មន្ទីរការងារខេត្តរតនគិរី រៀបចំពិធីអបអរសារទរ ខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦
04-05-2026 16:07
(រតនគិរី)៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី សហការជាមួយក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ ខូអិលធីឌី រៀបចំពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារ សមរម្យ»។
ខួបអនុស្សាវរីយ៍ដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំធ្វើឡើង នៅបរិវេណសាលាស្រុកលំផាត់ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
ក្នុងទិវាប្រចាំឆ្នាំដ៏មានអត្ថន័យជ្រាលជ្រៅរបស់កម្មករនិយោជិតនាឱកាសនេះ លោក ញ៉ែម សំអឿន បានលើឡើងថា ឆ្នាំនេះ ទិវាពលកម្មអន្តរជាតិ ១ ឧសភា បានរៀបចំឡើង ក្រោមប្រធានបទ «រួមគ្នា កសាង ភាពធន់ដើម្បីការងារសមរម្យ» ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារ ប្រកបដោយភាពធន់ និងចីរភាព ការកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិការងារ និងសេរីភាព អង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅ បម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ។
ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលមិនត្រឹមតែមានឆន្ទៈមោះមុតក្នុងការទាក់ទាញវិនិយោគ ដើម្បីជំរុញសន្ទុះអភិវឌ្ឍ សេដ្ឋកិច្ចជាតិ បង្កើតសហគ្រាស ក្រុមហ៊ុន រោងចក្រ និងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋ ប៉ុណ្ណោះទេ ថែមទាំងមានមហិច្ឆតាខ្ពស់ ក្នុងការកសាងប្រព័ន្ធសេដ្ឋកិច្ចមួយ ដែលមានស្ថិរភាពយូរ អង្វែង និងការបង្កើតការងារសមរម្យ ប្រកបដោយបរិយាបន្ន ដើម្បីនាំមកនូវសេចក្តីសុខ ក្សេមក្សាន្ត និងវិបុលភាពជូនប្រជាពលរដ្ឋគ្រប់រូបក្រោមម្លប់ដ៏ត្រជាក់ត្រជុំ នៃសន្តិភាព។
លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តមកបំពេញការងារ នៅតាមបណ្ដារោងចក្រ សហគ្រាស ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងក្លាយជាសសរស្ដម្ភដ៏រឹងមាំក្នុងការស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ ក៏ដូចជាការសិក្សារបស់កូនចៅ។
ជាមួយនឹងការរំលឹកពីប្រវត្តិនៃទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពី ១៤០ឆ្នាំមុន លោក ញ៉ែម សំអឿន បានថ្លែងថា ការប្រារព្ធទិវានេះ ធ្វើឡើងដោយមានប្រធានបទផ្សេងៗគ្នា ជារៀងរាល់ឆ្នាំ។ ប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» សម្រាប់ឆ្នាំ២០២៦នេះ ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ ការអភិវឌ្ឍទីផ្សារការងារឱ្យមានភាពធន់ និងចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឱ្យកាន់តែស៊ីជម្រៅ។
លោកអភិបាលខេត្ត បានលើកយកប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសានេះថា ការងារសមរម្យគឺ ជាការងារដែលប្រកដោយសុខុមាលភាព លក្ខណ្ឌកាន់តែប្រសើរ ផ្តល់ប្រាក់កម្រៃប្រសើរជាងមុន សម្រាប់បងប្អូនកម្មករនិយោជិត។
ទន្ទឹមនឹងនេះ លោក ញ៉ែម សំអឿន បានលើកទឹកចិត្តឱ្យមានការគោរពតាមស្មារតីនៃទិវា ១ ឧសភា ជាបន្តទៀត ដើម្បីពិនិត្យមើលឱ្យមានភាពកាន់តែប្រសើរឡើងនៃល ក្ខខណ្ឌការងារ និងវិធីសាស្រ្តអនុវត្តការងារកាន់តែល្អ ព្រោះថា ថ្ងៃ១ឧសភា មិនត្រឹមតែជាថ្ងៃរំលឹកតែប៉ុណ្ណោះ ប៉ុន្តែការអនុវត្តជាក់ស្តែង គឺនៅតែមានកាតព្វកិច្ចជារៀងរាល់ថ្ងៃ ទាំងនិយោជក មន្រ្តីអធិការកិច្ចការងារ កម្មករនិយោជិត និងសហជីព ដែលត្រូវតែបន្ត អនុវត្តឱ្យស្របតាមលក្ខខណ្ឌការងារ និងវិធីសាស្រ្តផងដែរ ដើម្បីជាផលប្រយោជន៍ទាំងនិយោជក និងកម្មករនិយោជិតក៏ដូចជាកំណើនសេដ្ឋកិច្ចកាន់តែប្រសើរផងដែរ៕























