សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល
05-05-2026 07:57
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនេះ សម្តេចសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។
សូមជម្រាបថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លក្នុងឆ្នាំនេះ គ្រោងរៀបចំនៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែដោយសារព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះប្រឈួន ទើបព្រះរាជពិធីបុណ្យនេះត្រូវបានផ្អាក ប្រារព្វពិធី។
យោងតាម Fresh AI បានបង្ហាញថា ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីប្រពៃណីដ៏សំខាន់មួយរបស់កម្ពុជា ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ គោលបំណងសំខាន់នៃពិធីនេះ គឺដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេស តាមរយៈការបរិភោគចំណី៧មុខរបស់ គោឧសភរាជ និងជាការប្រកាសពី ការចាប់ផ្ដើមរដូវវស្សា សម្រាប់វិស័យកសិកម្មដល់ប្រជាកសិករ។
ព្រះរាជពិធីនេះតែងតែប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិធីត្រូវបានរៀបចំឡើងនៅតាមបណ្ដាខេត្តផ្សេងៗ ជំនួសឱ្យវាលព្រះមេរុដើម ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋបានចូលរួម ជាក់ស្ដែងនៅខេត្តកំពង់ធំក្នុងឆ្នាំ២០២៣ និងនៅខេត្តកំពង់ស្ពឺក្នុងឆ្នាំ២០២៤។
នៅប្រទេសឥណ្ឌាបុរាណ និងនៅព្រះរាជាណាចក្រកម្ពុជា ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផលដំណាំដទៃៗទៀត។ ការបង្កើតផលិតផលស្រូវ អង្ករ ឬក៏ផលដំណាំផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជាតាមរយៈព្រះរាជពិធីខាងលើនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្តិសិទ្ធិរបស់តួអង្គ «ស្តេច» ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ។ មានន័យថា ផលដំណាំពុំមែន ស្ថិតនៅត្រឹមតែការដាំដុះ បច្ចេកទេស ឬសេដ្ឋកិច្ចនោះទេ ពោលគឺប្រាកដជាបណ្តាលមកពីពិធីកម្មនេះឯង។
តាមទម្លាប់ព្រះរាជពិធីនេះ ធ្វើឡើងក្នុងការផ្សង មើលប្រថ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ គោ១នឹម ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ» ក៏មានកំណត់ក្នុងលក្ខណៈតាមបែបនិយមបច្ចុប្បន្ន គឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច។ គោ២ នឹមទៀត ដែលសម្រាប់ ហែមុខហែរក្រោយឃើញថា មិនទាន់កំណត់លក្ខណៈ តែតាមដែលធ្លាប់ប្រើមក ហើយឃើញច្រើនតែសម្បុរក្រហម។ ឯ «គោឧសភរាជ» នោះវេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿងគឺពាក់ស្រោមមុខស្រោមស្នែង និងពាក់សំពត់កម្រាល សម្បុរក្រហមលើខ្នងផង។ ឯព្រះនង្គ័លទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោយអន្លើៗ ឯចន្ទោលព្រះនង្គ័ល សម្រាប់អ្នកតំណាងព្រះអង្គនោះមានលក្ខណៈពិសេស គឺធ្វើជារូបនាគ លាបថ្នាំពណ៌លឿងបែបយ៉ាងពណ៌មាស។ នៅត្រង់កនាគមានភូធ្វើពីរោមសត្វសម្បុរ បែបភូទួន។
ទាក់ទិននឹងការផ្សងគោឧសភរាជ គឺព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យបរិភោគ និងផឹកអាហារ៧យ៉ាង ដែលរៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ ១តុ គ្រាប់សណ្ដែក ១តុ គ្រាប់ពោត ១តុ គ្រាប់ល្ង ១តុ ស្មៅស្រស់ ១តុ ទឹក ១តុ ស្រា ១តុ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្ដប្រោះក្បាលព្រះគោទាំងពីរ ហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យបរិភោគ និងផឹក អាហារទាំង៧យ៉ាង។ គោឧសភរាជចូលចិត្ដបរិភោគ និងផឹកអ្វី គេមិនបង្ខំឱ្យនោះឡើយ។ គោឧសភរាជបរិភោគ និងផឹកអ្វី ព្រាហ្មណ៍ក៏ទាយផលប្រផ្នូនៃភោគផលធ្វើស្រែចម្ការក្នុងឆ្នាំនេះ ទៅតាមការបរិភោគ ឬផឹក របស់គោឧសភរាជ៕




