ចក្រភពអង់គ្លេស ប្រកាសបានផ្តល់ជំនួយ ១.៦លានផោន សម្រាប់រយៈពេល ០១ឆ្នាំ គាំទ្រដល់ការងារបោសសម្អាតមីន និងអប់រំការយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះនៅកម្ពុជា

06-05-2026 16:12

(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេសក្នុងរាជធានីភ្នំពេញ រដ្ឋាភិបាលចក្រភពអង់គ្លេស តាមរយៈលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានប្រកាសផ្តល់ជំនួយ ១.៦ លានផោន សម្រាប់រយៈពេលមួយឆ្នាំទៀត ២០២៦-២០២៧ នៃការបោសសម្អាតមីន និងការអប់រំយល់ដឺងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្នុងគោលបំណងរួមចំណែកដល់ការបង្កើនសុវត្ថិភាពសហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅ ជាពិសេសគាំទ្រដល់វឌ្ឍនភាពរបស់កម្ពុជាឆ្ពោះទៅរកកាតព្វកិច្ចបោសសម្អាតមីននៅឆ្នាំ២០៣០។ ជំនួយនេះ នឹងផ្តល់ជូនដល់អង្គការដោះមីនចំនួន ០៣រួមមាន៖ អង្គការ HALO Trust, Mines Advisory Group (MAG) និង APOPO។

តាមរយៈជំនួយនេះ រំពឹងថា អង្គការ HALO Trust និងអង្គការ MAG នឹងរំដោះផ្ទៃដីចំនួន ៨៩០,៣00 ម៉ែត្រការ៉េ ក្នុងខេត្តបាត់ដំបង សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ៥,៤១៤ នាក់ ព្រមទាំងអាចផ្តល់នូវវគ្គអប់រំការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះជាង ៤០០០វគ្គ ដល់ប្រជាជនជាង ៤៤.២៨០ នាក់ ក្នុងនោះមានស្ត្រី ៨,៨៥៤ នាក់ និងក្មេងស្រី ១២,៦៩៦ នាក់។

ជាមួយគ្នានោះ ចក្រភពអង់គ្លេស នឹងគាំទ្រដល់គម្រោង Minefields to Ricefields (M2R) របស់អង្គការ APOPO ដោយរួមបញ្ចូលសកម្មភាពមីនជាមួយនឹងការអភិវឌ្ឍកសិកម្មឡើងវិញ លើផ្ទៃដី ៣.៤ លានម៉ែត្រការ៉េ និងមានគ្រួសារកសិករយ៉ាងតិច ៥០០ នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ រួមជាមួយនឹងគ្រួសារបន្ថែមប្រមាណជាង ៥០០ ទៀត។

លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានគូស​បញ្ជាក់​ថា​ ការ​បន្ត​គាំទ្រ​សកម្មភាព​មីន​នៅ​កម្ពុជា​របស់​ចក្រភព​អង់គ្លេស​ គឺ​ដោយសារ​ឃេីញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ និង​ភាពសកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាមបែប​មនុស្សធម៌។ ជាមួយ​គ្នានោះ​ ឯកឧត្តម Dominic Williams​ ក៏​បាន​កោតសរសើរដល់រាជរដ្ឋាភិបាល​កម្ពុជា​ ចំពោះ​ការ​រួម​ចំណែក​​​ និង​តួនាទី​ភាព​ជា​អ្នក​ដឹកនាំ​របស់​កម្ពុជា​ក្នុង​វិស័យ​សកម្មភាព​មីន​សកល​ ផង​ដែរ។

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ភាពជាដៃគូរវាងកម្ពុជា និងចក្រភពអង់គ្លេស នៅតែរឹងមាំ និងមិនមានការផ្លាស់ប្តូរឡើយ អស់រយៈពេល ៤ ទសវត្សរ៍មកនេះ ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌។ អង់គ្លេស នៅតែបន្តឈរជាមួយកម្ពុជា លើសពីភាពជាដៃគូ ព្រមទាំងបានប្តេជ្ញាចិត្តរួមគ្នាក្នុងកិច្ចការមនុស្សជាតិ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរ។

ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាបានដាក់ចេញនូវគោលដៅច្បាស់លាស់ក្រោម​ចក្ខុវិស័យដឹកនាំ​របស់​ សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ ក្នុង​ដំណើរសកម្មភាពមីនរបស់ខ្លួន ដោយបានប្តេជ្ញាចិត្តថា នៅឆ្នាំ២០៣០ នឹងគ្មានសហគមន៍ណាមួយបន្តរងការគំរាមកំហែងដោយសារមីន។

ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានរួមចំណែកដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដែលរហូតដល់ពេលនេះ អង់គ្លេសបានផ្តល់ជំនួយប្រមាណជា ៦៥ លានផោន៕