ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបាននូវអត្រាកំណើនខ្ពស់បន្តទៀត សបញ្ជាក់ពីការរក្សាបានស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចជាតិ (Video inside)

07-05-2026 12:01

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជានៅតែត្រូវបានព្យាករថា នឹងរក្សាបាននូវអត្រាកំណើនខ្ពស់បន្តទៀត ដែលនេះសបញ្ជាក់ពីការរក្សាបាននូវស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចជាតិ បើទោះបីស្ថិត ក្នុងកាលៈទេសៈសកលប្រកប ដោយភាពមិនប្រាកដប្រជាខ្ពស់ក៏ដោយ។

លោក ស៊ុន ចាន់ថុល បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ នាឱកាស អញ្ជើញជាអធិបតី បើកវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ការពង្រឹងភាពធន់តាមរយៈការថែទាំវិនិយោគប្រកបដោយភាពបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ» ដោយមានការចូលរួមពីលោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមទាំងមានលោក លោកស្រី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «បើក្រឡេកមើលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចវិញ សេដ្ឋកិច្ចកម្ពុជានៅតែបង្ហាញពីភាពធន់ និងកំណើនវិជ្ជមាន។ កំណើនសេដ្ឋកិច្ចកម្ពុជានៅរក្សាបាននូវសន្ទុះវិជ្ជមាន ដោយសម្រេចបានក្នុងរង្វង់ប្រមាណ ៥% ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជា ក៏នៅតែត្រូវបានព្យាករថានឹងរក្សាបាននូវអត្រាកំណើនខ្ពស់បន្តទៀត ដែលនេះសបញ្ជាក់ពីការរក្សាបាននូវស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចជាតិ បើទោះបីស្ថិត ក្នុងកាលៈទេសៈសកលប្រកបដោយភាពមិនប្រាកដប្រជាខ្ពស់ក៏ដោយ»

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ទន្ទឹមនឹងភាពធន់នៃសេដ្ឋកិច្ច ការវិនិយោគក៏មានសន្ទុះខ្លាំងក្លាស្របគ្នា។ ជាក់ស្តែងក្នុងឆ្នាំ២០២៥កន្លងទៅនេះ ក.អ.ក. បានបំបែកកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រថែមមួយទៀត ដោយបានអនុម័តគម្រោងវិនិយោគរហូតដល់ ៦៣០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណជាង ៤០% ធៀបនឹងទុនវិនិយោគក្នុងឆ្នាំ២០២៤។ សន្ទុះវិជ្ជមាននេះនៅតែបន្តសម្រាប់ ៤ខែដំបូង ក្នុងឆ្នាំ២០២៦ ដោយការអនុម័តគម្រោងមានចំនួនសរុប ១៨៤គម្រោងជាមួយទំហំ វិនិយោគជាងប្រមាណ ២,៦ពាន់លានដុល្លារអាមេរិក។

ខណៈរំហូរវិនិយោគមានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគ និងជាយន្តការគន្លឹះក្នុងការជំរុញពិពិធកម្មឧស្សាហកម្មនៅកម្ពុជា មុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មថ្មីៗក្រៅពីវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, ភាគច្រើនប្រមូលផ្តុំ និងមានសកម្មភាពក្នុងតំបន់សេដ្ឋកិច្ចពិសេស មានដូចជា ការផ្គុំដំឡើងយានយន្ត គ្រឿងបង្គុំយានយន្ត គ្រឿងអេឡិចត្រូនិកនិងអគ្គិសនី គ្រឿងសង្ហារិម គ្រឿងតែងលម្អរនានា ជាដើម។ គិតមកទល់បច្ចុប្បន្នតំបន់សេដ្ឋកិច្ច ពិសេសដែលកំពុងដំណើរការមានចំនួន ៣៥តំបន់។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការបន្តទទួលបានរំហូរវិនិយោគជាបន្តបន្ទាប់នេះ មិនមែនត្រឹមតែជាតួលេខបង្ហាញពីស្ថិរភាព និងកំណើនប៉ុណ្ណោះទេ ប៉ុន្តែសបញ្ជាក់យ៉ាងច្បាស់អំពីទំនុកចិត្តដែលវិនិយោគិន មានចំពោះកម្ពុជា និងក្តីរំពឹងទុកអំពីការលូតលាស់នៃធុរកិច្ចរបស់ខ្លួននៅកម្ពុជា។ រាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍ និងពង្រឹងកិត្យានុភាពកម្ពុជាជាបន្តបន្ទាប់ ដើម្បីក្លាយជាគោលដៅវិនិយោគដ៏មានសក្តានុពល និងទាក់ទាញបំផុតមួយក្នុងតំបន់។ តួយ៉ាងការខិតខំប្រឹងប្រែងស្វែងរកដៃគូពាណិជ្ជកម្ម និងបើកច្រកទីផ្សារ តាមរយៈការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគីជាមួយបណ្តាប្រទេសផ្សេងៗ ដែលបច្ចុប្បន្នកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយចិន កូរ៉េ និងអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងពហុភាគីជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP)៕