ទេសរដ្ឋមន្រ្តី អៀង មូលី បើកសិក្ខាសាលាស្តីពីការផ្តល់សុពលភាពផែនទីបង្ហាញផ្លូវ ចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍
04-05-2026 12:57
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញធ្វើជាអធិបតីក្នុងសិក្ខាសាលាផ្តល់សុពលភាពលើ ផែនទីបង្ហាញផ្លូវចីរភាពនៃកម្មវិធីអេដស៍ (២០២៦-២០២៩) នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ សាន់វ៉េ ។ សិក្ខាសាលានេះមានការចូលរួមពីសំណាក់ លោក លោកស្រី នាងកញ្ញា ជារដ្ឋលេខាធិការ និងជាប្រធាន តំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល នាយិកាអង្គការយូអិនអេដស៍ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី, DFAT, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អង្គការសង្គមស៊ីវិលធ្វើការងារអេដស៍ HACC, CPN+, KHANA, RHAC, FHI360, បណ្តាញចតុមុខ, MHC, MHSS, AUA, និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
មានប្រសាសន៍បើកសិក្ខាសាលា លោកទេសរដ្ឋមន្រ្តីបានថ្លែងថា ដំណើរឆ្ពោះទៅរកចីរភាពរបស់យើងបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ហើយថ្ងៃនេះ យើងបានមកដល់ចំណុចរបត់ដ៏សំខាន់មួយ ក្នុងការធានានូវការឆ្លើយតបដែលបានធ្វើឱ្យកម្ពុជាក្លាយជា អ្នកដឹកនាំសកលក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ ក្នុងនោះ សមិទ្ធផលរួមគ្នារបស់យើង គឺជាសក្ខីភាពនៃការព្យាយាមដែលសម្រេចបានរួមមាន៖
- ការកាត់បន្ថយការឆ្លងថ្មីរហូតដល់៤៥%។
- អត្រាបង្ក្រាបមេរោគ (Viral suppression) ដែលបច្ចុប្បន្ននេះមានលើសពី៩៨%។
- កម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅសម្រេចបានគោលដៅ ៩៥-៩៥-៩៥ មុនកាលកំណត់។
លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីជម្នះបញ្ហាប្រឈមបច្ចុប្បន្ន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ និងក្រសួងសុខាភិបាលត្រូវតែផ្លាស់ប្តូរតួនាទី ពីគ្រាន់តែជាអ្នកគ្រប់គ្រងជំនួយ ទៅជាអ្នកកសាងប្រព័ន្ធសុខាភិបាលជាតិដ៏រឹងមាំ។ យើងកំពុងផ្លាស់ប្តូរពីការធ្វើការបែបដាច់ដោយឡែកពីគ្នា ទៅជាស្ថាបត្យកម្មសុខាភិបាលជាតិរួមតែមួយ។ ការណ៍នេះតម្រូវឱ្យមានការដឹកនាំ ជាយុទ្ធសាស្ត្រដែលយន្តការសម្របសម្រួលកម្រិតជាតិ (CCM) ធានាថាគ្រប់សកម្មភាពទាំងអស់ បម្រើឱ្យចក្ខុវិស័យអធិបតេយ្យភាពរបស់កម្ពុជា។
មុននឹងប្រកាសបើកសិក្ខាសាលា លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា ជោគជ័យរបស់យើងនឹងមិនត្រូវបានវាស់វែង ដោយចំនួនទឹកប្រាក់ជំនួយនោះទេ។ ប៉ុន្តែ ត្រូវធ្វើការវាស់វែងដោយប្រសិទ្ធភាព ដែលយើងបញ្ជ្រាបសេវាសង្គ្រោះជីវិតទាំងនេះ ទៅក្នុងប្រព័ន្ធជាតិរបស់យើង។ យើងត្រូវមាន ទិន្នន័យច្បាស់លាស់ ផែនទីបង្ហាញផ្លូវរួចរាល់ និងមុខងារដែលត្រូវបំពេញនៅក្នុងដៃរួចហើយ។
បន្ថែមលើនេះ លោកទេសរដ្ឋមន្រ្តីបានស្នើថា «ដំណាក់កាលធានាចីរភាព» ត្រូវបានកំណត់ដោយភាពជាម្ចាស់ទាំងស្រុងរបស់កម្ពុជា និងការប្តេជ្ញាចិត្តមិនងាករេឆ្ពោះទៅកាន់ជំនាន់ដែលគ្មានអេដស៍។ ចូរយើងយកមេរៀនដែលទទួលបាន ពីការឆ្លើយតបនឹងជំងឺអេដស៍ មកពង្រឹងប្រព័ន្ធសុខាភិបាលទាំងមូលរបស់យើង និងពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចបាន នូវការគ្របដណ្តប់សុខភាពជាសកលសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប៕














