្តការចរចាទ្វេភាគី ដែលធ្លាប់ជាគន្លឹះសម្រាប់ការគ្រប់គ្រងវិវាទក្នុងរយៈពេលយូរ។ នៅពេលដែលយន្តការនេះត្រូវបានបំបែក ភាគីទាំងពីរនឹងប្រឈមមុខនឹងស្ថានភាពដែលគ្មានវេទិកាចរចាដោយផ្ទាល់ឡើយ។ ក្នុងបរិបទបែបនេះ ជម្លោះអាចត្រូវបានរុញឲ្យផ្លាស់ទីទៅកាន់យន្តការអន្តរជាតិ ដូចជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS ឬវេទិកាដោះស្រាយវិវាទផ្សេងៗ ដែលមានលក្ខណៈអន្តរជាតិ។ ដូច្នេះ បញ្ហាសំខាន់មិនមែនស្ថិតនៅលើថា តើមានចេតនាអន្តរជាតូបនីយកម្មឬមិនមានទេ ប៉ុន្តែស្ថិតនៅលើលទ្ធផលនៃសកម្មភាពយុទ្ធសាស្ត្រ។ ពេលដែលក្របខ័ណ្ឌទ្វេភាគី ត្រូវបានលុបបំបាត់ នោះការគ្រប់គ្រងជម្លោះតាមផ្លូវក្នុងតំបន់នឹងខ្សោយ ហើយបញ្ហានឹងមានទិសដៅឆ្ពោះទៅរកវេទិកាអន្តរជាតិដោយស្វ័យប្រវត្តិ។ ក្នុងន័យនេះ អន្តរជាតូបនីយកម្ម មិនចាំបាច់ជាចេតនាដោយផ្ទាល់ទេ ប៉ុន្តែអាចកើតឡើងជាលទ្ធផលនៃការបំបែកក្របខ័ណ្ឌទ្វេភាគីដែលមានស្រាប់។
* សំណួរដ៏មានអត្ថន័យជ្រាលជ្រៅ
សំណួរដែលប្រមុខរដ្ឋស្តីទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា «តើការខិតខំរបស់ថៃក្នុងការលុបអនុស្សារណៈ គឺជាបំណងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ»?
សំណួរនេះ មិនមែនជាសំណួរធម្មតានយោបាយទេ ប៉ុន្តែជាសំណួរយុទ្ធសាស្ត្រដែលមានអត្ថន័យថា តើការលុបក្របខ័ណ្ឌទ្វេភាគី គឺជាជំហានមួយក្នុងការបំបែកការគ្រប់គ្រងវិវាទក្នុងតំបន់ ដើម្បីបើកផ្លូវទៅកាន់វេទិកាអន្តរជាតិឬយ៉ាងណា?
ក្នុងបរិបទច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដែនសមុទ្រមានពីរទិសដៅសំខាន់គឺ ទ្វេភាគី ដែលផ្អែកលើការចរចាដោយផ្ទាល់ និងក្របខណ្ឌអន្តរជាតិ ដែលផ្អែកលើយន្តការដូចជា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS ជាដើម។ MoU 2001 មានតួនាទីជាខ្សែភ្ជាប់សំខាន់ក្នុងការរក្សាបញ្ហានេះ ឱ្យស្ថិតនៅក្នុងក្របខ័ណ្ឌទ្វេភាគី។ ដូច្នេះការលុប MoU បានបង្កើតសំណួរថាតើភាគីដែលលុប កំពុងបំបែកគន្លឹះនេះដោយចេតនា ឬក៏កំពុងបង្កើតលទ្ធផលមួយ ដែលមិនអាចគ្រប់គ្រងបានដោយខ្លួនឯង?
ក្នុងន័យថា បើលុប MoU វានឹងបាត់យន្តការចរចាទ្វេភាគី, បើបាត់យន្តការទ្វេភាគី វាបង្កើននូវភាពមិនច្បាស់លាស់មួយ និងភាពតានតឹង ហើយបើមានភាពមិនច្បាស់លាស់ហើយ និងបង្ខំឱ្យស្វែងរកដំណោះស្រាយក្រៅប្រព័ន្ធទ្វេភាគីវិញ មានន័យថាលទ្ធផលចុងក្រោយ បញ្ហាត្រូវបានរុញទៅកាន់វេទិកាអន្តរជាតិ។ ដូច្នេះ អត្ថន័យជ្រៅនៃសំណួររបស់សម្តេចតេជោនេះគឺ តើការបំផ្លាញទ្វេភាគី គឺជាយុទ្ធសាស្ត្រដើម្បីរកអត្ថប្រយោជន៍ថ្មី ឬ កំពុងបង្កើតហានិភ័យដែលអាចនាំឲ្យបាត់បង់ការគ្រប់គ្រងលើលទ្ធផលនៃជម្លោះ? តើថៃកំពុងបំផ្លាញទ្វេភាគី ដើម្បីបើកទ្វារទៅអន្តរជាតិមែនទេ?
* សេចក្តីសន្និដ្ឋាន
ការលុបអនុស្សារណៈ MoU 2001 ដោយឯកតោភាគី មិនមែនជាការបញ្ចប់ជម្លោះទេ ប៉ុន្តែជាការបើកដំណាក់កាលថ្មី ដែលមានភាពមិនច្បាស់លាស់ខ្ពស់ជាងមុន។ វាបំបែកក្របខ័ណ្ឌទ្វេភាគីដែលធ្លាប់ជាគន្លឹះសម្រាប់ការចរចា និងការគ្រប់គ្រងវិវាទ ហើយជំនួសវិញដោយស្ថានភាពដែលគ្មានយន្តការបញ្ជូនជម្លោះដោយផ្ទាល់ឡើយ។ ជំហររបស់កម្ពុជា តាមរយៈការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីប្រាក់សុខុន បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តក្នុងការគោរពច្បាប់អន្តរជាតិ និងការស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ផ្ទុយទៅវិញ ការសម្រេចរបស់ភាគីថៃ បានបង្កសំណួរថា តើការបំផ្លាញក្របខ័ណ្ឌទ្វេភាគីនេះ គឺជាជំហានដើម្បីបង្កើនអនុភាពលើតុចរចា ឬ កំពុងបង្កើតហានិភ័យយុទ្ធសាស្ត្រដែលលំបាកគ្រប់គ្រង?
ម្យ៉ាងទៀត សំណួរដែលសម្តេចតេជោសែន បានលើកឡើងមកនេះមិនមែនសួរតែអំពីចេតនានយោបាយទេ ប៉ុន្តែសួរអំពីទិសដៅនៃជម្លោះទាំងមូល។ ពីព្រោះនៅពេលដែលក្របខ័ណ្ឌទ្វេភាគីត្រូវបានបំបែកហើយបញ្ហានឹងមាននិន្នាការ ប្រែពីការចរចាដោយផ្ទាល់ទៅកាន់យន្តការអន្តរជាតិ ដូចជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS ជាដើម។ នៅចុងក្រោយនេះ បញ្ហាសំខាន់មិនមែនស្ថិតនៅលើថាតើនរណាត្រឹមត្រូវ ឬខុសនោះទេ ប៉ុន្តែស្ថិតនៅលើថាតើវិធីសាស្ត្រណា ដែលអាចធានាបាននូវសន្តិភាព និងស្ថេរភាពយូរអង្វែង។ ការបំផ្លាញក្របខ័ណ្ឌចរចា មិនមែនជាផ្លូវឆ្ពោះទៅរកដំណោះស្រាយទេ ប៉ុន្តែអាចជាកត្តាដែលធ្វើឲ្យជម្លោះកាន់តែស្មុគស្មាញ និងពិបាកគ្រប់គ្រង។
ដូច្នេះសំណួរចុងក្រោយដែលត្រូវសួរក្នុងបញ្ហានេះគឺ «តើការបោះបង់ទ្វេភាគី នឹងនាំទៅរកសន្តិភាពទេ ឬវានឹងបើកទ្វារទៅកាន់ភាពមិនច្បាស់លាស់ និងហានិភ័យកាន់តែធំជាងមុន?»៕









