លើភ្នំកង្រី មានថ្លុកមួយ ហៅថា «ទឹកមាត់នាងកង្រី» ដែលមានទឹកខួបប្រាំងខួបវស្សា (Video inside)
05-05-2026 12:27
(កំពង់ឆ្នាំង)៖ នៅលើភ្នំនាងកង្រី ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានថ្លុកមួយ ដែលត្រូវបានគេហៅថា «ទឹកមាត់នាងកង្រី» ដែលថ្លុកនេះ មានទឹកខួបប្រាំងខួបវស្សា មិនចេះរីងស្ងួតឡើយ។
សព្វថ្ងៃ ភ្នំនាងកង្រី មានភាបស្ងាត់ជ្រងំណាស់ មិនសូវមានអ្នកទៅលេងទេ។ ដើម្បីទៅលេងភ្នំនាងកង្រី គេត្រូវឆ្លងសាឡាង ចេញពីក្រុងកំពង់ឆ្នាំង និងធ្វើដំណើរទៅហួសភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង។
ជាមួយគ្នានេះ ដើម្បីទៅដល់កន្លែង «ទឹកមាត់នាងកង្រី» អ្នកដំណើរត្រូវឡើងលើភ្នំតាមកាំជណ្តើរ ដែលមានជាង ២០០កាំ។ ភ្នំនាងកង្រីនេះ មានកម្ពស់ប្រហែល ៣១០ម៉ែត្រ ដែលមានសណ្ឋានដូចរូបរាងមនុស្សស្រីដេកផ្កាប់មុខ ដែលគេជឿថា ជារូបនៃសាកសពនាងកង្រី។
នៅតាមផ្លូវឡើងដ៏ស្ងាត់ជ្រងំ ពេលគេចោលភ្នែកក្រឡេកមើលមកក្រោមវិញ សម្តៅទៅវត្តត្របែក គេនឹងឃើញទេសភាពគួរគយគន់ និងអាចមើលទីរួមខេត្តកំពង់ឆ្នាំងបានផង។ មានដើមឈើអមជុំវិញ ធ្វើឲ្យអ្នកដំណើរ ងាយស្រួលក្នុងការធ្វើដំណើរ។
នៅពេលឡើងដល់ពាក់កណ្តាលភ្នំ គេនឹងឃើញសាលាសំណាក់មួយ ដែលនៅខាងស្តាំផ្លូវ មានអណ្តូងថ្លុកតូចមួយ ដែលមិនចេះរីងស្ងួត ដែលត្រូវបានដាក់ឈ្មោះថា «ទឹកមាត់នាងកង្រី» នោះ។ គេក៏មិនដឹងទឹកនៅក្នុងអណ្តូងនេះ មានប្រភពពីណានោះទេ ខណៈនៅពាក់កណ្តាលភ្នំបែបនេះ មិនគួរមានទឹកសោះឡើយ ជាពិសេសនៅពេលមានអាកាសធាតុក្តៅ។
លោកព្រឹទ្ធាចារ្យ នៅទីនោះ បានអះអាងក្នុងនាមអបិយជំនឿថា ទឹកមាត់នាងកង្រី អាចព្យាបាលជំងឺអ្នកត្រូវអំពើគេ។ លោកលើកឡើងថា ធ្លាប់មានអ្នកជំងឺ ពេលទទួលទានទឹកនេះ ស្រាប់តែក្អួតចង្អោរមកសុទ្ធតែពណ៌ខ្មៅ និងបានធូរស្រាលពីជំងឺ។ ម្យ៉ាងទៀត ទឹកមាត់នាងកង្រីនេះ បើនរណាបានយកមកលុបមុខ ច្បាស់ជាមានសិរីសួស្តីមិនខាន។ យ៉ាងណាក៏ដោយ Fresh News គ្រាន់តែយកប្រសាសន៍លោក មកបន្តរៀបរាប់ប៉ុណ្ណោះ។
បន្ថែមលើនេះ មានស្រះទឹកមួយ នៅលើកំពូលភ្នំនាងកង្រី ដែលមិនចេះរីងស្ងួតដូចគ្នា។ វានៅតែជារឿងចម្លែក ដោយសារភ្នំកម្ពស់ជិតស្មើនឹងភ្នំហ្វូជីនៅប្រទេសជប៉ុន មានទឹកបែបនេះ។ បើសិនជាអ្នកស្រលាញ់នឹងប្រវត្តិសាស្ត្រ ច្បាស់ជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមានដើមព្នៅ នៅក្បែរស្រះនោះ។ នេះក៏ព្រោះថា តាមជំនឿខ្មែរបុរាណ ស្លឹកព្នៅ ជាអាទិទេពទាំង៣ ក្នុងសាសនាព្រាហ្មណ៍។ គេអាចឃើញផ្ទាល់ ពេលព្រះមហាក្សត្រយកដាក់លើព្រះកាណ៌ ក្នុងព្រះរាជពិធីសំខាន់ៗ (សម័យឥលូវឃើញគេបកស្រាយខុសថា ស្លឹកព្នៅ តំណាងឲ្យស្ថានទាំង៣)។ ដូនតាខ្មែរ ដាំដើមព្នៅក្បែរប្រាសាទ ឬសំណង់សាសនា ដោយសារពេលបួងសួងទៅ មានភាពស័ក្តិសិទ្ធិ។ អ្នកខ្លះ ក៏យល់ថា ព្នៅ មកពី «ព» និង «នៅ» ឬមានន័យថា ដើមឈើនោះ នាំឲ្យពរជ័យស្ថិតនៅ។ នៅព្រះបរមរាជវាំងសព្វថ្ងៃ ក៏មានដាំដើមព្នៅនេះដែរ ដោយសារសែរាជវង្ស ជាអ្នកអភិរក្សប្រពៃណីបុរាណ។ ចំពោះករណីភ្នំនាងកង្រី មានស្រះទឹក និងដើមព្នៅបែបនេះ គេដាក់ការសង្ស័យថា ពីបុរាណនោះ ទីនេះអាចជាកន្លែងសម្រាប់រៀបចំពិធីការអាទិទេព។
នៅជើងភ្នំនាងកង្រី គេក៏អាចរាប់បាត្រព្រះសង្ឃ នៅអាស្រមជប់កង្រី មើលថ្ងៃលិចនៅជើងភ្នំ និងនៅច្រកបាក់ដាវ ទីតាំងដែលតេជោមាស ប្រយុទ្ធនឹងស្តេចសម្រែរហូតដល់បាក់ដាវ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ដែលជាពេលបណ្តាញព័ត៌មាន Fresh News ចុះទៅផ្ទាល់ គឺនៅសល់ព្រះសង្ឃតែមួយអង្គគត់ គង់នៅអាស្រមជប់កង្រី៕














