ប្រជាពលរដ្ឋរស់តាមដងទន្លេមេគង្គ លើបណ្តោយផ្លូវពីខេត្តក្រចេះ ទៅស្រុកសំបូរ បារម្ភរឿងផ្លូវឆាប់ខូច ព្រោះរថយន្តធំៗដឹកទំនិញឆ្លងកាត់
04-05-2026 15:42
(ក្រចេះ)៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងទន្លេមេគង្គពីខេត្តក្រចេះ ទៅកាន់ទីរួមស្រុកសំបូរ បានទន្ទឹងច្រើនទសវត្សរ៍ទម្រាំបានផ្លូវខ្សែធ្វើល្អស្អាតងាយស្រួលធ្វើដំណើរ។ នៅពេលនេះ ប្រជាពលរដ្ឋបានបង្ហាញក្តីបារម្ភផ្លូវឆាប់ខូចទៅវិញ បន្ទាប់ពីរថយន្តធំៗជាច្រើន ប្តូរមកធ្វើដំណើរលើផ្លូវនេះ ជំនួសផ្លូវជាតិលេខ៧។
ផ្លូវខេត្តលេខ៣៧៧ ប្រវែង ៣៥.៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាបស (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ឃុំសណ្តាន់ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ ទើបនឹងសាងសង់រួចរាល់ជាស្ថាពរកាលពីឆ្នាំ២០២៥កន្លងទៅនេះ។
ផ្លូវនេះកន្លងទៅច្រើនទសវត្សរ៍ហើយ មានសភាពតូចចង្អៀត ហើយខូចខាតច្រើនបង្កការលំបាកសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ។ ផ្លូវនេះ មិនត្រឹមតែបម្រើដល់ការធ្វើដំណើរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គប៉ុណ្ណោះទេ តែក៏ជាផ្លូវសម្រាប់អ្នកទេសចរធ្វើដំណើរទៅកាន់អន្លង់ផ្សោតកាំពីរ ទៅកាន់វត្តវិហារធំសសរ១០០ផងដែរ។
ប្រជាពលរដ្ឋបានសម្តែងក្តីរីករាយណាស់ បន្ទាប់ពីផ្លូវនេះបានធ្វើល្អស្អាតសម្រាប់ការធ្វើដំណើរ។ នៅពេលថ្មីៗនេះ គេបានសង្កេតរថយន្តធំៗ និងដឹកធ្ងន់ជាច្រើនគ្រឿង បានប្តូរពីធ្វើដំណើរតាមផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង) មកធ្វើដំណើរលើផ្លូវតាមមាត់ទន្លេនេះវិញ។
ប្រភពពីប្រជាពលរដ្ឋ បានបង្ហើបឱ្យដឹងថា ការដែលរថយន្តធំៗទាំងនេះ ប្តូរពីផ្លូវជាតិលេខ៧ មកធ្វើដំណើរតាមផ្លូវមាត់ទន្លេ ក៏ព្រោះពួកគេកេចពីស្ថានីយថ្លឹងរថយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលដាក់លើផ្លូវជាតិលេខ៧។
ប្រជាពលរដ្ឋ បានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលើការធ្វើចរាចរណ៍រថយន្តធំៗទាំងនេះ និងស្នើឱ្យដាក់របាពីខាងលើក្នុងកម្រិតកម្ពស់ណាមួយ ដើម្បីទប់ស្កាត់រថយន្តធំៗ និងដឹកធ្ងន់ៗធ្វើចរាចរណ៍លើផ្លូវនេះ ងាយនឹងខូចខាតទៅវិញ៕




