អ្នកហាត់គុនល្បុក្កតោ សម្តែងគុនល្បុក្កតោ នៅបរិវេណប្រាសាទថ្នមប្តី មុខទស្សនិកជនជាង ២០០រូប
04-05-2026 17:14
(កំពង់ឆ្នាំង)៖ ក្រុមសិស្សអ្នកហាត់គុនល្បុក្កតោ នៅសាលាគុនល្បុក្កតោដំបងដែក ខេត្តកំពង់ឆ្នាំង ដឹកនាំលោកព្រឹទ្ធាចារ្យគុនល្បុក្កតោ អំ យុំ បានសម្តែងគុនល្បុក្កតោ ចំនួន ៣ស្នៀត នៅបរិវេណប្រាសាទថ្នមប្តី ក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានទស្សនិកជនជាង ២០០រូប។ ការសម្តែងនេះ ជារបៀបវារៈមួយក្នុងកម្មវិធី «ស្នាមញញឹមទេសចរណ៍ក្នុងស្រុក» នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។
សូមជម្រាបថា បើទោះបីជាខ្វះខាតសម្ភារ និងទីតាំងសម្រាប់ហាត់មិនសូវសមរម្យក្តី សាលាគុនល្បុក្កតោលោកតាដំបងដែក ខេត្តកំពង់ឆ្នាំង នៅជាសាលាគុនវប្បធម៌ដ៏សកម្មមួយ ស្ថិតនៅភូមិផ្អេរ សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង។ សាលាគុននេះ មានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលសិស្សគុន និងអភិរក្សក្បាច់គុនល្បុក្កតោបុរាណ ដែលតែងតែចូលរួមសម្តែងក្នុងព្រឹត្តិការណ៍វប្បធម៌ជាតិ៕













































