ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ៖ ការធ្វើឌីជីថលូបនីយកម្មភាសា ជាចំណែកមួយយ៉ាងសំខាន់ក្នុងការអភិរក្ស និងការអភិវឌ្ឍភាសាជាតិ

07-05-2026 12:23

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានលើកឡើងថា នៅក្នុងយុគសម័យបច្ចុប្បន្ន ការអភិរក្ស និងការអភិវឌ្ឍភាសាជា​តិពិតជាមានសារៈសំខាន់ ដើម្បីរក្សាអត្តសញ្ញាណជាតិ។ ការធ្វើឌីជីថលូបនីយកម្មភាសា និងប្រព្រឹត្តកម្មភាសាធម្មជាតិ គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការអភិរក្ស និងការអភិវឌ្ឍភាសាជាតិឱ្យបានសមស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។

ការលើកឡើងបែបនេះរបស់ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានធ្វើឡើងក្នុងឱកាសលោកបណ្ឌិត្យសភាចារ្យ អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី «ការបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីរចនាសម្ព័ន្ធនៃដំណើរការអ៉ិនកូដអក្សរខ្មែរ» (Khmer Encoding Structure) នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជា។ ពិធីនេះមានការចូលរួមពីសំណាក់លោក សុខ មករា នាយកប្រតិបត្តិនៃអង្គការភាសាវិទ្យាកម្ពុជា, លោក ម៉ាទីន ហួស្គីន និងអ្នកជំនាញជាច្រើនរូបទៀត។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សុខុម បានថ្លែងថា ភាសាជាតិខ្មែរ នៅមានបញ្ហាជាច្រើនដែលមិនទាន់ដោះស្រាយពេញលេញរួចនៅឡើយ ហើយនៅក្នុងនោះបញ្ហាអ៉ិនកូដអក្សរខ្មែរ នៅតែជាបញ្ហាមួយដែលត្រូវដោះស្រាយជាបន្ទាន់ផងដែរ។

ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានឱ្យដឹងថា កន្លងមក យើងឃើញថាមានអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ មួយចំនួនបានខិតខំដោះស្រាយបញ្ហានេះព្រោះថាការធ្វើអ៉ិនកូដអក្សរខ្មែរនាំមកនូវផលប្រយោជន៍ច្រើនយ៉ាងរួមមាន៖

ទី១៖ អនុញ្ញាតឱ្យប្រើភាសាខ្មែរ នៅក្នុងប្រព័ន្ធឌីជីថល ដូចជាវាយអក្សរខ្មែរលើក្តារចុច អានអត្ថបទ ខ្មែរនៅលើគេហទំព័រ ផ្ញើសារជាភាសាខ្មែរជាដើម។

ទី២៖ អភិរក្សភាសា និងវប្បធម៌ខ្មែរតទៅអនាគត: ភាសាខ្មែរអាចមានវត្តមានក្នុងបច្ចេកវិទ្យាសម័យថ្មី ដោយយើងអាចរក្សាទុកអក្សរសាស្ត្រ និងឯកសារ និងអាចធ្វើឌីជីថលូបនីយកម្មអត្ថបទ ប្រវត្តិសាស្ត្រផ្សព្វផ្សាយភាសាខ្មែរទៅកាន់ពិភពលោក។

ទី៣៖ គាំទ្រដល់ការអប់រំ ដោយហេតុថាអ៉ិនកូដអក្សរខ្មែរ អនុញ្ញាតឱ្យសិស្ស និស្សិតអានសៀវភៅឌីជីថល ស្វែងរកព័ត៌មានឌីជីថលជាភាសាខ្មែរ បង្កើតមាតិកាវិទ្យាសាស្ត្រ។

ទី៤៖ ជួយអ្នកអភិវឌ្ឍកម្មវិធីដើម្បីបង្កើតប្រព័ន្ធជាកម្មវិធីទូរសព្ទដៃ គេហទំព័រជាដើម អាចបញ្ចូលក្នុងសុសវែរទំនើបបាន។

ទី៥៖ មានសារៈសំខាន់សម្រាប់បញ្ញាសិប្បនិម្មិត និងប្រព្រឹត្តិកម្មភាសាធម្មជាតិ ដោយហេតុថាអ៉ិនកូដ ជាជំហានដំបូងសម្រាប់ធ្វើឱ្យភាសាខ្មែរអាចប្រើក្នុងម៉ូដែល ដូចជា BERT ឬ GPT បាន ឬមួយម៉ាស៊ីនបកប្រែ ការស្គាល់សំឡេង សិក្ខាម៉ាស៊ីនជាដើម។

ទី៦៖ ប្រព័ន្ធអ៉ិនកូដស្តង់ដាធានាថាមនុស្សទាំងអស់ប្រើតំណាងអក្សរដូចៗគ្នា អត្ថបទត្រូវគ្នានៅគ្រប់ថ្នាល ឬប្រព័ន្ធ ដើម្បីចៀសវាងការកើតមានអត្ថបទដែលយកជាការមិនបាន មានសញ្ញាដែលអានមិនកើតជាដើម។

ទី៧៖ អត្ថបទខ្មែរដែលបានអ៉ិនកូដ អាចរក្សាទុកក្នុងកម្រងទិន្នន័យភាសា (Database) ដាក់សន្ទស្សន៍ (index) ដោយម៉ាស៊ីនស្វែងរក (search engine) និងស្វែងរកបានលឿន និងត្រឹមត្រូវ។

បន្ថែមពីនេះ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបញ្ជាក់ថា តែទោះជាយ៉ាងណាក៏ដោយ ក៏ការខិតខំប្រឹងប្រែងទាំងនេះនៅជួបឧបសគ្គមួយចំនួននៅឡើយ ដូចជាពាក្យខ្មែរមួយអាចវាយបានជាលំដាប់ Unicode ខុសៗគ្នា ប៉ុន្តែមើលទៅដូចគ្នាស្វែងរកមិនឃើញលទ្ធផលជាដើម។ ហេតុនេះហើយក្រុមប្រឹក្សាជាតិភាសាខ្មែរ បានរៀបចំសិក្ខាសាលា និងអញ្ជើញវាគ្មិនដែលជាអ្នកឯកទេសក្នុងវិស័យនេះមកធ្វើបទបង្ហាញលទ្ធផលនៃការស្រាវជ្រាវអស់រយៈពេលច្រើនឆ្នាំកន្លងមក ហើយលទ្ធផលនេះគឺជាជំហានដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាដែលកើតមានកន្លងមក ព្រមទាំងសម្រាប់ដំណើរឌីជីថលូបនីយកម្មភាសាខ្មែរតទៅអនាគត។ សង្ឃឹមថាសិក្ខាសាលានេះជាវេទិកាសម្រាប់ពិភាក្សាគ្នារកដំណោះស្រាយដើម្បីបោះជំហានទៅមុខកាន់តែល្អប្រសើរឱ្យដល់គោលដៅ៕