អំណោយជំនួយការផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រគេនព្រះសង្ឃ នៅសាលាពុទ្ធិកបឋមសិក្សាស្វាយរំពារ
04-05-2026 19:09
(ភ្នំពេញ)៖ លោក សែមស័ក្តិ សិនា ជំនួយការផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី, ប្រធានផ្នែកគោលនយោបាយ នៃលេខាធិការដ្ឋាន គ.វ.អ. និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគម មិត្តនិស្សិត បញ្ញវន្តកម្ពុជា បានប្រគេនសៀវភៅ ប៊ិចបន្ទាត់ និងទឹកភេសជ្ជៈ ដល់ព្រះសង្ឃនៅសាលាពុទ្ធិកបឋមសិក្សាស្វាយរំពារ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ការប្រគេនត្រូវបានរៀបចំនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ដោយក្រុមការងាររៀបចំកម្មវិធី «ស្នាមញញឹមទេសចរណ៍ក្នុងស្រុក» ដែលដោយមានការគាំទ្រពីសប្បុរសជននានា, សមាគមមិត្តនិស្សិតបញ្ញវន្តកម្ពុជា, ពុទ្ធិកសមាគមកម្ពុជរដ្ឋ, មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង និងសាលាគុនល្បុក្កតោដំបងដែកខេត្តកំពង់ឆ្នាំង។
នៅក្នុងកម្មវិធីនេះដែរ ក៏មានការសម្តែងក្បាច់គុនល្បុក្កតោ ការធ្វើពិធីបួងសួងបែបសាសនា និងការសម្តែងរបាំបុរាណខ្មែរ នៅបរិវេណប្រាសាទថ្នមប្តី, ការទស្សនាប្រាសាទសក្ល, ការទស្សនាស្ថានីយ៍បុរេប្រវត្តិសាស្ត្រសំរោងសែន, ការទស្សនាដងទង់បុរាណនៅសម័យអង្គរ ប្រវែង ៣៣ម៉ែត្រ, ការឡើងភ្នំនាងកង្រី និងការនិមន្តព្រះសង្ឃឆាន់ថ្ងៃត្រង់ផងដែរ។
សូមជម្រាបថា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សម្បូរទៅដោយប្រាសាទបុរាណជាច្រើន រួមមាន ប្រាសាទពណ្ណរាយ ដែលកសាងក្នុងសតវត្សរ៍ទី៩ លើភ្នំពណ្ណរាយ (ភ្នំធ្វើបុណ្យ) មាន ២០៨កាំ និងបែរមុខទៅទិសខាងលិច។ ក្រៅពីនេះ ក៏មាន ប្រាសាទប្រុស (បច្ចុប្បន្នហៅប្រាសាទសក្ល) នៅភូមិកង្កែប និង ប្រាសាទស្រី នៅវត្តប្រាសាទ ឃុំដា ដែលកសាងក្នុងចន្លោះសតវត្សរ៍ទី៨ និងទី៩។ មួយវិញទៀតគឺ ប្រាសាទថ្នមប្តី នៅឃុំដា ដែលកំពុងរងការខូចខាត និងការជីកកកាយរកវត្ថុបុរាណ, ទួលគ្រឹះប្រាសាទនៅភ្នំទេពី, ទួលគ្រឹះបុរាណ នៅមុខវត្តប្រាសាទ, ភ្នំបុរាណដែលជាបាតជើងព្រះសិវៈ នៅឃុំត្រងិល។ ទន្ទឹមនេះ មានតំបន់ទេសចរណ៍ធម្មជាតិ ដូចជា ភ្នំនាងកង្រី ច្រកបាក់ដាវ ទឹកធ្លាក់អូដារ ព្រមទាំងស្ថានីយ៍បុរេប្រវត្តិសាស្ត្រសំរោងសែន៕


















