ក្រុមអាជីវករលក់ទុរេននៅផ្សារភូពុយ ខេត្តបាត់ដំបងអះអាងថា ទុរេនដែលពួកគាត់យកមកលក់មានប្រភពពីខេត្តកំពង់ចាម ផ្សារនាគមាស និងផ្សារដើមគរថ្មី ហើយមិនបានទិញពីឈ្មោះ «អាឡែន» ដែលនាំចូលពីថៃឡើយ (Video inside)

06-05-2026 20:23

(ភ្នំពេញ)៖ អាជីវករលក់ទុរេននៅផ្សារភូពុយ ស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្តីបំភ្លឺរួមគ្នា ដោយអះអាងថា ទុរេនដែលពួកគេយកមកលក់ គឺមានប្រភពមកពីស្រុកមេមត់ ស្ទឹងត្រង់ បែកអន្លូង ខេត្តកំពង់ចាម និងផ្សារនាគមាស ផ្សារដើមគរថ្មី រាជធានី ភ្នំពេញ ពិតប្រាកដមែន និងមិនបានបញ្ជាទិញទុរេនពីឈ្មោះ «អាឡែន» ដែលនាំចូលទុរេនពីប្រទេសថៃនោះទេ។

តាមរយៈសេចក្តីបំភ្លឺដែលផ្តិតមេដៃរួមគ្នាដោយអាជីវករលក់ទុរេននៅផ្សារភូពុយ ចំនួន១០នាក់ បានបញ្ជាក់ថា «ពួកយើងទាំងអស់គ្នាជាជនជាតិខ្មែរ ក៏មានមនសិការ ស្រលាញ់ជាតិ និងបានចូលរួមធ្វើពហិការ មិនលក់ទំនិញ ឬមានប្រភពមកពីប្រទេសថៃជាដាច់ខាត»

អាជីវករលក់ទុរេននៅផ្សារភូពុយ បានបញ្ជាក់ថា កន្លងមកមានសារព័ត៌មានផ្សព្វផ្សាយថា ទុរេនដែលដាក់លក់នៅផ្សារភូពុយ គឺសុទ្ធសឹងតែជាទុរេន ដែលនាំចូលមកពីប្រទេសថៃ ការផ្សព្វផ្សាយនេះធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងការប្រកបអាជីវកម្មរបស់ពួកគេយ៉ាងខ្លាំង ជាពិសេសម្ចាស់ចំការទុរេន បណ្តាលឱ្យសាធារណជនខ្លាចរអា មិនហ៊ានទិញទុរេនយក ទៅបរិភោគ ដែលខុសពីការពិតទាំងស្រុង ព្រោះទុរេនដែលយកមកលក់នៅទីនេះសុទ្ធតែផលិតផល នៅក្នុងស្រុកទាំងអស់។

«សារជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមអះអាងថាប្រភពទុរេនដែលយើងខ្ញុំទាំងអស់គ្នាយកមក លក់គឺមានប្រភពនៅក្នុងស្រុកសុទ្ធសាធ គ្មានការឃុបឃិតលក់ទុរេនថៃនោះទេ»។ អាជីវករលក់ទុរេននៅផ្សារភូពុយបានអះអាងបន្ថែម។

តាមរយៈលទ្ធផលមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» ដែលបានធ្វើតេស្តលើសំណាកផ្លែទុរេន ដែលលក់នៅផ្សារភូពុយ ខេត្តកបាត់ដំបង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហាញថា ទុរេនទាំងនោះមិនមានផ្ទុយសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នោះឡើយ។

បន្ថែមលើឯកសារបង្ហាញលទ្ធផលនៃការធ្វើពិសោធន៍ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាប់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៦ ខែឧសភានេះថា ក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋាន ក.ប.ប ជាសេនាធិការ មានភារកិច្ចលើការងារសុវត្ថិភាពអ្នកប្រើប្រាស់ ដូច្នេះហើយ បន្ទាប់ពីកើតឡើងនូវបញ្ហាលើផ្លែទុរេនលក់នៅផ្សារភូពុយ មន្ត្រីជំនាញបានយកសំណាកទុរេនទាំងនោះ ធ្វើពិសោធន៍នៅមន្ទីរពិសោធន៍ ក.ប.ប និងមន្ទីរពិសោធន៍ផ្សេងទៀត គឺលទ្ធផលបង្ហាញថា ទុរេនទាំងនោះ មិនមានផ្ទុកសារធាតុគីមី ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នោះទេ។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា មន្ត្រីជំនាញរបស់ក្រសួងក៏បានបន្តចុះយកសំណាកទុរេន នៅផ្សារដើមគរ ផ្សារនាគមាស និងនៅចំការនៅខេត្តកំពង់ចាមបន្ថែមទៀត ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ និងធានាថាមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕