សម្ដេចព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព និងអភិបាលខេត្តបាត់ដំបង និមន្ត និងអញ្ជើញ អបអរសាទរពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៦-២០២៧ នៅវត្តពោធិ៍វាល ក្រុងបាត់ដំបង
06-05-2026 13:40
(បាត់ដំបង)៖ សម្ដេចព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងសម្ដេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការ និងសាសនា និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង បាននិមន្ត និងអញ្ជើញចូលរួមក្នុងពិធីអបអរសាទរការបើកបវេសនកាល ពុទ្ធិកសិក្សាឆ្នាំសិក្សា ២០២៦-២០២៧។ ពិធីនេះធ្វើឡើងនៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះលោក សុខ លូ បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែយកចិត្តទុកដាក់ ខ្ពស់ក្នុងវិស័យសាសនា ជាពិសេសការលើកស្ទួយវិស័យពុទ្ធិកសិក្សា ដែលផ្តល់ឱកាសសម្រាប់ព្រះសង្ឃព្រះពុទ្ធសាសនាទទួលបានឱកាសសិក្សារៀនសូត្រ ចាប់តាំងពីកម្រិតបឋមសិក្សារហូតដល់កម្រិតឧត្តមសិក្សា និងបានធ្វើឱ្យមានសុខដុមសាសនានៅក្នុងប្រទេសមិនមានជម្លោះសាសនានោះទេ។
អភិបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា ព្រះសង្ឃគ្រប់អង្គនឹងចូលរួមសិក្សា និងគោរពប្រតិបត្តិឱ្យបានត្រឹមត្រូវស្របតាមគន្លងធម៌វិន័យព្រះពុទ្ធសាសនា និងច្បាប់រដ្ឋ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនាជាពិសេសវិស័យពុទ្ធិកសិក្សាក្នុង ខេត្តបាត់ដំបង ដើម្បីបណ្តុះបណ្តាលធនធានព្រះសង្ឃ ប្រកបដោយគុណភាពខ្ពស់សម្រាប់ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោក សុខ លូ បានសំណូមពរព្រះសង្ឃសូមចូលរួមអប់រំដល់ពុទ្ធបរិស័ទដាស់តឿនដល់កូនចៅត្រូវចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ រក្សាអនាម័យបរិស្ថាន ជាពិសេសចូលរួមប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់ ១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន៕




























