ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ចុះសួរសុខទុក្ខ និងនាំយកថវិការបស់នាយឧត្តមសេនីយ៍ ស ថេត ជូនគ្រួសារវរសេនីយ៍ទោ ម៉ាប់ សុផាត និងអនុសេនីយ៍ឯក ធាង ឧត្តម ដែលកំពុងសម្រាកព្យាបាលជំងឺ នៅទីក្រុងហូជីមិញ ដែលត្រូវក្រុមក្មេងទំនើងចាក់របួសធ្ងន់
06-05-2026 14:05
(ទីក្រុហូជីមិញ-វៀតណាម)៖ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ព្រមទាំងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ដោយឈរលើស្មារតីសាមគ្គីភាព «មិនទុកឱ្យមន្ត្រីនគរបាលណាម្នាក់ ឱ្យនៅឯកោក្នុងគ្រាលំបាក» នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំគណៈប្រតិភូមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិកាឧបត្ថម្ភទៅប្រគល់ជូនក្រុមគ្រួសារ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងនគរបាលស្រុកស្ទឹងត្រង់ ដែលកំពុងសម្រាកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលកំពុងចុះប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងយ៉ាងសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួនកាលពីពេលថ្មីៗនេះ។
ឆ្លៀតក្នុងឱកាស នៃការចុះពិនិត្យអំពីស្ថានភាពរបួស និងការព្យាបាលរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ដែលកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយនោះ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីព្រួយបារម្ភ និងការលើកទឹកចិត្តពីសំណាក់លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំទាំងអស់ ជូនដល់ក្រុមគ្រួសារ ដោយសង្ឃឹមយ៉ាងមុតមាំថា លោកវរសេនីយ៍ទោ នឹងអាចឆាប់បានជាសះស្បើយវិលត្រឡប់មកវិញ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានមានប្រសាសន៍កោតសរសើរយ៉ាងក្រៃលែងចំពោះការបំពេញតួនាទី និងភារកិច្ចរបស់មន្ត្រីនគរបាលរូបនេះ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ការចុះបំពេញភារកិច្ចបង្ក្រាបក្មេងទំនើងរបស់ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ដោយឥតរុញរា រហូតដល់ជួបគ្រោះថ្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរបែបនេះ គឺបានសបញ្ជាក់យ៉ាងច្បាស់ថា លោកគឺជាមន្ត្រីនគរបាលជាតិដ៏ឆ្នើមម្នាក់ ដែលមានភាពក្លាហាន មោះមុត និងហ៊ានលះបង់ខ្ពស់បំផុតទាំងកម្លាំងកាយ កម្លាំងចិត្ត សូម្បីតែអាយុជីវិតផ្ទាល់ខ្លួន ដើម្បីបម្រើជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាបាននូវសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋពិតប្រាកដមែន។ វីរភាពដ៏អង់អាចនេះ គឺជាគំរូដ៏ប្រពៃសម្រាប់កងកម្លាំងនគរបាលជាតិយើងទាំងមូល។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្រគល់ជូននូវថវិកាឧបត្ថម្ភរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ចំនួន២០លានរៀល ជូនដល់តំណាងក្រុមគ្រួសារ ដើម្បីជួយសម្រាលបន្ទុកចំណាយលើតម្រូវការផ្សេងៗ។
តំណាងក្រុមគ្រួសារលោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងមិនបោះបង់មន្ត្រីថ្នាក់ក្រោមក្នុងពេលជួបទុក្ខលំបាកឡើយ។
បន្ទាប់ពីចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ម៉ាប់ សុផាត រួចមក ឈ្លៀតឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងគណៈប្រតិភូ បានបន្តសាកសួរសុខទុក្ខ លោកអនុសេនីយ៍ ធាង ឧត្តម ដែលកំពុងងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាមដែល។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងប្រតិភូ មានសេចក្តីរីករាយពន់ពេក ក្រោយឃើញការៈរបស់លោកអនុសេនីយ៍ឯក ធាង ឧត្តម មានភាពប្រសើរឡើងជាបន្តបន្ទាប់។ លោកឧត្តមសេនីយ៍ឯក ក៏បានផ្តល់អនុសាសន៍ និងការណែនាំដល់ លោកអនុសេនីយ៍ឯក ធាង ឧត្តម ព្រមទាំងក្រុមគ្រួសារ ឱ្យយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញឱ្យបានខ្ជាប់ខ្ជួន ដើម្បីឆាប់ទទួលបានសុខភាពល្អបរិបូរណ៍ឡើងវិញ។
លោកឧត្តមសេនីយ៍ឯក នាយមន្ទីរ បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការអនុវត្តតាមការណែនាំទាំងនេះ លោកអនុសេនីយ៍ឯក ធាង ឧត្តម នឹងឆាប់ជាសះស្បើយ និងអាចវិលត្រឡប់មកកាន់ជីវភាពរស់នៅ ក៏ដូចជាការបំពេញការងារធម្មតាវិញក្នុងពេលឆាប់ៗខាងមុខ។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្រគល់ថវិការឧត្តម្ភរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ចំនួន២០លានរៀល ជូនលោកអនុសេនីយ៍ឯក ធាង ឧត្តម ដើម្បីជួយសម្រាលបន្ទុកក្នុងចំណាយលើការព្យាបាលផងដែរ។
សូមជម្រាបថា នេះជាលើកទី៣ហើយ សម្រាប់ការអញ្ជើញសួរសុខទុក្ខដល់លោកអនុសេនីយ៍ឯក ធាង ឧត្តម៕






























