បញ្ជាការដ្ឋានកងទ័ពជើងអាកាសបរិច្ចាគថវិកាចំនួន ៩៥ ៤៨០ ០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

04-05-2026 19:56

(ភ្នំពេញ)៖ ក្រុមការងារនៃអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ ហ៊ឹម សុធី ស្នងការឃោសនាព័ត៌មាន តំណាងរបស់នាយឧត្ដមសេនីយ៍ សឹង សំណាង មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស ក្នុងខណៈដែលឧត្តមសេនីយ៍ទោ នាំថវិកាបរិច្ចាគចំនួន ៩៥ ៤៨០ ០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ថវិកាចំនួន ៩៥ ៤៨០ ០០០រៀលនេះ ទទួលបានពីការចូលរួមបរិច្ចាគប្រចាំឆ្នាំ និងដោយស្ម័គ្រចិត្ត ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ពីសំណាក់នាយទាហាន នាយទាហានរង និងពលទាហានចំនួន ១ ៥៤៦នាក់ ដើម្បីរួមគ្នានាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស ក្រោមការដឹកនាំរបស់នាយឧត្ដមសេនីយ៍ សឹង សំណាង ចំពោះការចូលរួមដឹកនាំចលនាកៀរគរថវិកាបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង៕