ប្រធានសមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ បង្ហាញពីលក្ខខណ្ឌ និងលក្ខណៈពិសេសរបស់ស្វាយចន្ទីកំពង់ធំដែលបានចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ​GI (Video inside)

07-05-2026 14:51

(កំពង់ធំ)៖ លោក ស៊ុយ កុកធាន ប្រធានសមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ បង្ហាញពីលក្ខខណ្ឌ លក្ខណៈពិសេសរបស់ស្វាយចន្ទីកំពង់ធំ ដែលត្រូវបានក្រសួងពាណិជ្ជកម្មម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ​​ កាលពីពេលថ្មីៗនេះ។

លោក ស៊ុយ កុកធាន បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មានប្រចាំខេត្តកំពង់ធំថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦នេះថា សម្រាប់លក្ខខណ្ឌតំបន់ភូមិសាស្ត្រ និងបច្ចេកទេសដាំដុះ ដើម្បីទទួលបានម៉ាក GI ស្វាយចន្ទី ​ត្រូវតែមានប្រភព ​ដាំដុះ​ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលមានលក្ខណៈដី និងអាកាសធាតុអំណោយផលដល់គុណភាពគ្រាប់ ចំពោះពូជស្របតាមស្តង់ដារ។ ការប្រើប្រាស់ពូជដែលកំណត់ដោយសមាគម ដែលភាគច្រើនគឺពូជ M23​ ដែលផ្តល់ទិន្នផលខ្ពស់ និងគ្រាប់មានទំហំធំ។ ចំណែកការថែទាំ ធ្វើឡើងតាមបែបធម្មជាតិ​ ដោយកាត់បន្ថយការប្រើប្រាស់សារធាតុគីមីនិងអនុវត្តតាមគោលការណ៍កសិកម្មល្អ(GAP)ដើម្បីធានាសុវត្ថិភាពអ្នកប្រើប្រាស់។

​ចំពោះគុណសម្បត្តិពិសេសរបស់ស្វាយចន្ទីកំពង់ធំ ​ដែលជាផលិត GI មានចំណុចខ្លាំង ៣ យ៉ាង៖

* រសជាតិ៖ មានរសជាតិឈ្ងុយ ផ្អែម និងខ្ទិះជាងស្វាយចន្ទីតំបន់ផ្សេង។
* ទំហំគ្រាប់៖ មានគ្រាប់ធំ ពេញសាច់ និងមានទម្ងន់ (Outturn) ខ្ពស់។
* អនាម័យ៖ ដំណើរការកែច្នៃត្រូវធ្វើឡើងតាមស្តង់ដារបច្ចេកទេសដែលក្រសួងពាណិជ្ជកម្ម និងសមាគមត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់។

លោកបានឱ្យដឹងផងដែរថា បន្ទាប់ពីទទួលបានការចុះបញ្ជី GI​ ដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម​ នឹងផ្តល់ផលចំណេញដល់កសិករ និងសេដ្ឋកិច្ចខេត្ត ដូចជាទទួលបានតម្លៃបន្ថែមខ្ពស់ ​ដោយសារជា​ផលិតផលមានតម្លៃថ្លៃជាងផលិតផលទូទៅនៅលើទីផ្សារ​ ព្រោះមានការបញ្ជាក់ពីប្រភពច្បាស់លាស់។

​បន្ថែមពីនេះទៀត នឹងបង្កើនការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ដោយងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ជប៉ុន និងកូរ៉េ ដែលគេផ្តល់តម្លៃខ្ពស់លើទំនិញ GI និងការការពារកម្មសិទ្ធិបញ្ញា បង្ការការក្លែងបន្លំឈ្មោះ «ស្វាយចន្ទីកំពង់ធំ» ពីសំណាក់តំបន់ ឬប្រទេសដទៃ​៕