Fresh Exclusive: ប្រតិបត្តិការ «Project Freedom» ជាការទម្លាយភាពទាល់ច្រក ឬការចាប់ផ្តើមនៃគ្រោះមហន្តរាយ? (Video inside)
04-05-2026 17:03
(ភ្នំពេញ)៖ សហរដ្ឋអាមេរិក ដែលចំណាយប្រាក់ដ៏មហាសាលក្នុងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនជាបន្តបន្ទាប់។ បន្ទាប់ពីការគំរាមកម្ទេចអ៊ីរ៉ង់ «Back to The Stone Age» ក្រោយមកបានប្រើយុទ្ធសាស្ត្របិទច្រកចេញចូលកំពង់ផែអ៊ីរ៉ង់ និងយុទ្ធសាស្ត្រថ្មីចុងក្រោយនេះ គឺការប្រកាសធ្វើប្រតិបត្តិការអមកប៉ាល់ជំនួញដើម្បីធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ប្រតិបត្តិការនេះ ត្រូវបានដាក់ឈ្មោះថា Project Freedom ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ…
នៅពេលដែលនាវាពាណិជ្ជកម្មចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រក Hormuz ក្រោមការអមការពារដោយកងទ័ពជើងទឹកអាមេរិក ពិភពលោកនឹងអាចដកដង្ហើមបានបន្តិច។ ប៉ុន្តែក្រោមផ្ទៃនៃភាពស្ងប់ស្ងាត់នោះ សំណួរធំមួយកំពុងលេចឡើងយ៉ាងច្បាស់គឺ តើនេះជាចំណុចបំបែកនៃវិបត្តិ ឬជាចំណុចចាប់ផ្តើមនៃមហន្តរាយថ្មីមួយ?
ប្រតិបត្តិការ «Project Freedom» ឬ «គម្រោងសេរីភាព» របស់លោក Donald Trump ត្រូវបានបង្ហាញជាយុទ្ធសាស្ត្រមនុស្សធម៌ ដើម្បីបើកច្រកសមុទ្រដ៏សំខាន់បំផុតមួយនៃពិភពលោក។ ប៉ុន្តែការវិភាគរបស់អ្នកវិភាគយុទ្ធសាស្ត្រអាមេរិកដូចជាលោក Harlan K. Ullman បានព្រមានថា ប្រសិនបើប្រតិបត្តិការនេះ មិនត្រូវបានរៀបចំយ៉ាងពេញលេញ និងគ្មានការសម្របសម្រួលការទូតជាមុន វាអាចក្លាយជា «គន្លឹះផ្ទុះ» ដែលនឹងនាំទៅការបង្កើនសង្គ្រាមជាបន្តបន្ទាប់។ នេះបង្ហាញថា គម្រោងប្រតិបត្តិការ Project Freedom មិនមែនជាការបើកច្រកធម្មតាឡើយ។ វាជាការប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ស្មុគស្មាញរវាងយោធា និងការគ្រប់គ្រងវិបត្តិដោយការទូត។
* ការគ្រប់គ្រងយោធាដោយគ្មាន «កំណល់ទប់នយោបាយ»
ការអមកប៉ាល់ជំនួញ មើលទៅដូចជាវិធានការធានាសន្តិសុខដ៏សាមញ្ញមួយ ប៉ុន្តែជាក់ស្តែង វាជាការគ្រប់គ្រងយោធាលើចំណុចស្ទះ (chokepoint) ដ៏សំខាន់របស់ពិភពលោក ដូចជាច្រក Hormuz ជាដើម។ បញ្ហាស្នូលគឺថា ប្រសិនបើគ្មាន «កំណល់ទប់នយោបាយ» មានន័យថា ការចរចា ឬការយល់ព្រមជាមុននោះទេ ហើយការប្រើកម្លាំងយោធា នឹងក្លាយជាកម្លាំងដែលស្ថិតក្នុងស្ថានភាពត្រៀមប្រយុទ្ធជានិច្ច។ នេះមានន័យថា ស្ថានភាពសន្តិសុខមិនមែនមានស្ថិរភាពទេ ប៉ុន្តែស្ថិតក្នុងភាពតានតឹងដែលអាចផ្ទុះឡើងគ្រប់ពេលទាំងអស់។
ហានិភ័យធំបំផុតគឺ ការប៉ះទង្គិចតូចមួយមិនថាជាកំហុសបច្ចេកទេស ឬសកម្មភាពរំខានតូចៗនោះឡើយ វាអាចបម្លែងទៅជាវិបត្តិធំបានក្នុងរយៈពេលខ្លី។ ពេលនោះ ការឆ្លើយតបនឹងក្លាយជាចំណុចចាប់ផ្តើមនៃការរីករាលដាលកាន់តែធំ ដែលនឹងពិបាកបញ្ឈប់។ ក្នុងបរិបទនេះ ការប្រើអំណាចយោធាដើម្បីបើកច្រក ដោយគ្មានមូលដ្ឋាននយោបាយគាំទ្រ មិនមែនជាដំណោះស្រាយស្ថិរភាពទេ។ ផ្ទុយទៅវិញ វាអាចក្លាយជា «គន្លឹះផ្ទុះ» នៃការប៉ះទង្គិចធំមួយ ដែលពិភពលោកមិនអាចមើលរំលងបានឡើយ។
* អន្ទាក់យុទ្ធសាស្ត្រអសមមាត្រ
អ្នកវិភាគយុទ្ធសាស្ត្រយោធាបាននិយាយថា ក្នុងការប្រឈមមុខនៅតំបន់ដូចជាច្រក Hormuz ការប្រើអំណាចយោធាធំ មិនតែងតែផ្តល់អត្ថប្រយោជន៍ជានិច្ចឡើយ។ ផ្ទុយទៅវិញ វាអាចធ្លាក់ចូលទៅក្នុងអន្ទាក់យុទ្ធសាស្ត្រអសមមាត្រ (asymmetric trap) ដែលសត្រូវប្រើវិធីសាស្ត្រសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។ អ៊ីរ៉ង់អាចមិនប្រើកម្លាំងធំទេ ប៉ុន្តែអាចប្រើដ្រូនច្រើន, នាវាតូចៗដែលមានល្បឿនលឿន និងបង្កើនសកម្មភាពរំខានជាបន្តបន្ទាប់។ សកម្មភាពរំខានទាំងនេះ មិនចាំបាច់យកឈ្នះឬបំផ្លាញទាំងស្រុងទេ ប៉ុន្តែវាគ្រប់គ្រាន់ដើម្បីបង្កអស្ថិរភាព និងបង្ខំឱ្យអាមេរិក ស្ថិតក្នុងស្ថានភាពការពារជានិច្ច។ ក្នុងបរិបទនេះ អំណាចនៃកម្លាំងធំ ត្រូវប្រយុទ្ធក្នុងលក្ខខណ្ឌដែលខ្លួនមិនអាចគ្រប់គ្រងបានពេញលេញ។ នេះជាចំណុច ដែលអាចបំលែងអត្ថប្រយោជន៍យោធា ទៅជាការខាតបង់យុទ្ធសាស្ត្រដោយមិនដឹងខ្លួន។
* ព្រឹត្តិការណ៍តូចមួយ អាចបង្កសង្គ្រាមផ្ទុះឡើងបាន
ក្នុងបរិបទដែលកម្លាំងយោធារបស់ភាគីទាំងពីរប្រឈមមុខជិតគ្នា ហានិភ័យធំបំផុតមិនមែនស្ថិតនៅលើផែនការធំទេ ប៉ុន្តែស្ថិតនៅលើព្រឹត្តិការណ៍តូចមួយ ដែលអាចកើតឡើងដោយចៃដន្យបាន។ អ្នកវិភាគយុទ្ធសាស្ត្រអាមេរិក លោក Harlan K. Ullman ដែលជាអតីតមន្ត្រីកងទ័ពជើងទឹកអាមេរិក ដែលមានឥទ្ធិពលខ្លាំងក្នុងវិស័យសន្តិសុខអន្តរជាតិ បានព្រមានថា ប្រសិនបើនាវាអាមេរិកត្រូវបានវាយប្រហារ ហើយកងយោធាអាមេរិក មិនអាចថានឹងមិនឆ្លើយតបបានទេ។ លទ្ធផលពេលនោះនឹងក្លាយជាការវាយតបភ្លាមៗ និងក៏នឹងមានការឆ្លើយតបពីអ៊ីរ៉ង់វិញ ហើយភាពតានតឹងនៃសង្គ្រាម ក៏នឹងកើតឡើងជាបន្តបន្ទាប់។ ប្រសិនបើវាចាប់ចាប់ផ្តើម ហើយវាពិតជានឹងពិបាកបញ្ឈប់ទៅវិញណាស់។
ក្នុងស្ថានភាពបែបនេះ ប្រតិបត្តិការ Project Freedom លែងក្លាយជាប្រតិបត្តិការសន្តិសុខទៀតហើយ វានឹងក្លាយជាការលេងល្បែងប្រកបដោយគ្រោះថ្នាក់ ដែលអាចបម្លែងពីការការពារ ទៅជាសង្គ្រាមពេញទំហឹងបានគ្រប់ពេលវេលា។
* ការទូត៖ ជាផ្នែកពាក់កណ្តាលមិនអាចបាត់បង់
បញ្ហាស្នូលនៃប្រតិបត្តិការ Project Freedom មិនស្ថិតនៅលើអំណាចយោធាទេ ប៉ុន្តែស្ថិតនៅលើអ្វីដែលខ្វះខាត។ ការវិភាគរបស់អ្នកវិភាគ Harlan Ullman បានបញ្ជាក់ថា ដំណោះស្រាយពិតប្រាកដមិនអាចផ្អែកលើយោធាតែមួយបានទេ។ វាត្រូវផ្អែកលើការចរចារយៈពេលវែងជាមួយអ៊ីរ៉ង់ បើសិនជាចង់បើកច្រកហ័រមូស។ មានន័យថា ប្រសិនបើប្រតិបត្តិការ Project Freedom ត្រូវបានរៀបចំដោយមានការសម្របសម្រួលផ្នែកការទូតជាមុន តាមរយៈប្រទេសជាអន្តរការី ដូចជាអូម៉ង់ ប៉ាគីស្ថាន ឬ អារ៉ាប់ប៊ីសាអ៊ូឌីត វាអាចក្លាយជាជំហានដំបូងនៃការបំបែកវិបត្តិ។ ប៉ុន្តែបើគ្មានការរៀបចំនេះទេ, វានឹងក្លាយជាយុទ្ធសាស្ត្រពាក់កណ្ដាល (half strategy) ដែលមានតែអំណាចយោធា ប៉ុន្តែគ្មានផ្លូវចេញផ្នែកនយោបាយឡើយ។ ក្នុងបរិបទនេះ ការប្រើកម្លាំងដោយគ្មានការទូត មិនមែនជាដំណោះស្រាយទេ។ វាគ្រាន់តែជាការពន្យារវិបត្តិ និងបង្កហានិភ័យថ្មីៗ ដែលអាចនាំទៅស្ថានការណ៍មិនអាចគ្រប់គ្រងបានឡើយ។
តាមការសន្និដ្ឋាន ប្រតិបត្តិការ Project Freedom ស្ថិតនៅចន្លោះរវាងច្រកទម្លុះនយោបាយ និងគ្រោះមហន្តរាយ ព្រោះប្រតិបត្តិការ Project Freedom កំពុងឈរនៅចំណុចប្រសព្វដ៏សំខាន់មួយរវាងវិបត្តិអាមេរិក-អ៊ីរ៉ង់។ វាមិនមែនជាការប្រតិបត្តិការសមុទ្រធម្មតាទេ។ វាជាការសាកល្បងយុទ្ធសាស្ត្រដ៏ធំបំផុតមួយរវាងអំណាចយោធា និងការគ្រប់គ្រងវិបត្តិ។ ប្រសិនបើគម្រោង Project Freedom មានការរៀបចំល្អដោយមានការចរចាជាមុន ដោយមានការសម្របសម្រួលអន្តរជាតិ នោះវាអាចក្លាយជាច្រកទម្លុះនយោបាយមួយ ដែលជួយបើកច្រក Hormuz និងបន្ធូរវិបត្តិដែលកំពុងតានតឹងនេះ។ ប៉ុន្តែប្រសិនបើវាគ្រាន់តែជាការបង្ហាញអំណាចយោធា ដោយគ្មានការទូតគាំទ្រ និងគ្មានផែនការយូរអង្វែងទេ វានឹងអាចក្លាយជាគ្រោះមហន្តរាយ ដែលបង្កភាពតានតឹងនៃសង្គ្រាមសាជា ថ្មីដែលពិភពលោកមិនចង់ឃើញឡើយ។ ពិតប្រាកដណាស់ កម្លាំងយោធាពិតជាអាចបើកច្រក ហ័រមូស បានមែន ប៉ុន្តែមានតែច្រកការទូតប៉ុណ្ណោះ ដែលអាចបិទវិបត្តិនេះបាន៕











