អគ្គនាយកធនាគារ ARDB អញ្ជើញបើកសិក្ខាសាលាប្រចាំខែ ស្ដីពី «Policy Analysis in the AI Era»
04-05-2026 19:12
(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញបើកសិក្ខាសាលាប្រចាំខែស្តីពី «Policy Analysis in the AI Era» ដែលបានឧទ្ទេសនាមដោយលោកសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង, សមាជិកក្រុមការងារស្រាវជ្រាវ និងបុគ្គលិករបស់ធនាគារ ARDB ព្រមទាំងអ្នកស្រាវជ្រាវ, សាស្ដ្រាចារ្យ, និងនិស្សិតមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានពាក់ព័ន្ធ សរុបចំនួន ២១០ រូប។
សិក្ខាសាលានេះ ជាសិក្ខាសាលាប្រចាំខែទី១ ដែលត្រូវបានរៀបចំឡើងក្រោមក្របខ័ណ្ឌនៃមជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល ក្នុងគោលបំណងចែករំលែកចំណេះដឹង ទាក់ទិននឹងតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ការស្រាវជ្រាវ ក្នុងន័យរួមចំណែកបង្កើត ជាមូលដ្ឋានគ្រឹះ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រកបដោយការទទួលខុសត្រូវ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ និងដើម្បីបង្កើតជាវេទិកា សម្រាប់ការផ្លាស់ប្ដូរចំណេះដឹង, បទពិសោធ, និងទំនាក់ទំនង រវាងអ្នកស្រាវជ្រាវ, សាស្ដ្រាចារ្យ, និងនិស្សិត មកពីស្ថាប័ន និងសាកលវិទ្យាល័យពាក់ព័ន្ធ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ពីសមិទ្ធផលដែលមជ្ឈមណ្ឌលស្រាវជ្រាវរបស់ធនាគារ ARDB សម្រេចបានចាប់តាំងពីការសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែមេសា ឆ្នាំ២០២៥ មក ដោយក្នុងនោះមជ្ឈមណ្ឌលបានចេញផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ រួមមានរបាយការណ៍ស្ដីពី៖
(1)៖ MSMEs Development in Cambodia: An Analysis through the Lens of the Developmental State;
(2)៖ The Role Development Finance Institutions in Supporting Agricultural Cooperative in Cambodia: A Comparative Study and the Case of Agricultural and Rural Development Bank
និង (3)៖ Linkages between Green Finance and Cambodia’s SDGs: The Contribution of ARDB។
លោកក៏បានគូសបញ្ជាក់ពីតួនាទី និងសារៈសំខាន់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងការគាំទ្រដល់ការបំពេញការងារនៅស្ទើរគ្រប់វិស័យ ជាពិសេសសម្រាប់កិច្ចការស្រាវជ្រាវ ដែលបច្ចេកវិទ្យានេះនឹងគាំទ្រដល់ការបំពេញការងារឱ្យទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ និងឆាប់រហ័ស។
ម្យ៉ាងវិញទៀត លោកបណ្ឌិត ក៏បានបញ្ជាក់ពីហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលតម្រូវឱ្យមានការប្រើប្រាស់បច្ចេកវិទ្យានេះ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងបរិបទនានា៕














