រដ្ឋមន្រ្តីសុខាភិបាល៖ គូសរំលឹកពីតួនាទីសំខាន់របស់ឆ្មប និងការពង្រឹងបន្ថែម ដើម្បីគ្រប់គ្រងការថែទាំផ្ទៃពោះ ការសម្រាលកូន ការថែទាំក្រោយសម្រាល ស្គាល់ពីសញ្ញាគ្រោះថ្នាក់ និងធ្វើការបញ្ជូនស្ត្រី និងទារក ទៅកន្លែងដែលមានសេវាកម្រិតខ្ពស់ជាង

04-05-2026 23:06

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា តាមនិយមន័យអន្តរជាតិ «ឆ្មបជំនាញ គឺជាអ្នកជំនាញសុខភាពដែលមានការទទួលស្គាល់ និងទទួលបានការបណ្តុះបណ្តាលឱ្យមានសមត្ថភាពលើជំនាញចាំបាច់ ក្នុងការគ្រប់គ្រងការថែទាំផ្ទៃពោះ ការសម្រាលកូន ការថែទាំក្រោយសម្រាល ស្គាល់ពីសញ្ញាគ្រោះថ្នាក់ និងធ្វើការបញ្ជូនស្ត្រី និងទារក ទៅកន្លែងដែលមានសេវាកម្រិតខ្ពស់ជាង»។

ដូច្នេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ត្រូវតម្រូវឱ្យមានការវិនិយោគលើ៖ ១) ការធ្វើផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ការគ្រប់គ្រង និងលើកកម្ពស់បរិស្ថានការងារ ២) ពង្រឹងការបណ្តុះបណ្តាលមូលដ្ឋានជំនាញឆ្មប និងការបណ្តុះបណ្តាល ក្នុងពេលបម្រើការងារសម្រាប់ឆ្មប ៣) កែលម្អការបម្រើសេវាសុខភាពបន្តពូជ សុខភាពមាតា និងទារក និង ៤) ពង្រឹងភាពជាអ្នកដឹកនាំដល់ក្រុមឆ្មបជំនាញ។

ការថ្លែងបែបនេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសបានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ «ពិភពលោក ត្រូវការឆ្មបបន្ថែម១លាននាក់» នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ។

ការរៀបចំទិវានេះ ក្នុងគោលបំណងបង្ហាញពីតួនាទីរបស់ឆ្មប ដែលជាស្នូលដ៏សំខាន់ ក្នុងការធានាបាននូវសុវត្ថិភាព មាតា និងទារក ព្រោះថាឆ្មប គឺជាអ្នកផ្តល់នូវការថែទាំសំខាន់ៗ ក្នុងពេលពរពោះ ក្នុងការជួយដល់ការសម្រាលដោយសុវត្ថិភាព និងធានាដល់ការថែទាំស្រ្តីជាមាតា និងទារកក្រោយសម្រាល។ វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្តុង្គឧត្តម និងជាការជួយសង្រ្គោះអាយុជីវិតមនុស្ស និងផ្តល់ក្តីសង្ឃឹមដល់គ្រួសារទាំងឡាយ និងជួយឱ្យកុមារម្នាក់ៗ ចាប់ផ្តើមជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ និងការថែទាំយ៉ាងហ្មត់ចត់ និងអនាគតរបស់យើង គឺអាស្រ័យទៅលើសុខភាពទារក និងមាតា។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវចំណុចសំខាន់ប្រព័ន្ធសុខាភិបាល ដោយផ្តោតលើ តួនាទីឆ្មប ដោយគិតលើការវាស់វែងពីស្ថានភាពសុខភាព ការប្រតិបត្តិការនិងការអនុវត្ត និងប្រសិទ្ធភាពនៃការអនុវត្តការងារ។ សូចនាករសំខាន់ៗ ចំនួន ៣ គឺ៖ ១) ផ្នែកសុខាភិបាល៖ ត្រូវមានគុណភាពសុខភាព និងជីវិត និងលក្ខខណ្ឌនៃការរស់នៅគ្រប់គ្រាន់ និងចំណុចបញ្ហាដូចជា ករណីរំពឹងរស់ជាដើម។ ២) មិនផ្ទាល់ជាមួយសុខាភិបាល៖ លក្ខខណ្ឌនៃការរស់នៅរបស់ស្រ្តី និងរបៀបរបបអាហារ និងបរិស្ថានការងារ។ ៣) មធ្យោបាយ៖ ការគាំទ្រផ្នែកហិរញ្ញវត្ថុ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធឧបករណ៍សម្ភារៈ ដែលចូលមកប្រើប្រាស់សេវាបានយ៉ាងដូចម្តេច ហើយជ្រើសរើសមូលដ្ឋានសុខាភិបាល សមស្រប និងការចំណោយចំគោលដៅ។ ក្នុងនោះត្រូវសូចនាករសមត្ថភាព ត្រូវបង្កើនលើគុណភាព ប្រសិទ្ធភាពស្របទៅតាមពេលវេលាសមស្រប ដោយត្រូវមានសមធម៌។ សូចនាករ ដែលនាំឱ្យទទួលបានជោគជ័យ៖ ១) ភាពត្រឹមត្រូវ ២) ការងារសូមឱ្យសំខាន់ ៣) ពេញលេញចំពោះការងារ ៤) សូមឱ្យមានលំនឹង និរន្តរភាព។

មុននឹងបញ្ចប់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់មន្ទីរសុខាភិបាលរាជធានីខេត្ត ត្រូវធ្វើនិយ័តកម្មពង្រឹងនូវគុណភាពការបម្រើសេវាឯកជន ឱ្យមានភាពជាដៃគូជាមួយវិស័យសាធារណៈ ដោយផ្តោតសំខាន់ ត្រូវតែមានច្បាប់ មានគុណភាព ក្រមសីលធម៌វិជ្ជាជីវៈ និងធនធានមនុស្សឱ្យមានវិជ្ជាជីវៈច្បាស់លាស់ ដោយត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងស្របតាមច្បាប់កំណត់ និងគោលនយោបាយរបស់ជាតិ។

ជាមួយគ្នានេះដែរលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមសម្តែងនូវគារវកិច្ច និងអំណរគុណដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់សារដែលមានអត្ថន័យសំខាន់ៗ ជូនចំពោះបង ប្អូន ជនរួមជាតិទាំងអស់ អំពីសារៈសំខាន់នៃការងារឆ្មប។ ឯកឧត្តមសាស្រ្តាចារ្យ សង្ឃឹមថាទិវាឆ្មបជាតិ-អន្តរជាតិថ្ងៃនេះ នឹងក្លាយជាវេទិកានៃការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកទេសវេជ្ជសាស្រ្តថ្មីៗ ព្រមទាំងមានការពិភាក្សាដ៏ផុសផុល ដើម្បីជាទុនក្នុងការបម្រើសេវាដោយសុវត្ថិភាព និងសមធម៌។

សូមជម្រាបថាការប្រារព្ធពិធីខាងលើ បានធ្វើឡើងក្នុងឱកាសនោះ មានការចូលរួមពី លោក ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពមាតា និងទារក លោកស្រី Sandra Bernklau តំណាងអង្គការ UNFPA និងជាតំណាងដៃគូអភិវឌ្ឍន៍សុខាភិបាល និងឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងតាមប្រព័ន្ធ Zoom ដែលមានចំនួនជាង ១ពាន់នាក់៕