ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បើកវគ្គបណ្តុះបណ្តាលស្តីពី «ក្របខ័ណ្ឌគោលនយោបាយ និងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រ នៅប្រទេសកម្ពុជា»
05-05-2026 17:52
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ក្របខ័ណ្ឌគោលនយោបាយ និងបទប្បញ្ញត្តិនៃខ្សែកាបក្រោមបាតសមុទ្រនៅប្រទេសកម្ពុជា» សម្រាប់មន្រ្តីច្បាប់ និងមន្រ្តីបច្ចេកទេសនៃ ក.ប.ទ. និង ន.ទ.ក. សរុបចំនួន២៥នាក់។
ពិធីនេះ ដោយមានការចូលរួមពីលោក គង់ ផល្លៈ រដ្ឋលេខាធិការ នៃ ក.ប.ទ. និង លោកស្រី Stephanie Chow លេខាទី១ ផ្នែកនយោបាយ នៃស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា នៅសណ្ឋារគារ Hyatt Regency Phnom Penh។
វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃគម្រាងភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (Partnership for Infrastructure) ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី។
ថ្លែងក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក គង់ ផល្លៈ បានថ្លែងថា ខ្សែកាបក្រោមបាតសមុទ្រគឺជា «ឆ្អឹងខ្នង» នៃសេដ្ឋកិច្ចឌីជីថល និងជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ សម្រាប់ដឹកជញ្ជូនទិន្នន័យ ព្រមទាំងតភ្ជាប់អាជីវកម្មនិងប្រជាពលរដ្ឋកម្ពុជាជាមួយពិភពលោក។
ការកសាងប្រព័ន្ធតភ្ជាប់ជាតិឱ្យបានពេញលេញ ដោយគិតចាប់តាំងពីខ្សែកាបក្រោមបាតសមុទ្រទៅផ្កាយរណបនៅលំហអវកាសគឺជាចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រី ជា វ៉ាន់ដេត។
ជាក់ស្តែង នៅពេលថ្មីៗនេះ ក.ប.ទ.ក៏បានប្រកាសពីមហិច្ឆិតាក្នុងការបាញ់បង្ហោះផ្កាយរណបរបស់កម្ពុជា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ដើម្បីសម្រេចគោលដៅនេះ យើងត្រូវចាប់ផ្តើមពីការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ ២៥ កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅបរទេសលើជំនាញបច្ចេកទេសផ្កាយរណប។
ការបណ្តុះបណ្តាលថ្ងៃនេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សរបស់ ក.ប.ទ. និង ន.ទ.ក. ដើម្បីពង្រឹងសមត្តភាពមន្ត្រីឱ្យមានការគិតគូរ និងត្រៀមលក្ខណៈដើម្បីដឹកនាំ និងគ្រប់គ្រងខ្សែកាបក្រោមបាតសមុទ្រ៕








