អគាររដ្ឋបាលមន្ទីរសុខាភិបាល រួមនឹងសមិទ្ធផលសំខាន់ៗផ្សេងៗទៀតនៅមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់
06-05-2026 19:37
(ភ្នំពេញ)៖ អគាររដ្ឋបាលមន្ទីរសុខាភិបាល អគារការិយាល័យនិយ័តកម្មសុខាភិបាល ព្រមទាំងក្លោងទ្វារ និងរបងថ្មីនៃមន្ទីរសុខាភិបាលខេត្ត ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដែលបង្ហាញពីការគិតគូរ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។
ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងកុះករនៅក្នុងបរិវេណមន្ទីរសុខាភិបាលខេត្ត ក្រោមអធិបតីភាព លោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងនិងលោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីសំណាក់ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ បុគ្គលិកសុខាភិបាល សាស្ត្រាចារ្យ និងសិស្ស និស្សិតសុខាភិបាល។
លោក វេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា សមិទ្ធផលសំខាន់ៗដែលសម្ពោធនាឱកាសនេះ រួមមានអគាររដ្ឋបាលមន្ទីរសុខាភិបាលកម្ពស់ ៤ជាន់ ដែលមានទំហំទទឹង ១៣ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ ចែកចេញជា ២១បន្ទប់ធ្វើការ ព្រមទាំងបន្ទប់ទឹកចំនួន ២៤បន្ទប់ ដែលបានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ ២០១៥ និងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០១៦។
លោកបន្ថែមថាការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលសុខាភិបាលនាពេលនេះក៏ មានក្លោងទ្វារដែលមានកម្ពស់ និងទទឹង ៩,៩ម៉ែត្រ ដែលបានសាងសង់រួចរាល់នៅដើមឆ្នាំ ២០១៩ និងរបងមន្ទីរប្រវែងសរុបជាង ១៣០ម៉ែត្រ និងអគារការិយាល័យនិយ័តកម្មសុខាភិបាលកម្ពស់ ១ជាន់ ដែលមាន ៤បន្ទប់ធ្វើការផងដែរ ដែលបញ្ចប់ការសាងសង់ក្នុងខែមីនា ឆ្នាំ២០២៦ នេះ។
ក្នុងប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលគ្រប់រូប ដែលលោកអភិបាលប្រសិទ្ធនាមថាជា «កងទ័ពអាវស» ដែលបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលក្នុងបេសកកម្មសង្គ្រោះជីវិតប្រជាពលរដ្ឋ។
លោកក៏បានរំឮកថា«បងប្អូនមន្ត្រីសុខាភិបាលមិនត្រឹមតែបានតស៊ូក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញវត្តមានយ៉ាងអង់អាចក្លាហាននៅគ្រប់សមរភូមិ ចូលរួមជាមួយកងទ័ពជួរមុខក្នុងការការពារបូរណភាពទឹកដី នាអំឡុងពេលមានការឈ្លានពានពីប្រទេសជិតខាងនាពេលថ្មីៗនេះផងដែរ»។
លោកអភិបាលបាបានបញ្ជាក់ថា សមិទ្ធផលនៃអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមន្ទីរសុខាភិបាលនេះ គឺជាសក្ខីភាពដ៏រឹងមាំដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋជាអាទិភាព។
ការកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបនេះ គឺជាការបោះជំហានយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីពង្រឹងមូលធនមនុស្ស និងធ្វើបរិវដ្តកម្មវិស័យសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព សមធម៌ និងបរិយាបន្ន ព្រោះកាលណាប្រជាពលរដ្ឋមានសុខភាពល្អ នោះនឹងនាំមកនូវផលិតភាពការងារខ្ពស់ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
លោក សរ សុពុត្រា បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ត្រូវបន្តតម្កល់ផលប្រយោជន៍សាធារណៈជាធំ បម្រើសុខភាពជូនប្រជាពលរដ្ឋប្រកបដោយសីលធម៌ សុជីវធម៌ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាពិសេសត្រូវមានស្មារតីបម្រើសេវាប្រកបដោយស្នាមញញឹម និងខិតខំរៀបចំកែលម្អគុណភាពសេវាឱ្យកាន់តែប្រសើរ មានសុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅនៃការគ្របដណ្ដប់សុខភាពជាសកល ដែលធានាថាប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងមិនមានការរើសអើងឡើយ៕

















