វិភាគអន្តរជាតិ៖ តើនឹងមានអ្វីខ្លះស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាន?

06-05-2026 20:46

(ម៉ានីល)៖ ផលប៉ះពាល់បង្កឡើងដោយសង្រ្គាមអ៉ីរ៉ង់ចំពោះតំបន់អាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងគ្របដណ្ដប់លើរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ានក្នុងសប្ដាហ៍នេះ នៅប្រទេសហ្វីលីពីន ខណៈបណ្ដាមេដឹកនាំកំពុងព្យាយាមកាត់បន្ថយផលប៉ះពាល់នៃជម្លោះលើសេដ្ឋកិច្ចរបស់ពួកគេ។ បណ្ដាប្រមុខរដ្ឋាភិបាលអាស៊ានក៏នឹងត្រូវ ពិភាក្សាគ្នាផងដែរលើសង្រ្គាមស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ា និងការបង្ហើយកិច្ចចរចាជុំវិញក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។ នេះបើតាមក្រុមមន្ត្រីអាស៊ាន។

ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្កការរាំងស្ទះដល់ការធ្វើដំណើររបស់កប៉ាល់ពាណិជ្ជកម្ម ជាពិសេសកប៉ាល់ដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។ ការរំខាននេះបាន និងកំពុងធ្វើឱ្យធ្លាក់ចុះយ៉ាងខ្លាំងនូវការផ្គត់ផ្គង់ប្រេង ឧស្ម័ន និងទំនិញសំខាន់ៗ ជាហេតុធ្វើឱ្យទំនិញឡើងថ្លៃ។ ប្រទេសជាសមាជិកអាស៊ានទាំង១១ បានស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ តួយ៉ាងប្រទេសនាំចូលប្រេងដូចជា ហ្វីលីពីន ថៃ និងវៀតណាមបានមើលឃើញការកើនឡើងអតិផរណា ខណៈតម្លៃដឹកជញ្ជូនឡើងថ្លៃ ហើយខ្សែច្រវាក់ផ្គត់ផ្គង់រងការរំខានយ៉ាងខ្លាំង។

រដ្ឋាភិបាលនៅទូទាំងតំបន់បានដាក់ចេញវិធានការមួយចំនួនដើម្បីបញ្ចុះការឡើងថ្លៃប្រេង ដូចជាការកាត់បន្ថយម៉ោងធ្វើការសម្រាប់បុគ្គលិករដ្ឋ បង្កើនប្រាក់ឧបត្ថម្ភធន ក្នុងគោលបំណងគ្រប់គ្រងតម្លៃប្រេង និងហ្គាស ក៏ដូចជាស្វែងរកប្រភពផ្គត់ផ្គង់ថាមពលពីទីកន្លែងផ្សេង។ លោក Mark Manantan ជាអ្នកស្រាវជ្រាវម្នាក់មកពី មជ្ឈមណ្ឌលសម្រាប់សន្តិសុខសកលនៃសាកលវិទ្យាល័យ La Trobe University បាននិយាយថាវិធីសាស្ត្ររបស់ប្លុកអាស៊ានចំពោះជម្លោះដែលផ្ដោតលើ ការដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនា និងបន្ធូរបន្ថយជម្លោះសម្រេចបានលទ្ធផលតិចតួចប៉ុណ្ណោះ ហើយមើលទៅហាក់ដូចជាពាក្យសម្ដីរបស់អាស៊ានគ្មាននរណាម្នាក់ ស្ដាប់ចូលត្រចៀកឡើយ។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយចេញផ្សាយកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្លុកអាស៊ានបាននិយាយថាសង្រ្គាមអ៉ីរ៉ង់អាចនឹងធ្វើឱ្យកំណើន សេដ្ឋកិច្ចតំបន់មានភាពយឺតយ៉ាវ។ បើតាមលោក Manantan បណ្ដាមេដឹកនាំអាស៊ានកំពុងស្ថិតនៅក្រោមសម្ពាធក្នុងការស្វែងរកឱ្យបាននូវដំណោះស្រាយដើម្បីការពារ សក្ដានុពលរបស់ខ្លួននៅឯកិច្ចប្រជុំកំពូលរបស់ពួកគេក្នុងទីក្រុង Cebu ប្រទេសហ្វីលីពីន នៅថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ដែលរៀបចំ​ឡើងក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» នឹងចាប់ផ្ដើមជាមួយកិច្ចប្រជុំរបស់ក្រុមរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ចអាស៊ាននៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា។ ក្នុងគ្រាដែល ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិថាមពល វិបត្តិមីយ៉ាន់ម៉ានៅតែបន្តធ្វើតេស្ដលើ «តួនាទីស្នូល» របស់អាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ាននឹងត្រូវ ប្រព្រឹត្តទៅប៉ុន្មានសប្ដាហ៍ បន្ទាប់ពីរបបដឹកនាំយោធាមីយ៉ាន់ម៉ាបានដោះឯកសណ្ឋានយោធា ដូរទៅស្លៀកឯកសណ្ឋានស៊ីវិលជាមួយការបង្កើតរដ្ឋាភិបាលថ្មីមួយ ក្រោយ ការបោះឆ្នោតសកលដ៏ចម្រូងចម្រាស ដែលរងការថ្កោលទោសពីអង្គការសហប្រជាជាតិ និងមហាអំណាចលោកខាងលិចជាច្រើន។ ប្លុកអាស៊ានមិនបានទទួលស្គាល់ លទ្ធផលបោះឆ្នោត ឬរដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ានោះទេ។

ប្លុកអាស៊ាននៅតែបន្តខ្វែងគំនិតគ្នាជុំវិញអនាគតទិសដៅគោលនយោបាយចំពោះសមាជិករបស់ខ្លួន តួយ៉ាងដូចជាមីយ៉ាន់ម៉ា។ រដ្ឋាភិបាលមួយចំនួន ដូចជាថៃបានគាំទ្រចំពោះ ការទំនាក់ទំនងជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ក្រោយការបោះឆ្នោតដើម្បីថែរក្សាស្ថិរភាព ខណៈប្រទេសជាសមាជិកដទៃទៀតទទូចឱ្យអនុវត្តតាមផែនការសន្តិភាពកង់សង់ស៊ីស ៥ចំណុចដែលតម្រូវឱ្យបញ្ឈប់សង្រ្គាមស៊ីវិលអូសបន្លាយពេលជាង៥ឆ្នាំជាមុនសិន មុននឹងអន្តរកាលនយោបាយអាចធ្វើទៅកើត។

នៅឯឥណ្ឌូណេស៊ី អ្នកនាំពាក្យក្រសួងការបរទេសម្នាក់ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីសប្ដាហ៍មុនថា «អ្វីដែលយើងរំពឹងទុកពីកិច្ចប្រជុំកំពូលអាស៊ាន នោះគឺចង់ឃើញថា តើប្រធានអាស៊ាននឹងដោះស្រាយទំនាក់ទំនងជាមួយមីយ៉ាន់ម៉ាយ៉ាងដូចម្ដេច?» អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថាទំនាក់ទំនងកំពុងត្រឡប់ទៅរកភាពប្រក្រតីបន្តិចម្ដងៗ តែទោះជាបែបនេះក្ដី សម្រាប់អាស៊ាន វិធីសាស្ត្រមួយដែលមិនមានបរិយាប័ន្នទេ នឹងត្រូវបានបដិសេធចោលដោយសារតែការវាយប្រយុទ្ធគ្នានៅតែបន្តកើតឡើង និងការខ្វែងគំនិតលើគោលជំហរ និងផលប្រយោជន៍នៅក្នុងចំណោមរដ្ឋជាសមាជិក។ មន្ត្រីអាស៊ានម្នាក់បានបន្ថែមថាវាដូចជាលឿនពេក ក្នុងការវាយតម្លៃពីស្ថានការណ៍ថាតើ មេដឹកនាំកំពូលមីយ៉ាន់ម៉ាត្រូវបានអនុញ្ញាតឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ានឡើងវិញឬក៏យ៉ាងណា។ មេដឹកនាំ ឬមន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ាត្រូវបានហាមឃាត់ចូលរួម កិច្ចប្រជុំកំពូលអាស៊ានចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១។

ក្រៅពីនេះការបង្ហើយកិច្ចចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងក៏នឹងក្លាយជារបៀបវារៈមួយផងដែរ ខណៈហ្វីលីពីនបាននិយាយកាលពីខែមករា ឆ្នាំ២០២៦ថាខ្លួននឹងផ្តោត ជាអាទិភាពលើការសម្រេចឱ្យបាននូវក្រមប្រតិបត្តិនេះអំឡុងអាណត្តិជាប្រធានអាស៊ានក្នុងឆ្នាំនេះ។ ឆ្នាំនេះក៏ជាខួបលើកទី១០នៃការចេញសាលក្រមរបស់ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍កាលពីឆ្នាំ២០១៦ ស្ដីពីសមុទ្រចិនខាងត្បូង ដែលបានច្រានចោលការទាមទាររបស់ចិនលើធនធានធម្មជាតិ និងទឹកដីក្នុងតំបន់ជម្លោះមួយនេះ។ ក្រមប្រតិបត្តិត្រូវបានចរចាចាប់តាំងពីឆ្នាំ២០០២មកម្ល៉េះ បន្ទាប់ពីការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍មួយដែលមិនមានលក្ខណៈចាប់បង្ខំ។ តែព្រមពេលជាមួយគ្នា កិច្ចចរចាបានជាប់គាំងលើបញ្ហាជាច្រើនក្នុងនោះរួមមានការទាមទារអធិបតេយ្យរបស់ចិន និងប្រទេសជាភាគីជម្លោះដទៃទៀត។

លោក Julio Amador ជា CEO នៃស្ថាប័ន Amador Research Services មានមូលដ្ឋានក្នុងទីក្រុងម៉ានីលបាននិយាយថាវាមានភាគរយតិចណាស់ដែល ក្រមប្រតិបត្តិមួយអាចនឹងត្រូវបានបង្ហើយក្នុងឆ្នាំនេះ នៅក្រោមបរិយាកាសភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ និងតានតឹងក្នុងពេលបច្ចុប្បន្ន ជាពិសេសក្នុងគ្រាមួយដែល ប្រទេសនីមួយៗជាប់រវល់នឹងកិច្ចការងាររៀងៗខ្លួន ហើយមានបញ្ហាបន្ទាន់ជាច្រើនត្រូវដោះស្រាយជាមុន៕