អំណោយសប្បុរសជនតាមរយៈកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា ៨ឧសភា បានដល់ដៃប្រជាជនងាយរងគ្រោះបំផុត ៥៣៥គ្រួសារ រស់នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
04-05-2026 19:06
(កំពង់ស្ពឺ)៖ ក្នុងស្មារតីមនុស្សធម៌ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ ក្រុមការងារទីស្នាក់ការកណ្តាលកាកបាទក្រហម កម្ពុជា ដឹកនាំដោយលោក យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា រួមជាមួយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥៣៥គ្រួសារ រស់នៅភូមិចំនួន៤៦ ឃុំចំនួន៤ នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សកម្មភាពមនុស្សធម៌នាថ្ងៃនេះ គឺជាការឆ្លើយតបទៅនឹងទំនុកចិត្តដែលសប្បុរសជនគ្រប់មជ្ឈដ្ឋានបានផ្តល់ជូនកាកបាទក្រហមកម្ពុជា និងជាសក្ខីភាពមួយយ៉ាងច្បាស់ដែលបង្ហាញពីតម្លាភាព និងគណនេយ្យភាព របស់កាកបាទក្រហមកម្ពុជា ក្នុងការប្រើប្រាស់ថវិកាដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ទិវា ៨ ឧសភា) ឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីជួយសម្រាលទុក្ខលំបាកដល់ជនងាយរងគ្រោះបំផុតនៅតាមសហគមន៍ ដែលត្រូវការឱ្យជួយជាចាំបាច់។
នៅក្នុងឱកាសនោះលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានថ្លែងពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលតែងតែខ្វល់ខ្វាយចំពោះសុខទុក្ខរបស់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ទន្ទឹមនឹងនេះលោកអគ្គលេខាធិការរងទី២កាកបាទក្រហម បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើជូនបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងការថែទាំសុខភាពឱ្យបានល្អ ជាពិសេសការកាត់បន្ថយការទទួលទាន ប្រៃ ផ្អែម និងខ្លាញ់ ដើម្បីបង្ការជំងឺលើសឈាម និងជំងឺមិនឆ្លងផ្សេងៗ។ បន្ថែមពីនេះសូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសលោកយាយ លោកតាចាស់ៗ ត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឱ្យបានទៀងទាត់ និងជៀសវាងការទិញថ្នាំលេបដោយខ្លួនឯងដែលខុសនឹងវេជ្ជបញ្ជាគ្រូពេទ្យ។ ចំពោះស្ត្រីមានផ្ទៃពោះ សូមទៅពិនិត្យសុខភាពឱ្យបានយ៉ាងតិច ៤ដង និងទៅសម្រាលកូននៅមណ្ឌលសុខភាព ដើម្បីសុវត្ថិភាព និងបង្ការការឆ្លងមេរោគអេដស៍ពីម្ដាយទៅកូន។
ជាងនេះទៅទៀតសូមបងប្អូនសម្អាតបរិស្ថានជុំវិញផ្ទះ កុំឱ្យមានទឹកដក់ដែលជាជម្រកមូសខ្លា និងត្រូវសម្រាកក្នុងមុងជានិច្ច ដើម្បីការពារជំងឺគ្រុនឈាម។ ពិសាទឹកឆ្អិនឱ្យបានច្រើន ដើម្បីជួយដល់ចរន្តឈាម និងបញ្ចៀសការឈឺក្បាល ជាពិសេសត្រូវគ្រប់គ្រងកាកសំណល់ប្លាស្ទិក កុំដុតដែលបង្កជាផ្សែងពុលប៉ះពាល់ដល់មនុស្សចាស់ និងកុមារ។
ក្នុងឱកាសនោះលោក យូ ឡាណា ក៏បានអំពាវនាវដល់យុវជនទាំងអស់ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងបារីអេឡិចត្រូនិក (Vape) និងត្រូវចូលរួមរាយការណ៍ ព្រមទាំងទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិកតាមសាលារៀន និងទីសាធារណ។ មួយវិញទៀតជំរុញឱ្យមានការចុះអប់រំផ្សព្វផ្សាយ មេរោគរោគអេដស៍, ជំងឺអេដស៍ ដើម្បីបង្ការការឆ្លងក្នុងសហគមន៍ និងចំណោមយុវជនដែលកំពុងមានកំណើនគួរឱ្យកត់សម្គាល់។
សូមជម្រាបថាអំណោយកាកបាទក្រហមកម្ពុជា ដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ រួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ១ដប និងឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានឧបត្ថម្ភបន្ថែមក្នុង មួយគ្រួសារៗ ទទួលបាន អាហារសម្រន់ នំប៉័ង ១ដើម ទឹកសុទ្ធ ១ដប និងថវិកា ២ម៉ឺនរៀល។ ជាមួយគ្នានេះកាកបាទក្រហមកម្ពុជា បាននាំយកទេយ្យទានប្រគេន វត្តត្រែងត្រយឹង ស្រុកភ្នំស្រួច នូវអង្ករ ១៥០គីឡូក្រាម, មី ៥កេស, ត្រីខ ១កេស, ទឹកស៊ីអីវ ៥យួរ, ទឹកត្រី ៥យួរ, ប្រេងឆា ៣កេស, ឆៃពៅ ២០កំប៉ុង, ទឹកបរិសុទ្ធ ៥កេស, ភេសជ្ជៈវីកូឡា ៥កេស និងថវិកា ៥០០០០០រៀល (ហាសិបម៉ឺនរៀល)។
សកម្មភាពខាងលើនេះ មិនត្រឹមតែជួយសម្រាលការលំបាកក្នុងជីវភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការរួមសុខរួមទុក្ខរបស់កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ក្រោមពាក្យស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»។
ក្នុងឱកាសអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ៖ បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌, កាកបាទក្រហមកម្ពុជា បាននិងកំពុងមមាញឹកក្នុងការចលនាកៀរគររកមូលនិធិពីសប្បុរសជនគ្រប់ទិសទី។ ថវិកាដែលសប្បុរសជនគ្រប់មជ្ឈដ្ឋានបានបរិច្ចាគ គឺជាកម្លាំងចលករយ៉ាងសំខាន់ដែលអនុញ្ញាតឱ្យកាកបាទក្រហមកម្ពុជា បន្តបេសកកម្មមនុស្សធម៌ និងពង្រីកវិសាលភាពនៃការជួយសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ។
អាស្រ័យហេតុនេះ កាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់បងប្អូនជនរួមជាតិ និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមមេត្តាបន្តចូលរួមបរិច្ចាគតាមកម្លាំងសទ្ធាជ្រះថ្លា ព្រោះថារាល់ការចូលរួមរបស់សប្បុរសជន គឺជាការផ្តល់នូវក្តីសង្ឃឹម និងជាស្នាមញញឹមរបស់គ្រួសារដែលកំពុងជួបការលំបាក៕





































