ក្រសួងពាណិជ្ជកម្ម៖ លទ្ធផលរបស់មន្ទីរពិសោធន៍រកឃើញថា ទុរេនដែលលក់នៅផ្សារភូពុយ ខេត្តបាត់ដំបង មិនមានផ្ទុកសារធាតុគីមី ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នោះឡើយ

06-05-2026 17:07

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហាញលទ្ធផលមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» ដោយធ្វើតេស្តលើសំណាកផ្លែទុរេន ដែលលក់នៅផ្សារភូពុយ ខេត្តកបាត់ដំបង លទ្ធផលបញ្ជាក់ថា ទុរេនទាំងនោះមិនមានផ្ទុយសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នោះឡើយ។

បន្ថែមលើឯកសារបង្ហាញលទ្ធផលនៃការធ្វើពិសោធន៍ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាប់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៦ ខែឧសភានេះថា ក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋាន ក.ប.ប ជាសេនាធិការ មានភារកិច្ចលើការងារសុវត្ថិភាពអ្នកប្រើប្រាស់ ដូច្នេះហើយ បន្ទាប់ពីកើតឡើងនូវបញ្ហាលើផ្លែទុរេនលក់នៅផ្សារភូពុយ មន្ត្រីជំនាញបានយកសំណាកទុរេនទាំងនោះ ធ្វើពិសោធន៍នៅមន្ទីរពិសោធន៍ ក.ប.ប និងមន្ទីរពិសោធន៍ផ្សេងទៀត គឺលទ្ធផលបង្ហាញថា ទុរេនទាំងនោះ មិនមានផ្ទុកសារធាតុគីមី ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នោះទេ។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា មន្ត្រីជំនាញរបស់ក្រសួងក៏បានបន្តចុះយកសំណាកទុរេន នៅផ្សារដើមគរ ផ្សារនាគមាស និងនៅចំការនៅខេត្តកំពង់ចាមបន្ថែមទៀត ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ និងធានាថាមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕