ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្ហាញលទ្ធផល នៃការជ្រើសរើសធុរកិច្ចថ្មីឌីជីថលកម្ពុជា ចូលរួមក្នុងកម្មវិធីពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរដូវកាលទី២
04-05-2026 19:10
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃការជ្រើសរើសធុរកិច្ចថ្មីឌីជីថលកម្ពុជា ចូលរួមក្នុងកម្មវិធីពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរដូវកាលទី២។
ក្នុងទិសដៅបន្តចូលរួមចំណែកលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល និងប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលមួយ នៅក្នុងតំបន់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play កម្ពុជា និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP (ATC) រៀបចំកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មី ឌីជីថលរដូវកាលទី២ «Innovate Cambodia Accelerator Program Batch 2» ក្នុងគោលបំណងជំរុញ និងផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថល ទទួលបានការបណ្តុះបណ្តាលពន្លឿនអាជីវកម្ម អភិវឌ្ឍផលិតផលឌីជីថល និងពង្រីកខ្លួនទៅកាន់ទីផ្សារក្នុងតំបន់ ក៏ដូចជាឱកាសចាប់យកការវិនិយោគពីក្នុង និងក្រៅប្រទេស។
ក្នុងនោះផងដែរ ធុរកិច្ចថ្មីឌីជីថលចំនួន ៩០ បានដាក់ពាក្យចូលរួមក្នុងកម្មវិធីខាងលើ ដោយបានឆ្លងកាត់ការពិនិត្យនិងវាយតម្លៃរបស់គណៈកម្មការទៅលើគំនិតអាជីវកម្ម សមត្ថភាពក្រុមការងារ កម្រិតនវានុវត្តន៍ ការប្រើប្រាស់បច្ចេកវិទ្យា និងសក្តានុពលទីផ្សារ។
ជាលទ្ធផល ធុរកិច្ចថ្មីឌីជីថល ចំនួន ១១ ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរដូវកាលទី២ ដូចមានរាយនាមខាងក្រោម៖
១៖ E-Express ជាធុរកិច្ចថ្មីឌីជីថលដែលផ្ដល់សេវាដឹកជញ្ជូនក្នុងថ្ងៃតែមួយ និងការទូទាត់ប្រាក់ពេលទទួលទំនិញ ដើម្បីគាំទ្រអាជីវកម្មអនឡាញនៅភ្នំពេញ
២៖ EinsteinAI ជាធុរកិច្ចថ្មីឌីជីថលដែលផ្ដល់កម្មវិធីប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីជួយអ្នកប្រើប្រាស់ត្រៀមខ្លួនសម្រាប់ប្រឡង IELTS
៣៖ Karpia ជាធុរកិច្ចថ្មីឌីជីថលផ្នែកសន្ដិសុខសាយប័រ ដែលការពារស្ថាប័នពីការវាយប្រហារសាយប័រ តាមរយៈសេវាកម្មត្រួតពិនិត្យ និងរកឃើញការគំរាមកំហែងជាបន្តបន្ទាប់ ការវាយតម្លៃហានិភ័យ និងការកសាងវប្បធម៌សន្ដិសុខ
៤៖ Localize Tech Solution Co., Ltd ជាធុរកិច្ចថ្មីឌីជីថលដែលផ្ដល់ប្រព័ន្ធកម្មវិធីគណនេយ្យដែលជួយការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានភាពងាយស្រួល និងគាំទ្រការរីកចម្រើនរបស់ SMEs
៥៖ PharmKulen ជាធុរកិច្ចថ្មីឌីជីថលបច្ចេកវិទ្យាសុខាភិបាល ដែលរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ស្គាល់ថ្នាំពេទ្យ ដែលអនុញ្ញាតឱ្យអតិថិជនស្វែងរកថ្នាំពេទ្យបានភ្លាមៗ
៦៖ Prakot Solution ជាធុរកិច្ចថ្មីឌីជីថលដែលផ្ដល់ប្រព័ន្ធកម្មវិធីដែលជួយអាជីវកម្មគ្រប់គ្រងការងារទាំងអស់ ដូចជា ការលក់ ស្តុក ហិរញ្ញវត្ថុ និងបុគ្គលិក នៅកន្លែងតែមួយ និងស្របតាមប្រព័ន្ធពន្ធដារ
៧៖ SalesCore Global Solutions ជាធុរកិច្ចថ្មីឌីជីថលដែលផ្ដល់ជាវេទិកា SaaS ដែលជួយក្រុមហ៊ុនគ្រប់គ្រង និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការលក់ ដោយប្រើស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិម្មិត
៨៖ Spacianet (Stay25) ជាធុរកិច្ចថ្មីឌីជីថលដែលផ្ដល់ជាវេទិកាទេសចរណ៍អនឡាញដែលធ្វើឱ្យការកក់សណ្ឋាគារមានភាពសាមញ្ញ រហ័ស និងបត់បែនបាន សម្រាប់អ្នកធ្វើដំណើរនៅក្នុងស្រុក
៩៖ Scholarar ជាធុរកិច្ចថ្មីឌីជីថលដែលផ្ដល់ប្រព័ន្ធកម្មវិធីបញ្ញាសិប្បនិម្មិត ដែលភ្ជាប់សិស្ស និស្សិតជាមួយ
អាហារូបករណ៍ និងសាកលវិទ្យាល័យ ព្រមទាំងជួយគាំទ្រការដាក់ពាក្យ និងការត្រៀមវគ្គសិក្សា
១០៖ TobSar ជាធុរកិច្ចថ្មីឌីជីថលដែលផ្ដល់ប្រព័ន្ធកម្មវិធីពាណិជ្ជកម្មសម្រាប់បណ្ដាញសង្គមដែលភ្ជាប់បញ្ញាសិប្បនិម្មិត ដើម្បីស្វ័យប្រវត្តិកម្មការជជែកលក់ គ្រប់គ្រងស្តុក និងអនុញ្ញាតការទូទាត់បានយ៉ាងរលូន សម្រាប់អាជីវកម្មអនឡាញ
១១៖ TheBoxes ជាធុរកិច្ចថ្មីឌីជីថលដែលផ្ដល់ប្រព័ន្ធកម្មវិធីអនឡាញដែលអនុញ្ញាតបញ្ជាទិញកញ្ចប់វេចខ្ចប់យ៉ាងងាយស្រួល ព្រមទាំងភ្ជាប់អតិថិជនជាមួយអ្នកផ្គត់ផ្គង់ជាច្រើន ដើម្បីទទួលបានតម្លៃល្អ
ទន្ទឹមនឹងនេះ ធុរកិច្ចថ្មីឌីជីថលទាំង១១ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរដូវកាលទី២ខាងលើនេះនឹងទទួលបានអត្ថប្រយោជន៍ និងការគាំទ្រពីកម្មវិធីរួមមាន៖
* ការចូលរួមវគ្គបណ្តុះបណ្តាលអភិវឌ្ឍអាជីវកម្ម និងផលិតផលឬសេវាកម្ម
* ការណែនាំពីគ្រូបង្វឹកអន្តរជាតិដែលត្រូវតាមវិស័យជំនាញរបស់ធុរកិច្ចថ្មីឌីជីថល
* ការតភ្ជាប់ធុរកិច្ចថ្មីឌីជីថលទៅកាន់វិនិយោគិន ក្រុមហ៊ុនឯកជន និងដៃគូអាជីវកម្ម
* ឱកាសចូលរួមក្នុងកម្មវិធី Pitching និង Demo Day ដើម្បីធ្វើបទបង្ហាញអាជីវកម្ម
* ការត្រៀមខ្លួនដើម្បីពង្រីកអាជីវកម្មទៅកាន់ទីផ្សារក្នុងតំបន់៕







