ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃក្រុមប្រឹក្សាទំនុកចិត្តប្រជាជន (MARA) ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីម៉ាឡេស៊ី
04-05-2026 12:03
(គូឡាឡាំពួរ)៖ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការ នៃពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃក្រុមប្រឹក្សាទំនុកចិត្តប្រជាជន ដែលត្រូវបានគេស្គាល់ជាទូទៅថា MARA (Majlis Amanah Rakyat) នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (WTC) ក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងមានការអញ្ជើញចូលរួមពីសំណាក់លោក Dato’ Seri Zahid Hamidi ឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ រួមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អង្គទូត និងភ្ញៀវកិត្តិយសអន្តរជាតិជាច្រើនរូប។
នៅក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែល MARA សម្រេចបានក្នុងរយៈពេល៦ទសវត្សរ៍កន្លងមកនេះ ក្នុងការលើកកម្ពស់កម្រិតជីវភាព និងសមត្ថភាពរបស់ប្រជាជនម៉ាឡេស៊ី។
ក្រុមប្រឹក្សាទំនុកចិត្តប្រជាជន ឬ Majlis Amanah Rakyat (MARA) គឺជាទីភ្នាក់ងារស្វ័យតដ៏មានឥទ្ធិពលមួយ ស្ថិតក្រោមយុត្តាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់របស់ម៉ាឡេស៊ី។ ក្នុងរយៈពេល៦០ឆ្នាំ នៃដំណើរការ MARA បានដើរតួនាទីជាសសរស្តម្ភសេដ្ឋកិច្ចតាមរយៈយន្តការសំខាន់ៗចំនួន ៣ រួមមានការអប់រំ និងធនធានមនុស្សដោយបានបង្កើតបណ្តាញសាលារៀន វិទ្យាល័យបច្ចេកទេស និងសាកលវិទ្យាល័យល្បីៗ (ដូចជា UniKL) ព្រមទាំងផ្តល់អាហារូបករណ៍ដល់និស្សិតរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដើម្បីសិក្សានៅក្នុង និងក្រៅប្រទេស។
ទន្ទឹមនេះ ការអភិវឌ្ឍសហគ្រិនភាព ដែលផ្តល់ការគាំទ្រដល់សហគ្រិនខ្នាតតូច និងមធ្យម (SMEs) តាមរយៈការផ្តល់ទុនកម្ចីដែលមានការប្រាក់ទាប ការផ្តល់ទីតាំងអាជីវកម្ម និងការបណ្តុះបណ្តាលជំនាញគ្រប់គ្រង។ លើសពីនេះ MARA បានផ្តោតលើការវិនិយោគ និងកសាងហេដ្ឋារចនាសម្ព័ន្ធ។ គិតមកទល់ឆ្នាំ២០២៦នេះ MARA ត្រូវបានគេទទួលស្គាល់ថា ជាគំរូជោគជ័យមួយនៃស្ថាប័នរដ្ឋ ដែលបានជួយកែប្រែវាសនារបស់ប្រជាជនរាប់លាននាក់ ឱ្យមានចំណេះដឹងខ្ពង់ខ្ពស់ និងក្លាយជាម្ចាស់អាជីវកម្ម ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងសេដ្ឋកិច្ចជាតិម៉ាឡេស៊ី៕




