រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងជួបជាមួយអ្នកសារព័ត៌មានអនឡាញ ដើម្បីពង្រឹងលើក្រមសីលធម៌ផង និងការផ្តល់ព័ត៌មានដែលមានប្រយោជន៍ដល់សង្គម

05-05-2026 14:38

(ភ្នំពេញ)៖ លោក នេត្រ ភក្ក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈបណ្តាញសង្គមផ្លូវការនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថាលោកនឹងមានជំនួបថ្មីបន្ថែមទៀតជាមួយ អ្នកសារព័ត៌មានអនឡាញ ដែលបានកំពុងចុះយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងសន្តិសុខសង្គម និងជម្លោះនានាដែលបានកើតឡើង ដើម្បីពង្រឹងលើក្រមសីលធម៌ផង និងការផ្តល់ព័ត៌មានដែលមានប្រយោជន៍ដល់សង្គមផង ជំរុញឱ្យមានការផលិតផ្សព្វផ្សាយព័ត៌មានដែលមានផលប្រយោជន៍ច្រើនដល់ពលរដ្ឋ។

ក្នុងនោះលោករដ្ឋមន្ត្រី បានឱ្យដឹងថា សម្រាប់កិច្ចប្រជុំជាមួយតំណាងម្ចាស់ស្ថានីយទូរទស្សន៍ លោកក៏បានជំរុញការផ្សព្វផ្សាយខ្លឹមសារ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម និងបណ្តុះស្មារតីប្រិយមិត្តរបស់ខ្លួនលើខ្លឹមសារបែបផ្តល់ព័ត៌មានចំណេះដឹង ជាជាងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងជម្លោះគ្រួសារ ជម្លោះស្នេហា ឬព័ត៌មានដែលបង្ហាញពីសាកសព ការធ្វើអត្តឃាតជាដើម ដើម្បីគ្រាន់តែចង់បានអ្នកមើលច្រើន ប៉ុន្តែជះឥទ្ធិពលមិនល្អលើអារម្មណ៍ ផ្លូវចិត្តរបស់ពលរដ្ឋដែលទស្សនា និងសង្គមផងដែរ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ងាកមកទទួលព័ត៌មាន និងទស្សនាព័ត៌មានដែលផ្តល់ចំណេះដឹង ការយល់ដឹង ផ្តល់គំនិត និងទស្សនៈជាជាងការទស្សនាព័ត៌មានបែបរន្ធត់ ព័ត៌មានទាក់ទងនឹងការធ្វើអត្តឃាត ឬជម្លោះផ្សេងៗ។

ត្រង់ចំណុចនេះត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ពេលខ្លះបងប្អូនអាចមានអារម្មណ៍មិនល្អ ឈឺក្បាល ស្រ្តេស ឬអារម្មណ៍ផ្សេង បងប្អូនមិនមានជំងឺអ្វីទេ ប៉ុន្តែអាចមកពីបងប្អូនអានព័ត៌មាន ឬទស្សនារូបភាពដែលរន្ធត់ ឬព័ត៌មានមិនល្អ។ សូមរួមគ្នាដើម្បីផលិត ផ្សព្វផ្សាយព័ត៌មានដែលផ្តល់ផលប្រយោជន៍ដល់សង្គម៕