ព្រឹទ្ធសភា ចេញសេចក្តីថ្លែងការណ៍គាំទ្រ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តួចផ្តើមយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ក្រោមអនុសញ្ញា UNCLOS បន្ទាប់ពីភាគីថៃដកខ្លួនជាឯកតោភាគីចេញពី MoU 2001
06-05-2026 16:59
(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តួចផ្តើមយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីមានការដកខ្លួនជាឯកតោភាគីរបស់ភាគីថៃ ពី អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា នៅក្នុងឈូង សមុទ្រថៃ (ដែលភាគីថៃហៅកាត់ថា MoU ៤៤)។
តាមសេចក្តីថ្លែងការណ៍ ព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា អស់រយៈពេលជាង ២៥ ឆ្នាំមកនេះ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ បានបម្រើការ ជាក្របខ័ណ្ឌទ្វេភាគីតែមួយគត់ ដែលត្រូវបានព្រមព្រៀងគ្នាទៅវិញទៅមក ដែលតាមរយៈនោះ កម្ពុជា និង ថៃ បានដោះស្រាយការទាមទារសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងក្នុងន័យស្ថាបនា ក្នុងស្មារតីសន្ទនា ការ គោរពគ្នាទៅវិញទៅមក និងភាពជាអ្នកជិតខាងល្អ។
ព្រឹទ្ធសភាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបញ្ចប់ជាឯកតោភាគីនៃក្របខ័ណ្ឌដ៏សំខាន់នេះ ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាច្រើនទសវត្សរ៍ និងធ្វើឱ្យយឺតយ៉ាវដល់ការ ដោះស្រាយបញ្ហាសមុទ្រដោយសន្តិវិធី រវាងប្រទេសទាំងពីរ។
ព្រឹទ្ធសភាជឿជាក់យ៉ាងមុតមាំថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងាកទៅរក យន្តការសន្តិវិធីដែលមានចែងក្នុងអនុសញ្ញា UNCLOS គឺជាទង្វើស្របច្បាប់ពេញលេញ ប្រកបដោយការ ទទួលខុសត្រូវ និងអនុលោមតាមច្បាប់អន្តរជាតិ។ ការប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ របស់កម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំចំពោះសន្តិភាព ការសន្ទនា នីតិរដ្ឋ និងការដោះស្រាយ វិវាទដោយសន្តិវិធី។
ព្រឹទ្ធសភាបានបញ្ជាក់ជាថ្មីថា ឈូងសមុទ្រថៃត្រូវតែរក្សាទុកជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងវិបុលភាពរួម។ ក្នុងស្មារតីនេះ ព្រឹទ្ធសភាសូមសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីម្ខាងទៀតនឹងបន្តប្រកាន់ខ្ជាប់នូវស្មារតីនៃកិច្ចសន្ទនាដោយសន្តិវិធី និងការចូលរួមប្រកបដោយស្ថាបនា ក្នុងការដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នា ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញា UNCLOS។
ព្រឹទ្ធសភាកម្ពុជា សូមបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះជំហរ ប្រកបដោយគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្តមិនងាករេចំពោះច្បាប់អន្តរជាតិ សន្តិភាពក្នុងតំបន់ និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ។ សន្តិភាពអាចស្ថិតស្ថេរទៅបាន លុះត្រាតែកិច្ចសន្ទនាត្រូវបានរក្សា លុះត្រាតែកិច្ចសន្ទនាត្រូវបានរក្សា កិច្ចព្រមព្រៀងត្រូវបានគោរព និងនីតិរដ្ឋនៅតែជាមូលដ្ឋានគ្រឹះរួម ក្នុងការដឹកនាំទំនាក់ទំនងរវាងប្រជាជាតិ និងប្រជាជាតិ៕






