សម្ដេចប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យផ្ដល់គោរមងារជា «ឧកញ៉ា» ដល់លោកស្រី ណូ សុភា (Sophea Böttcher) បន្ទាប់ពីបរិច្ចាគថវិកាជាច្រើន ជួយកងទ័ព ជនភៀសសឹក និងអ្នកមានជីវភាពខ្វះខាត

06-05-2026 16:02

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យផ្ដល់គោរមងារជា «ឧកញ៉ា» ដល់លោកស្រី ណូ សុភា (Sophea Böttcher)។ នេះបើតាមព្រះរាជក្រឹត្យ របសសម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦។

លោកស្រី ណូ សុភា ជាអនិកជនខ្មែរបេះដូងពោរពេញដោយមនុស្សធម៌ បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើននៅកម្ពុជា មានដូចជាជួយដល់កុមារកំព្រា ទុរគតជន ជនទីទ័លក្រជាដើម។ លោកស្រី ក៏បានចូលរួមជួយដល់ជនភៀសសឹក វីរៈកងទ័ព និងវីរៈនគរបាល កំលុងពេលមានសង្គ្រាមផងដែរ។

តាមរយៈ Facebook របស់ខ្លួន លោកស្រីឧកញ៉ា Sophea Böttcher បានបង្ហោះថា «នាងខ្ញុំ មានកិត្តិយសយ៉ាងក្រៃលែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ដែលបានផ្តល់គោរមងារជា «ឧកញ៉ា» ដល់រូបនាងខ្ញុំ។ នេះជាកិត្តិយសដ៏ធំធេងមួយ ដែលនាងខ្ញុំ នឹងចងចាំ និងគោរពថែរក្សាជានិច្ច។

ការទទួលបានគោរមងារដ៏ខ្ពង់ខ្ពស់នេះ គឺជាកម្លាំងចិត្តដ៏សំខាន់ ជំរុញឱ្យខ្ញុំនាងខ្ញុំ បន្តខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ច បម្រើជាតិ សាសនា និងព្រះមហាក្សត្រ ដោយស្មោះត្រង់ និងទទួលខុសត្រូវ។

នាងខ្ញុំ សូមប្តេជ្ញាថា នឹងប្រើប្រាស់កិត្តិយសនេះ ដើម្បីចូលរួមអភិវឌ្ឍសង្គម និងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។
សូមគោរពជូនព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់ ព្រមទាំងសម្តេច សូមមានសុខភាពល្អ បរិបូរណ៍កម្លាំង និងជោគជ័យគ្រប់ភារកិច្ចជានិច្ច»៕