មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តក្រចេះ ចុះចាក់វ៉ាក់សាំងសត្វពាហនៈ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកស្នួល

06-05-2026 19:30

(ក្រចេះ)៖ មន្ត្រីជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានចុះចាក់វ៉ាក់សាំងសត្វពាហនៈ ដើម្បីបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំស្វាយជ្រះ ស្រុកស្នួលខេត្តក្រចេះ និងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺសត្វផ្សេងៗ។

លោក កេត សារឿន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំសហការី សហការជាមួយការិយាល័យ កសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក អាជ្ញាធរឃុំ ភ្នាក់ងារសុខភាពសត្វភូមិ បានចុះបាក់សាំងដើម្បីការពារជំងឺសារទឹកគោ-ក្របី ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ ។

បើតាមការបញ្ជាក់របស់មន្ត្រីជំនាញបានឲ្យដឹងថា នៅព្រឹកមិញនេះក្រុមការងារបានចែកគ្នាជាក្រុម ដោយត្រៀមលក្ខណៈរួចជាស្រេចនូវសម្ភារបច្ចេកទេស និងថ្នាំសង្គ្រោះសត្វ ចុះចាក់វ៉ាក់សាំងនៅតាមបណ្ដាភូមិផ្សេងគ្នានៅក្នុងមូលដ្ឋានឃុំស្វាយជ្រះ ក្នុងនោះមន្ត្រីជំនាញក៏បានចាក់វ៉ាក់សាំងដល់សត្វទាហនៈ ចំនួន ២១០ ក្បាល និងបានប្រគលវ៉ាក់សាំងចំនួន២០០០ដូស ឱ្យភ្នាក់ងារសុខភាពសត្វភូមិចាក់បន្តទៀត។

ការចុះចាក់វ៉ាក់សាំងនេះ គឺជាវិធានការដ៏មានសារៈសំខាន់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺសត្វផ្សេងៗ ជាពិសេសក្នុងរដូវកាលដែលសត្វងាយរងគ្រោះ ដែលជួយកាត់បន្ថយហានិភ័យ និងការពារសេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករបានយ៉ាងប្រសើរ៕