កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បន្តផ្តល់អំណោយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន១៦៩គ្រួសារនៅស្រុកចំនួន៣

06-05-2026 22:49

(បាត់ដំបង)៖ លោក សុខ លូ អភិបាលនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងព្រមទាំងសហការីនៅ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន១៦៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កន្លងទៅក្នុងនោះ ក្នុងស្រុកចំនួន៣ក្នុងខេត្តបាត់ដំបង។

កន្លងមក ខ្យល់កន្រ្តាក់បានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនពលរដ្ឋ ចំនួន៣៥ភូមិ ក្នុងឃុំចំនួន១៦ នៃស្រុកចំនួន ៣ ខេត្តបាត់ដំបង ដែលបានធ្វើឱ្យផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នងរលំទាំងស្រុង ,៧៧ខ្នងផ្ទះទៀត ប៉ះពាល់ធ្ងន់ធ្ងរចំនួន និងប៉ះពាល់ដោយអន្លើរចំនួន៨០ខ្នង ក្នុងនោះ ស្រុកសំឡូត ប៉ះពាល់សរុបចំនួន ៤៩ខ្នងផ្ទះ រលំទាំងស្រុង ចំនួន ៣ខ្នងផ្ទះ ,ប៉ះពាល់ធ្ងន់ធ្ងរចំនួន ២១ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើរចំនួន២៥ខ្នង),ស្រុកសំពៅលូន ប៉ះពាល់សរុប៧២ខ្នងផ្ទះ(រលំទាំងស្រុងចំនួន៨ខ្នងផ្ទះ ធ្ងន់ធ្ងរចំនួន ៣៧ខ្នងផ្ទះ និង ដោយអន្លើរចំនួន២៧ខ្នង និង ស្រុកបាណន់ ប៉ះពាល់សរុប ៤៨ខ្នងផ្ទះ (រលំទាំងស្រុងចំនួន១ខ្នងផ្ទះធ្ងន់ធ្ងរចំនួន១៩ខ្នងផ្ទះនិងដោយអន្លើរចំនួន២៨ខ្នង)។

ពិធីប្រគល់អំណោយសប្បុរសធម៌នេះ បានរៀបចំឡើងនៅបរិវេនសាលាស្រុកសំឡូត ដោយឡែកស្រុកសំពៅលូន និងស្រុកបាណន់ លោក សុខ លូ ចាត់តំណាងដឹកនាំដោ លោក ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាផងដែរ។

នាឱកាសនោះ លោក សុខ លូ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ទន្ទឹមគ្នានេះ លោកបានសម្ដែងការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយក មកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយគ្រាផងដែរពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។

ជាមួយគ្នានេះដែលលោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាពជាពិសេស សូមមេត្តាថែទាំសុខភាពឱ្យបានល្អថែទាំកូនចៅតូចៗត្រូវប្រុងប្រយ័ត្នខ្លាចក្រែងជួបវិបត្តិផ្សេងៗ។ ម្យ៉ាងវិញ ទៀត បើឃើញភាពមិនស្រួលចំពោះសុខភាពត្រូវប្រញាប់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែល នៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។

លោកបានបន្តថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឲ្យ ប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសបងប្អូន ប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិត មកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។

ថ្លែងក្នុងពិធីនេះលោកប្រធាន បានគូសបញ្ជាក់ផងដែរថា «សកម្មភាពមនុស្សធម៌នាថ្ងៃនេះ គឺជាការឆ្លើយតបទៅនឹងទំនុកចិត្តដែលសប្បុរសជនគ្រប់មជ្ឈដ្ឋានបានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាសក្ខីភាពមួយយ៉ាងច្បាស់ដែលបង្ហាញពីតម្លាភាព និងគណនេយ្យភាព របស់កាកបាទក្រហមកម្ពុជា ក្នុងការប្រើប្រាស់ថវិកាដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម(ទិវា ៨ឧសភា)ឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីជួយសម្រាលទុក្ខលំបាកដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុតនៅតាមសហគមន៍ ដែលត្រូវការឱ្យជួយជាចាំបាច់ និង ផ្សារភ្ជាប់រវាងសប្បុរសជនជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។ ទន្ទឹមនេះដែលមន្រ្តីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តនិងយុវជនបានបញ្ជ្រាបការផ្សព្វផ្សាយស្តីពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ កាចំណាកស្រុកប្រកបដោយសុវត្ថិភាព អប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម សុវត្ថិភាពចរាចរណ៍ គោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់ការប្រើប្រាស់ថង់ប្លា ស្ទិកនិងបានអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមិនឆ្លងចំនួន៤ រួមមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ តាមរយៈកាត់បន្ថយកុំប្រៃពេក កុំខ្លាញ់ និងកុំផ្អែមពេក, បញ្ឈប់ការជក់បារី និងចៀសវាងការប្រើប្រាស់បារីអេឡិចត្រូនិក (Vape) ដែលកំពុងរីករាលដាលក្នុងស្រទាប់យុវជន, ចូរហាត់ប្រាណឱ្យបានទៀងទាត់ និងបរិភោគទឹកឱ្យបានច្រើន។

បន្ថែមលើនេះរដូវភ្លៀងជិតចូលមកដល់ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ ជំងឺគ្រុនឈាម ត្រូវគេងក្នុងមុងទាំងយប់ទាំងថ្ងៃ និងលុបបំបាត់ជម្រកមូសខ្លា (សំបកកង់ឡាន ថូផ្កា ឬវត្ថុដក់ទឹក...) និងមានអនាម័យ ត្រូវហូបស្អាត ផឹកស្អាត (ដាំទឹកឆ្អិន) និងរស់នៅស្អាតនិងក៏បានអំពាវនាវដល់យុវជនឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងរួមគ្នាបង្ការការរីករាលដាលនៃមេរោគអេដស៍ក្នុងចំណោមយុវជន និងប្រជាជនគន្លឹះផងដែរ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី១យួ ទឹកស៊ីអ៉ីវ១យួរ ទឹកបរិសុទ្ធ ១កេស និងត្រីខ១០កំប៉ុង ឃីត១កញ្ចប់ និងថវិកាមួយចំនួន ដោយឡែកគ្រួសារងគ្រោះរលំទាំងស្រុង ទទួលបានបន្ថែម សំពត់តង់១ផងដែរ៕