* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Fresh Exclusive: ប្រតិបត្តិការ «Project Freedom» គ្រប់គ្រងសណ្តាប់ធ្នាប់ ឬ បង្កអស្ថិរភាពក្នុងច្រក Hormuz? (Video inside)

05-05-2026 18:21

(ភ្នំពេញ)៖ ប្រតិបត្តិការ «Project Freedom» នៅថ្ងៃដំបូង មិនបាននាំមកនូវស្ថិរភាពឡើយ ប៉ុន្តែបានបង្កើតភាពច្របូកច្របល់គួរឱ្យព្រួយបារម្ភ ទាំងនៅលើផ្លូវទឹក និងទីផ្សារពិភពលោក។ គម្រោងដែលមានបំណងធានាសុវត្ថិភាពការដឹកជញ្ជូនតាមច្រក Hormuz កំពុងប្រឈមមុខនឹងភាពផ្ទុយគ្នាយ៉ាងច្បាស់ មានកប៉ាល់ឆេះ មានការវាយប្រហារ និងមានភាពភ័យខ្លាចកំពុងរាលដាលនៅលើទីផ្សារសេដ្ឋកិច្ច។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ ...

នៅថ្ងៃចាប់ផ្តើមប្រតិបត្តិការ Project Freedom ដែលមានគោលបំណងធានាសណ្តាប់ធ្នាប់នៅច្រកសមុទ្ទ Hormuz នាវាពាណិជ្ជកម្មមួយ ដែលមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅលើនោះ កំពុងត្រូវបានទាញយកចេញពីផ្លូវទឹកដ៏សំខាន់បំផុតរបស់ពិភពលោកនេះ។

នៅថ្ងៃដដែលនោះដែរ ផ្ទៃមេឃលើតំបន់នេះ បានក្លាយជាសមរភូមិថ្មីមួយ ខណៈដ្រូន និងមីស៊ីល ត្រូវបានបាញ់ប្រហារទៅវិញទៅមក។ ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអារ៉ាប់អេមីរ៉ាត ត្រូវបានរាយការណ៍ថា បានស្ទាក់ចាប់ និងបាញ់ទម្លាក់យ៉ាងហោចណាស់១៩គ្រាប់ ក្នុងស្ថានភាពតានតឹងខ្លាំង។ ការវាយប្រហារនេះក៏បានបង្កអគ្គីភ័យដ៏ធំមួយនៅតំបន់ឧស្សាហកម្មប្រេង Fujairah ផងដែរ។

នៅលើផ្ទៃសមុទ្រ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានអះអាងថា បានបាញ់បំផ្លាញទូកតូចៗចំនួនប្រាំពីរគ្រឿង ដែលគេជឿថាជារបស់អ៊ីរ៉ង់ នៅក្នុងច្រកសមុទ្រ Hormuz។ ព្រឹត្តិការណ៍ទាំងនេះ កំពុងបង្ហាញយ៉ាងច្បាស់ថា ការប៉ះទង្គិចយោធា កំពុងត្រូវបានបញ្ឆេះឡើងវិញក្នុងពេលតែមួយ ដែលប្រតិបត្តិការ «Project Freedom» របស់សហរដ្ឋអាមេរិកទើបតែចាប់ផ្តើម។

* ពី «ការការពារ» ទៅ «ភាពច្របូកច្របល់យុទ្ធសាស្ត្រ»

ប្រតិបត្តិការ Project Freedom ត្រូវបានបង្ហាញថា ជាវិធានការដើម្បីធានាសុវត្ថិភាពនាវាចរណ៍ និងបំបែកភាពទាល់ច្រកនៅក្នុងច្រក Hormuz។ ប៉ុន្តែការវិវត្តន៍នៅចំថ្ងៃដំបូងដែលបានចាប់ផ្តើមនោះ បានបង្ហាញសញ្ញាផ្ទុយយ៉ាងច្បាស់។ វាមិនត្រឹមតែបរាជ័យក្នុងការបង្កើតសុវត្ថិភាពទេ ប៉ុន្តែកំពុងបង្កើតភាពច្របូកច្របល់យុទ្ធសាស្ត្រ ដែលអាចជំរុញឱ្យជម្លោះពង្រីក ទៅជាវិបត្តិសន្តិសុខ និងវិបត្តិសេដ្ឋកិច្ចកម្រិតពិភពលោក។

* ការពិត និងការអះអាងធានាសុវត្ថិភាព
សហរដ្ឋអាមេរិក បានអះអាងមុននេះថា ប្រតិបត្តិការ «Project Freedom» គឺការជួយធានាសុវត្ថិភាពនាវាដឹកជញ្ជួនពាណិជ្ជកម្មនានា ដែលកកស្ទះនៅក្នុងដែនសមុទ្ទអារ៉ាប់ ដើម្បីអាច ឆ្លងកាត់ការការពារយោធារបស់អាមេរិក ដែលមានកម្លាំងដាក់ពង្រាយច្រើនម៉ឺននាក់ និង គ្រឿងយុទ្ធោបករណ៍សឹកទំនើប ដើម្បីកំញើញសត្រូវ។

ប៉ុន្តែជាក់ស្តែង នៅថ្ងៃដំបូងនៃប្រតិបត្តិការ «Project Freedom» ភាពស្ងប់ស្ងាត់ក្រោមការឈប់ បាញ់គ្នាអស់មួយរយៈពេលកន្លងមក ស្រាប់តែបានកើតឡើងវិញ។ នាវាពាណិជ្ជកម្មរបស់កូរ៉េ ខាងត្បូងមួយគ្រឿង បានឆេះ, មនុស្សយ៉ាងហោចប្រាំនាក់ ត្រូវបានសម្លាប់ ដោយសារកងទ័ព ជើងទឹកអាមេរិក បានបាញ់ពន្លិចនាវាល្បឿនលឿន៧គ្រឿង ដែលអ៊ីរ៉ង់ បាននិយាយថា មិនមែនជាក្រុមយោធារបស់អ៊ីរ៉ង់នោះទេ ប៉ុន្តែជានាវាស៊ីវិលដឹកទំនិញ និង អ្នកដំណើរ តែប៉ុណ្ណោះ ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ព្រឹត្តិការណ៍នៅ Hormuz នៅថ្ងៃប្រតិបត្តិការយោធាអាមេរិកថ្ងៃដំបូងនោះ បានបង្ហាញយ៉ាងច្បាស់ថា មិនមានដំណោះស្រាយយោធាចំពោះវិបត្តិនយោបាយទេ»។

នៅជាមួយគ្នានេះដែរប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានថា អ៊ីរ៉ង់នឹងត្រូវ «វាយបំប៉ើងឱ្យខ្ទាតចេញពីផ្ទៃផែនដី» ប្រសិនបើនាវាកងទ័ពជើងទឹកអាមេរិកណាមួយរងការវាយប្រហារនៅច្រកសមុទ្រ Hormuz។ ការគំរាមកំហែងនេះ បានធ្វើឡើងបន្ទាប់ពីរបាយការណ៍របស់អ៊ីរ៉ង់ថា មីស៊ីលក្រុងតេហេរ៉ង់ បានវាយប្រហារនាវាចម្បាំងអាមេរិកមួយគ្រឿងនៅច្រកសមុទ្រ ប៉ុន្តែយោធាអាមេរិក បានប្រញាប់បដិសេធវិញ។ ព្រឹត្តិការណ៍ទាំងនេះ បង្ហាញយ៉ាងច្បាស់ថា ទោះបីមានវត្តមានយោធាខ្លាំង និងសម្តីអះអាងរឹងមាំពីវ៉ាស៊ីនតោន យ៉ាងណាក៏ដោយការធានាសុវត្ថិភាពនាវាចរណ៍នៅច្រក Hormuz នៅតែស្ថិតក្នុងស្ថានភាពមិនអាចទុកចិត្តបានឡើយ។

* ប្រតិបត្តិការ «Project Freedom» ថ្ងៃដំបូង៖ ពិភពលោកបន្តរងគ្រោះក្នុងវិបត្តិសេដ្ឋកិច្ច

ច្រកសមុទ្រ Hormuz មិនមែនជាច្រកធម្មតាទេ ប៉ុន្តែជាសរសៃឈាមសំខាន់នៃសេដ្ឋកិច្ចពិភពលោក ដែលដឹកប្រេងប្រហែលជាង ២០% នៃការផ្គត់ផ្គង់សរុប។ ដោយសារតែសារៈសំខាន់នេះ អស្ថិរភាពតូចមួយ ក៏អាចបង្កឱ្យមានប្រតិកម្មធំលើទីផ្សារថាមពល។ នៅពេលដែលភាពតានតឹងកើនឡើងវិញនៅថ្ងៃដំបូងនៃប្រតិបត្តិការ «Project Freedom» តម្លៃប្រេងបានឆ្លើយតបភ្លាមៗ។ ប្រេងឆៅប្រភេទ Brent បានកើនឡើងជិត ៦% ដល់កម្រិត ១១៤.៤៤ដុល្លារក្នុងមួយបារ៉ែល នៅថ្ងៃចន្ទ មុននឹងថយចុះបន្តិចមក ១១៣.៥៤ដុល្លារ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែឧសភានេះ។

ក្នុងពេលដំណាលគ្នានេះដែរ ភាពភ័យខ្លាចរបស់ក្រុមហ៊ុនដឹកជញ្ជូន បានធ្វើឱ្យចរាចរណ៍នាវាតាមច្រក Hormuz ថយចុះយ៉ាងច្បាស់ ខណៈក្រុមហ៊ុនជាច្រើន នៅតែស្ទាក់ស្ទើរក្នុងការឆ្លងកាត់ ទោះបីមានការធានាសុវត្ថិភាពពីសហរដ្ឋអាមេរិកក៏ដោយ។ សញ្ញាទាំងនេះបង្ហាញថា ទោះបីជាប្រតិបត្តិការ «Project Freedom» ត្រូវបានបង្ហាញថាជាវិធានការសម្រាប់ស្ថិរភាពក៏ដោយ ប៉ុន្តែទីផ្សារនិងវិស័យដឹកជញ្ជូនវិញ កំពុងឆ្លើយតបផ្ទុយ ដោយបង្ហាញការខ្វះជំនឿលើសុវត្ថិភាពពិតប្រាកដនៅក្នុងតំបន់។ នៅទីបំផុត អ្វីដែលមិនបានធ្លាក់ចុះ គឺតម្លៃប្រេង និងហានិភ័យសេដ្ឋកិច្ច ហើយអ្នកដែលត្រូវបង់ថ្លៃពិតប្រាកដ គឺពិភពលោកទាំងមូល។

* ការទូត និង ភាពតានតឹង

ការវាយប្រហារដោយដ្រូន និងមីស៊ីលទៅលើប្រទេសអារ៉ាប់អេមីរ៉ាត បានបង្ហាញថាជម្លោះមិនទាន់ស្ងប់ទេនៅក្នុងច្រក Hormuz។ ប្រទេសជាច្រើន ដូចជា អាល្លឺម៉ង់ បារាំង អង់គ្លេស និងកាណាដា បានចេញសេចក្តីថ្កោលទោស និងបង្ហាញការព្រួយបារម្ភ។ អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានជំរុញឱ្យក្រុងតេហេរ៉ង់ វិលត្រឡប់មកតុចរចាវិញ បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសអារ៉ាប់អេមីរ៉ាត ដោយនិយាយថា «អ៊ីរ៉ង់ត្រូវតែឈប់ចាប់ពិភពលោកជាចំណាប់ខ្មាំង»។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នៅជាមួយគ្នានេះ បានព្រមានថា «គ្មានដំណោះស្រាយយោធាសម្រាប់វិបត្តិនយោបាយទេ» បើទោះបីការចរចានៅតែកំពុងបន្តតាមរយៈប្រទេសប៉ាគីស្ថានក៏ដោយ។ ក្នុងបរិបទនេះ បើទោះបីទ្វារសន្តិភាព មិនទាន់បិទក៏ពិតមែន ប៉ុន្តែទ្វារឈានទៅរកសន្តិភាពកំពុងមានលក្ខណៈតូចចង្អៀតខ្លាំងណាស់។

ជារួមប្រតិបត្តិការ Project Freedom មិនទាន់បាននាំមកនូវការគ្រប់គ្រងគួរឱ្យទុកចិត្តទេ។ ផ្ទុយទៅវិញ កំពុងបង្កើតស្ថានភាពមួយដែលពិបាកទស្សន៍ទាយ។ ពេលនេះ ការព្យាយាមបើកផ្លូវសម្រាប់នាវា កំពុងប្រែក្លាយពីការការពារ ទៅជាការបង្កើតភាពច្របូកច្របល់ និងដូចជាការបើកផ្លូវសង្គ្រាមសាជាថ្មី ក្រោយការឈប់បាញ់ស្ងប់ស្ងាត់អស់មួយរយៈពេល។

សំណួរធំបំផុតនៅពេលនេះ គឺថា «តើអាមេរិកអាចការពារផ្លូវទឹកនេះបានដែរឬយ៉ាងណា?» ហើយ «តើពិភពលោកអាចទប់ស្កាត់មិនឱ្យច្រក Hormuz ក្លាយជាចំណុចផ្ទុះនៃសង្គ្រាមធំមួយបានដែរឬទេ?» ពីព្រោះនៅចុងក្រោយ អ្នកដែលត្រូវបង់ថ្លៃខ្ពស់បំផុត មិនមែនជាប្រទេសមហាអំណាចធំៗទេ ប៉ុន្តែជាប្រទេសក្រីក្រនិងមានសេដ្ឋកិច្ចងាយរងគ្រោះ ដែលត្រូវទទួលផលប៉ះពាល់ធ្ងន់ធ្ងរ ពីកត្តាអស្ថិរភាពថាមពល និងការចំណាយលើជីវភាពដែលកាន់តែកើនឡើង៕