រដ្ឋមន្ត្រីអប់រំ៖ ការបញ្ជូនកូនទៅរៀនភាសាបរទេសមុនភាសាខ្មែរ នាំឲ្យពួកគេមិនចង់រៀនភាសាខ្មែរ, បើសិនចេះតែអង់គ្លេស មិនចេះខ្មែរ នឹងបង្កើតការលំបាកពេលក្រោយ (Video inside)
06-05-2026 12:52
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការបញ្ជូនកូនទៅរៀនភាសាបរទេសមុនភាសាខ្មែរ នាំឲ្យពួកគេមិនចង់រៀនភាសាខ្មែរឡើយ។ លោកបានបន្តថា បើសិនកូនខ្មែរចេះតែភាសាអង់គ្លេស មិនចេះភាសាខ្មែរ នឹងបង្កបង្កើតការលំបាកដល់ពួកគេនៅពេលក្រោយ។
បើតាមលោកឧបនាយករដ្ឋមន្ត្រី មាតាបិតាខ្លះ ឲ្យកូនរៀនភាសាបរទេសមុនភាសាខ្មែរ ហើយពេលនិយាយជាមួយគាត់ ក៏ភាសាបរទេសទៀត ធ្វើឲ្យកូនគ្មានឱកាសនិយាយភាសាខ្មែរ និងមិនចេះភាសាខ្មែរ ហើយមានភាពលំបាកនៅថ្ងៃក្រោយ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី អបអរពិធីគម្រប់ខួប ១៨ឆ្នាំនៃផលជះវិជ្ជមាននិងបរិវត្តកម្មក្នុងវិស័យអប់រំ និងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីអន្តរជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេស នៅតាមសាលារៀនវ៉េស្ទឡាញន៍របស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ SUN & MOON Riverside។
លោកបានបញ្ជាក់ថា «១០ឆ្នាំនេះ តម្រូវការកើនឡើង គឺមាតាបិតាចង់បានគុណភាព យុវជនយើងក៏ចង់បានការអប់រំមួយ ដែលមានគុណភាព ប៉ុន្តែយ៉ាងណា សូមឲ្យមាតាបិតាយកចិត្តទុកដាក់ឲ្យកូនរៀនភាសាខ្មែរឲ្យបានត្រឹមត្រូវ បើសិនចេះតែអង់គ្លេស មិនចេះខ្មែរ នឹងបង្កើតការលំបាកពេលក្រោយ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានសំណូមពរដែរ គ្រប់កម្មវិធីសិក្សាអន្តរជាតិ ត្រូវតែពង្រឹងភាសាខ្មែរ។ ប្រសិនបើក្មេង រៀនភាសាអង់គ្លេសមុនភាសាខ្មែរហើយ គាត់អត់ចង់រៀនភាសាខ្មែរទេ ភាសាខ្មែរពិបាករៀនជាងអង់គ្លេស»៕





