ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បង្ហាញលទ្ធផល នៃការសាកសួរស្រ្តីឈ្មោះ អាឡែន ក្រោយធ្លាយសំឡេងតាមបណ្តាញសង្គមទាក់ទងនឹងការទិញផ្លែទុរេនពីថៃ !
04-05-2026 16:27
(បាត់ដំបង)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជនបានជ្រាបថា មកដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន បានចូលខ្លួនមកបំភ្លឺនៅចំពោះមុខ សមត្ថកិច្ចនគរបាល ជុំវិញការផ្សព្វផ្សាយក្នុងបណ្តាញសង្គមចំពោះរូបគាត់ថា បាននាំផ្លែទុរេនពីប្រទេសថៃ មកក្នុងប្រទេសកម្ពុជា។
លទ្ធផលនៃការសាកសួរ និងបំភ្លឺ បានឱ្យដឹងថា គាត់ជាម្ចាស់គណនីឈ្មោះ អាឡែន មានឈ្មោះពិត គឺឈ្មោះ ព្រឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
គាត់បន្តថា សារសម្លេងដែលបែកធ្លាយនៅតាមបណ្តាញសង្គមរឿងទិញ លក់ផ្លែទុរេនពីប្រទេសថៃ នាប៉ុន្មានថ្ងៃ កន្លងមកនេះ គឺជាសម្លេងរបស់គាត់ ដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេនពិតមែន។
ពីខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២៦នេះ គាត់បានទំនាក់ទំនងជាមួយជនជាតិថៃ ធ្លាប់ស្គាល់ និងធ្លាប់រកស៊ីជាមួយគ្នា នាពេលកន្លងមកទិញផ្លែទុរេន បានចំនួន០៣លើក មានចំនួនប្រមាណ២,០០០គីឡូក្រាម ដោយសារមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាម ហើយទំនិញទាំង៣លើកនេះ គាត់បានដាក់រថយន្តផ្ញើទៅឱ្យអ្នកបញ្ជាទិញ នៅខេត្តកំពង់ចាមផ្ទាល់ នៅពេលគេដឹកមកដល់។
គាត់បានបន្តថា ឈ្មួញនៅថៃ បានរៀបចំផ្ញើមកតាមព្រំដែនកាប៊ីន តែគាត់មិនបានដឹងថា គេផ្ញើមកតាមរបៀបណានោះទេ លុះរថយន្តដឹកមកដល់គាត់ ក៏ទទួលហើយផ្ញើទៅ ខេត្តកំពង់ចាមតែម្តង។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមបញ្ជាក់ជូនថា ខណៈមានការបំភ្លឺបែបនេះពីឈ្មោះ លឿន សាក់ឡែន ក្តីតែសមត្ថកិច្ចនគរបាលកំពុងបន្តធ្វើការស្រាវជ្រាវជុំវិញ ករណីខាងលើនេះ ជាបន្តទៀតយ៉ាងយកចិត្តទុកដាក់បំផុត ឈានទៅស្វែងរកអ្នកពាក់ព័ន្ធ ក្នុងករណីខាងលើដើម្បីចាត់វិធានការស្របតាមនីតិវិធីច្បាប់៕






