រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញលទ្ធផលប្រតិបត្តិការ ចុះបង្ក្រាបបទល្មើស Online Scams និងការបង្ខាំងមនុស្សខុសច្បាប់ នៅក្រុងប៉ោយប៉ែត

06-05-2026 18:23

(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញលទ្ធផលប្រតិបត្តិការ ចុះបង្ក្រាបបទល្មើស Online Scams និងការបង្ខាំងមនុស្សខុសច្បាប់ នៅក្រុងប៉ោយប៉ែត នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះដឹកនាំបញ្ជាផ្ទាល់ដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត រួមជាមួយលោក លៀម សុដា អភិបាលរងខេត្ត ដោយមានការសម្របសម្រួល នីតិវិធីពី លោក សំរឹទ្ធ សុខុន និងលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងមានការចូលរួមពីកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចៅ សង្កាត់ បានចុះត្រួតពិនិត្យ និងឆែកឆេរជាក់ស្តែងលើ៣ទីតាំង។

ក្នុងនោះ ២ទីតាំង ផ្អែកតាមការចង្អុលបង្ហាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះត្រួតពិនិត្យជាក់ ស្តែងនូវអគារជុំវិញកាស៊ីណូអូរនាង (រកពុំឃើញមានជនបរទេសស្នាក់នៅ និងពុំមានសម្ភារៈពាក់ ព័ន្ធអនឡាញស្គម) និងទីតាំង១កន្លែងនៅភូមិកូបធំ សង្កាត់និមិត្ត រកពុំឃើញមានជនបរទេស ស្នាក់នៅ ប៉ុន្តែមានសម្ភារៈសង្ស័យមួយចំនួន បំរើឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រុមការងារសម្រេចបិទទីតាំងជាបណ្តោះអាសន្ន រហូតមានការជូនដំណឹងជាថ្មី។

១ទីតាំង ចុះបង្ក្រាបដោយគណៈបញ្ជាការរដ្ឋបាលខេត្ត ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងធ្វើទារុណកម្ម នូវទីតាំងផ្ទះ១ល្វែង ១០បន្ទប់ ស្ថិតនៅភូមិទួលពង្រ សង្កាត់អូរឬស្សី រកឃើញ ជនបរទេសសរុប ១៣៤នាក់ (ចិន១៣៣ មានស្នាមរបួស៩នាក់ និងនេប៉ាល់១នាក់) ។

ជាមួយគ្នានោះ ក្រុមការងារចម្រុះខេត្ត ដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ត ចូលរួមសហការ ជាមួយក្រុមការងារអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលនីតិវិធីដោយលោក ទេព ឃុនឆ័យ ព្រះ រាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យជាក់ស្តែងទីតាំងផ្ទះជួល១កន្លែង ជាប់ផ្លូវ ជាតិលេខ៥៨ នៅភូមិអូរឬស្សីលើ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត រកឃើញជនជាតិថៃ២៩នាក់ ស្រី១២ នាក់ (មុខសញ្ញា១នាក់ជាអ្នកនាំយកជនជាតិថៃមក) ស្នាក់នៅក្នុងបន្ទប់ជួល រួមជាមួយដំបងឆក់១ រួច បញ្ជូនទៅឱ្យអន្តោប្រវេសន៍ក្រុង ដើម្បីសួរនាំបន្ត៕