កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់៥៩គ្រួសារនៅមូលដ្ឋានសង្កាត់ម្កាក់
05-05-2026 14:13
(បន្ទាយមានជ័យ)៖ ដើម្បីចូលរួមចំណែកឆ្លើយតបជាមួយគ្រោះមហន្តរាយនៅក្នុងមូលដ្ឋានសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាផ្តល់ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥៩គ្រួសារ នៅមូលដ្ឋានសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នេះជាការរួមចំណែកជួយដល់ប្រជាពលរដ្ឋពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាកបាទក្រហមកម្ពុជាតែងតែមានមុខក្នុងការជួយដោះស្រាយ នឹងនៅក្បែរប្រជាពលរដ្ឋជានិច្ច ក្នុងការជួយដោះស្រាយទុក្ខលំបាក ដោយមិនមានការរើសអើង ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយឡើយ។
ជាក់ស្តែងក្រោយពេលដែលប្រជាពលរដ្ឋទាំង ៥៩គ្រួសារ ទទួលរងនូវគ្រោះធម្មជាតិខ្យល់កន្ត្រាក់ សាខាកាកបាទក្រហម ក៏បានរៀបចំជាអំណោយសង្គ្រោះបន្ទាន់ភ្លាមៗ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋសម្រាប់បានដោះស្រាយមួយគ្រា។ ក្នុងនោះអាជ្ញាធរក៏បានចុះដល់មូលដ្ឋានភ្លាម ជួយរុះរើ រៀបចំផ្ទះជូនបងប្អូនរងគ្រោះភ្លាម ៗព្រមទាំងបានផ្តល់ ស័ង្កសីផងដែរ។
សូមបញ្ជាក់ថា ពលរដ្ឋដែលរងគ្រោះទាំង ៥៩គ្រួសារ(ស្មេីរនឹង៥៩ខ្នងផ្ទះ) ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម, មី ២៥កញ្ចប់, ទឹកស៊ីអ៉ីវ ០១យួរ, ទឹកត្រី ០១យួរ រួមនឹងថវិកាមួយចំនួន ក្នុងនោះលោក អ៊ុំ រាត្រី ក៏បានផ្តល់សង្ក័សី ចំនួនជាង ៩០០សន្លឹក សម្រាប់ជួយជួសជុលផ្ទះបងប្អូនពលរដ្ឋផងដែរ៕































