កំពង់ផែស្វយ័តក្រុងព្រះសីហនុ៖ មុនរបបខ្មែរក្រហម មានបុគ្គលិក កម្មករចន្លោះ៣០០ ទៅ៤០០នាក់ ក្រោយរបបខ្មែរក្រហមដួលរលំ សល់ត្រឹម៦នាក់ប៉ុណ្ណោះ (Video inside)
05-05-2026 12:48
(ព្រះសីហនុ)៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាច្រកធ្វើពាណិជ្ជកម្មទៅកាន់ឆាកអន្តរជាតិដ៏សំខាន់មួយរបស់កម្ពុជា។ ក្រោមព្រះរាជកិច្ចដឹកនាំប្រកបដោយព្រះបញ្ញាញាណ និងទស្សនទានវែងឆ្ងាយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ បានសម្រេចសាងសង់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះឡើងនៅឆ្នាំ១៩៥៦ ហើយបានរួចរាល់ និងដាក់ឱ្យដំណើរការនៅឆ្នាំ១៩៦០។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជួយដោយរដ្ឋាភិបាលបារាំង និងផ្លូវជាតិលេខ៤ ជួយដោយរដ្ឋាភិបាលអាមេរិក នាសម័យនោះ បានធ្វើឱ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជាមានសកម្មភាពមមាញឹក រហូតដល់មានការពង្រីកផែសម្រាប់ដាក់កុងតឺន័រថែមទៀតផង។ ជាគ្រោះកាចអកុសលសង្គ្រាមក្នុងតំបន់ ក៏ក្លាយទៅជាគ្រោះសម្រាប់កម្ពុជា។
ក្រោយការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយមនាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយក្រុមមេដឹកនាំសាធារណរដ្ឋខ្មែរ បានធ្វើឱ្យកម្ពុជារអិលជើងធ្លាក់ចូលសង្គ្រាមផ្ទៃក្នុង។ សង្គ្រាមផ្ទៃក្នុងនាំឱ្យកម្ពុជាផុងក្នុងវិបត្តិ ការធ្វើពាណិជ្ជកម្មនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ត្រូវខកខានផងដែរ។ ផែដែលធ្លាប់បម្រើជាប្រយោជន៍សេដ្ឋកិច្ច ក្លាយទៅជាផែបម្រើដល់សង្គ្រាមដឹកសព្វាវុធទៅវិញ។
ចាប់ក្រោយថ្ងៃធ្វើរដ្ឋប្រហារ រហូតដល់ក្នុងរបបខ្មែរក្រហម ពោលរាប់ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបាត់បង់តួនាទីក្នុងការធ្វើពាណិជ្ជកម្មហើយត្រូវទុកចោលយ៉ាងស្ងៀមស្ងាត់បំផុត។ កាន់តែសង្វេគថែមទៀតនោះ បុគ្គលិក កម្មករ និយោជិត ដែលធ្លាប់បម្រើការងារនៅកំពង់ផែនេះ ត្រូវបានខ្មែរក្រហមកៀរយកទៅ ហើយត្រឡប់មកវិញតិចតួចបំផុតក្រោយពេលប្រទេសជាតិត្រូវបានរំដោះ។
លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា មុនពេលរបបខ្មែរក្រហមចូលមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានបុគ្គលិក កម្មករ និយោជិតចន្លោះ៣០០នាក់ ទៅ៤០០នាក់។ តែក្រោយរបបខ្មែរក្រហមដួលរលំទៅមានមនុស្សតែ៦នាក់ប៉ុណ្ណោះ បានវិលត្រឡប់មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុវិញ។
សម្រាប់លោក លូ គឹមឈន់ នេះគឺជាដំណើរនៃជោគវាសនាដ៏សែនសង្វេគ និងអកុសលបំផុតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ខ្មែរថាក្រោយមេឃភ្លៀងពពកខ្មៅងងឹត ផ្ទៃមេឃក៏ប្រែស្រឡះ។ ក្រោយរបបខ្មែរក្រហមដួលរលំក្រោមចលនាតស៊ូរបស់ខ្មែរអ្នកស្នេហាជាតិនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩នោះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានទទួលបានសន្សើមប្រោសព្រំផ្តល់ដង្ហើមជាថ្មី។
លោក លូ គឹមឈន់ បានរៀបរាប់ថា បើទោះក្រោយឆ្នាំ១៩៧៩ កម្ពុជាត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ មិនមានសកម្មភាពពាណិជ្ជកម្មអន្តរជាតិយ៉ាងណាក្តី ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន កាលពីពេលនោះ បានមើលឃើញនូវតួនាទីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយជំរុញកិច្ចអភិវឌ្ឍន៍ជាប់ជាប្រចាំនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ក្រោយកម្ពុជាបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងមានការជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លាពីរដ្ឋាភិបាលជប៉ុនផងនោះ បានធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្លាយទៅផែធ្វើពាណិជ្ជកម្មដ៏មមាញឹករបស់កម្ពុជា។
លោក លូ គឹមឈន់ បានឱ្យដឹងថា ប្រែពីផែសល់បុគ្គលិកត្រឹម៦នាក់ក្រោយរបបខ្មែរក្រហមនោះ បច្ចុប្បន្នផែនេះមានបុគ្គលិក កម្មករ និងនិយោជិត បម្រើការងារសរុបប្រមាណ ១៦០០នាក់។ ពីកំពុងផែដែលគ្មានកុងតឺន័រចេញចូលសោះ ប្រែមកជាកំពង់ផែទទួលបានកុងតឺន័រចំនួន ១លានកុងតឺន័រនៅឆ្នាំ២០២៤, ១.៣លានកុងតឺន័រនៅឆ្នាំ២០២៥ និងរំពឹងថា ទទួលបានកុងតឺន័រ ១.៦លានកុងតឺន័រនៅឆ្នាំ២០២៦នេះ។
លោក លូ គឹមឈន់ បានថ្លែងអំណរដល់បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់ ដែលបានខិតខំបំពេញផ្តល់សេវាលើកដាក់កុងតឺន័របានលឿនរហ័ស បើទោះបីចំនួនកុងតឺន័រមានចំនួនច្រើនលើសពីសមត្ថភាពនៃការទទួលរបស់ផែយ៉ាងណាក្តី។
បើតាមលោក លូ គឹមឈន់ បានឱ្យដឹងថា សម្រាប់ប្រភេទផែដូចកម្ពុជានេះ ជាទូទៅសេវាលើកដាក់ទូកុងតឺន័រចេញចូលផែ ត្រូវប្រើពេលវេលាជាមធ្យម ៨.៥ថ្ងៃ តែបច្ចុប្បន្នប្រើពេលតែ ៣.៦ថ្ងៃប៉ុណ្ណោះ ខណៈផែនៅប្រទេសជុំវិញកម្ពុជា ប្រើពេល ៦.៥ថ្ងៃ។ តាមរយៈសេវាលឿនរហ័សនេះ ធ្វើឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាប់ចំណាត់ថ្នាក់លេខ២នៅក្នុងតំបន់លើការបញ្ចេញបញ្ចូលទូកុងតឺន័រ។
សម្រាប់លោក លូ គឹមឈន់ លទ្ធផលទាំងនេះ គឺបានមកពីការខិតខំរបស់បុគ្គលិក កម្មករ និយោជិតរបស់ផែ ដែលបានខិតខំផ្តល់សេវា ២៤ម៉ោង លើ២៤ម៉ោង និង៧ថ្ងៃពេញក្នុងមួយសប្តាហ៍។ ជាពិសេស គឺការយកចិត្តទុកដាក់ខ្ពស់បំផុតលើការបំពេញការងាររបស់ពួកគេ។
ផ្លែផ្កាដ៏ប្រសើរនៃការផ្តល់សេវានេះហើយ ធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការលើកទឹកចិត្តខ្ពស់ចំពោះថ្នាក់ដឹកនាំ បុគ្គលិក កម្មករ និងនិយោជិតបម្រើការងារនៅផែស្វយ័តក្រុងព្រះសីហនុ។ តាំងពីពេលសម្តេចតេជោ ហ៊ុន សែន កាន់ការងារជានាយករដ្ឋមន្ត្រី បន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែជ្រើសយកថ្ងៃទី១ ខែឧសភា ទិវាពលកម្មអន្តរជាតិ ធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិក កម្មករ និយោជិតរបស់ផែ។ ពេលនេះកម្មវិធីមួយនេះ បានក្លាយទៅជាប្រពៃណីទៅហើយ។
សូមបញ្ជាក់ផងដែរថា ដើម្បីរួមចំណែកគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងបន្តអភិវឌ្ឍនិងពង្រីកសមត្ថភាពរបស់ខ្លួនតាមរយៈការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីចំនួន ៣ជំហាន ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ និងការជួយជ្រោមជ្រែងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។ ការអភិវឌ្ឍទាំង៣ជំហាន បានប្រព្រឹត្តតាមដំណាក់កាលដូចខាងក្រោម៖
១៖ គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៩៣% ចូលចតបាន និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រប្រមាណ ២០០ដុល្លារអាម៉េរិក/TEU។ គិតត្រឹមខែមេសា ឆ្នាំ២០២៦ គម្រោងទាំងមូលសម្រេចវឌ្ឍនភាពបាន ៦៦,៧% និងគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៧ខាងមុខ ដែលនឹងជួយបង្កើនសមត្ថភាពផែដល់ ១ ៤៥០ ០០០ TEUs/ឆ្នាំ។
២៖ គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាមានផ្លូវរត់ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកចូលចតបាន។ គម្រោងនេះ គ្រោងនឹងចាប់ផ្តើមអនុវត្តការសាងសង់នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ និងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៩ ដែលនឹងជួយបង្កើនសមត្ថភាពផដល់២ ០២០ ០០០ TEUs/ឆ្នាំ។
៣៖ គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី៣ មានប្រវែង៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវាមានផ្លូវដឹកជញ្ជូនក្នុងពិភពលោកទៅមកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានដោយផ្ទាល់។ គម្រោងនេះ បច្ចុប្បន្នកំពុងរៀបចំឯកសារដេញថ្លៃ និងចាប់ផ្តើមអនុវត្តការសាងសង់នៅដើមឆ្នាំ២០២៧ ខាងមុខ និងគ្រោងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០៣០ ដែលនឹងជួយបង្កើនសមត្ថភាពផៃដល់ ២ ៦៣៧ ០០០ TEUs/ឆ្នាំ។
ទន្ទឹមគ្នានេះ កំពង់ផែក៏បានសាងសង់ប្រព័ន្ធគ្រប់គ្រងចរាចរនាវា ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជូនកំពង់ផែនៅដើមឆ្នាំ២០២៦។ ប្រព័ន្ធនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ២០២៧ ដែលអាចគ្រប់គ្រងនាវាធ្វើនាវាចរ ក្នុងរង្វង់ ៦០ Miles ឬ ប្រមាណ ៩៧ គ.ម ព្រមទាំងសម្រួលចរាចរនាវា ធានាសុវត្ថិភាព និងជួយសង្គ្រោះនាវាដែលជួបឧបទ្ទវហេតុផ្សេងៗ៕



















































