សម្តេចប្រធានរដ្ឋសភា៖ កម្ពុជា និងឡាវ នៅមានសក្តានុពលជាច្រើនទៀតដែលត្រូវរួមសហការគ្នា ដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋ ឱ្យបានកាន់តែច្រើនឡើង

06-05-2026 16:13

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក សនសៃ វ៉ានណាសៃ (Sonexay VANNAXAY) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ នៅវិមានរដ្ឋសភា។

ក្នុងជំនួបនេះ សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយជាអនេក និងបានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោក សនសៃ វ៉ានណាសៃ ដែលត្រូវបានរដ្ឋាភិបាលឡាវ តែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំនៅកម្ពុជា។ តាមរយៈបេសកកម្មនេះ សម្តេចមានសង្ឃឹម និងជំនឿមុតមាំថា «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង» នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានលក្ខណៈប្រៀបដូចជាដន្លងនឹងគ្នានោះនឹងរីកចម្រើនជាបន្ថែមទៀត។ ទោះបីជាពិភពលោកបច្ចុប្បន្នមានការប្រែប្រួល ស្មុគស្មាញ និងមិនប្រាកដប្រជាក៏ដោយ ចំណងមិត្តភាពនេះ មិនត្រឹមតែឈរយ៉ាងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាន់តែស្អិតល្មួត មានភាពធន់ និងស៊ីជម្រៅថែមទៀត ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍រួម។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា ចំណងមិត្តភាពជាប្រពៃណី និងបងប្អូន រវាងកម្ពុជា និងឡាវ បានបង្កលក្ខណៈអំណោយផលយ៉ាងខ្លាំង ដល់ការអភិវឌ្ឍជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ កម្ពុជា និងឡាវ នៅមានសក្តានុពលជាច្រើនទៀត ទាំងវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ជីវភាពពលរដ្ឋទាំងសងខាង ដូចជាវិស័យទេសចរណ៍ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ បានលើកឡើងពីការបើកច្រករបៀងវប្បធម៌ រវាងវត្តភូ និងអង្គរវត្តជាដើម។

ជាមួយគ្នានេះដែរ លោក សនសៃ វ៉ានណាសៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនេះ។ លោកបានវាយតម្លៃ និងកោតសរសើរយ៉ាងក្រៃលែង ចំពោះការរីកចម្រើនរបស់កម្ពុជា យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្នុងនោះរួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ ហេដ្ឋារចនាសម្ព័ន្ធសង្គម សំណង់អគាររដ្ឋ ឯកជន និងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោជាដើម។ លោកក៏បានអរគុណជូនរដ្ឋសភាកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ ជារៀងរាល់ឆ្នាំ ជូនរដ្ឋសភាឡាវ ក្នុងការបញ្ជូនមន្ត្រីមកសិក្សា ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យអន្តរជាតិប៊ែលធី។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា នៅក្នុងស្ថានភាពលំបាកនេះ យើងត្រូវនាំគ្នាប្រែក្លាយ «ការប្រឈមឱ្យទៅជាឱកាស» ពង្រឹងឯកភាព និងសាមគ្គីជាតិឱ្យបានរឹងមាំ។ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ ដោយដៃម្ខាងដោះស្រាយបញ្ហាប្រឈម និងដៃម្ខាងទៀត ខិតខំអភិវឌ្ឍប្រទេសជាតិ ពង្រឹងមិត្តចាស់ ពង្រីកមិត្តថ្មី និងធានាការពារសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងប្រទេស និងតំបន់។

ចំណងមិត្តភាពកម្ពុជា និងឡាវ បានឈានដល់ខួប ៧០ឆ្នាំ នៅក្នុងឆ្នាំ២០២៦នេះ។ ប្រទេសទាំងពីរ នឹងរៀបចំកម្មវិធី និងព្រឹត្តិការណ៍ជាច្រើន ដើម្បីអបអរសាទរ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ។សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសឡាវ និងសូមសម្តែងការអបអរសាទរជូនថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនឡាវទាំងអស់ ដែលទើបបញ្ចប់ការជ្រើសតាំងថ្នាក់ដឹកនាំជាតិ កាលពីថ្មីៗនេះ។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សនិងរដ្ឋឡាវ សម្តេចមានជំនឿមុតមាំថាប្រទេសឡាវនឹងសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនឆ្នាំ២០៥៥ ជាមិនខានឡើយ។

ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនអំពីការសម្រេចលុបចោល ជាឯកតោភាគី របស់គណៈរដ្ឋមន្ត្រីប្រទេសថៃ នូវអនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជា-ថៃ (MOU 2001) ស្តីពីដែនសមុទ្រនៃប្រទេសទាំងពីរ។ កម្ពុជា សោកស្តាយការសម្រេចជាឯកតោភាគី ហើយនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) នៅក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្រ ជាមួយប្រទេសថៃ។ ជំហររបស់កម្ពុជា គឺគោរពច្បាប់អន្តរជាតិ ដោះស្រាយបញ្ហាដោយសន្តិវិធី គោរព និងឱ្យតម្លៃខ្ពស់បំផុត លើសុខសន្តិភាព និងអាយុជីវិតប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោក សនសៃ វ៉ានណាសៃ បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានប្តេជ្ញាចិត្ត ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ឱ្យសម្រេចលទ្ធផលល្អប្រសើរ បម្រើដល់ផលប្រយោជន៍នៃប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ទាក់ទងការលុបនូវអនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជា-ថៃ (MOU 2001) ស្តីពីដែនសមុទ្រ លោកថាបានតាមដាន និងបន្តតាមដានករណីនេះ ដោយយកចិត្តទុកដាក់ផងដែរ៕