រដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ ប្រព័ន្ធបច្ចេកវិទ្យាល្អយ៉ាងណាក៏ដោយ ប្រសិនបើអ្នកប្រើមិនចេះប្រើ ឬអត់ចង់ប្រើ គឺមិនជោគជ័យទេ

07-05-2026 09:46

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នាពេលថ្មីៗនេះបានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជំនាញឌីជីថលសម្រាប់កិច្ចការរដ្ឋបាល សម្រាប់មន្ត្រីបង្គោល ឃុំ សង្កាត់ និងមន្ត្រីលេខាធិការដ្ឋានក្រុង ស្រុក និងខេត្ត នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅទីស្តីការ ក.ប.ទ.។

វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៤ថ្ងៃ ធ្វើឡើងនៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស ការកសាងរដ្ឋាភិបាលឌីជីថល ក្នុងដំណើរឆ្ពោះទៅរកការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។

វគ្គបណ្ដុះបណ្ដាលដែលរៀបចំឡើងនេះ គឺតាមអនុសាសន៍របស់លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក្នុងគោលបំណងឱ្យមន្ត្រីមានចំណេះដឹងជាមូលដ្ឋានលើជំនាញឌីជីថល អាចរៀបចំរបាយការណ៍បូកសរុបសកម្មភាពផលិតផល ក្នុងការងារមូលដ្ឋានរៀបចំទិន្នន័យតាមដានត្រួតពិនិត្យបំពេញការងារឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អនាគតអ្នកចេះបច្ចេកវិទ្យា និងកាន់តែកើនឡើង ដូចនេះមន្ត្រីអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវចេះ និងយកចិត្តទុកដាក់ ពង្រឹងសមត្ថភាព ដើម្បីតាមឱ្យទាន់នូវការរីកចម្រើនរបស់បច្ចេកវិទ្យា ពីព្រោះប្រព័ន្ធបច្ចេកវិទ្យាល្អយ៉ាងណាក៏ដោយ ប្រសិនបើអ្នកប្រើមិនចេះប្រើ ឬអត់ចង់ប្រើ គឺមិនជោគជ័យទេ

លើសពីនេះទៀត លោករដ្ឋមន្ត្រី សូមឱ្យមន្ត្រីអាជ្ញាធរប្រឹងប្រែងស្រូបយកចំណេះជំនាញឌីជីថលដាក់ខ្លួន ដើម្បីបំពេញការងារបម្រើដល់ប្រជាពលរដ្ឋនិងប្រទេសជាតិយើងបានទាន់សភាពការណ៍ក្នុងបរិបទឌីជីថលដែលកំពុងរីកចម្រើនអ្នកចេះហើយខំបន្ត អ្នកចេះស្ទើរខំបំពេញ អ្នកមិនទាន់ចេះខំឱ្យចេះ។

លោករដ្ឋមន្ត្រី បានកោតសរសើរដល់សិក្ខាកាម ដែលបានខិតខំប្រឹងប្រែងរៀនសូត្រក្នុងវគ្គនេះ ដោយអ្នកខ្លះចាស់ៗ ហើយបានខំរៀនពង្រឹងចំណេះដឹងបញ្ចប់វគ្គបណ្តុះបណ្តាលនេះដោយជោគជ័យ និងយកចំណេះដឹងទៅបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន៕