និស្សិតជំនាញនីតិសាស្ដ្រ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចុះទស្សនកិច្ចសិក្សានៅគណៈមេធាវីកម្ពុជា
06-05-2026 14:56
(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យបណ្ឌិត សួស សោភា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដឹកនាំនិស្សិតជំនាញនីតិសាស្ដ្រនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបចំនួន ៥០រូប ចុះទស្សនកិច្ចសិក្សានៅគណៈមេធាវីកម្ពុជា ដោយមានលោកមេធាវី គីម សុជាតិ អគ្គលេខាធិការគណៈមេធាវី ចាំទទួលស្វាគមន៍គណៈគ្រប់គ្រង និងនិស្សិតដោយផ្ទាល់។
ទស្សនកិច្ចសិក្សានេះបានធ្វេីឡេីងនាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ដោយមានការធ្វើបទឧទ្ទេសនាមស្តីពី «វិជ្ជាជីវៈមេធាវី» ដោយលោកមេធាវី គីម សុជាតិ អគ្គលេខាធិការគណៈមេធាវី។ ក្រោយបញ្ចប់បទបង្ហាញ និស្សិតទាំងអស់បានធ្វើដំណើរទស្សនកិច្ចទីតាំងមួយចំនួននៃអគារទីស្នាក់ការគណៈមេធាវី រួមមាន៖ បន្ទប់កិត្តិយស បន្ទប់វិនិច្ឆ័យ និងសាលប្រជុំក្រុមប្រឹក្សាគណៈមេធាវី។
ឆ្លៀតក្នុងឱកាសនេះលោកអគ្គលេខាធិការ បានផ្ដល់នូវអនុសាសន៍ល្អៗដល់និស្សិត ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់រៀនសូត្រ បង្កើនចំណេះដឹង សិក្សាស្រាវជ្រាវច្បាប់ និងស្វែងយល់អំពីការរីកចម្រើននៃសង្គមជាតិ ត្រូវមានសុទិដ្ឋិនិយមចំពោះការដឹកនាំនៃស្ថាប័ននានារបស់ជាតិ ប្រព័ន្ធយុត្តិធម៌ ដំណើរការនៃការកសាងនីតិរដ្ឋនៅកម្ពុជា។
លោកអគ្គលេខាធិការ គីម សុជាតិ បានជូនពរគណៈគ្រប់គ្រង និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមមានមានសុវត្ថិភាពក្នុងការធ្វើដំណើរ៕














