ប្រធាន CPMEC៖ ការបង្កើត MSME Hub ដើម្បីប្រមូលផ្តុំផលិតផលខ្មែរ ទៅលក់ចែកចាយទូទាំងប្រទេស និងនាំចេញ (Video inside)

07-05-2026 15:17

(ភ្នំពេញ)៖ លោកស្រី ឧកញ៉ា បណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) បានលើកឡើងពីការបង្កើត ទីតាំងប្រមូលផ្តុំផលិតផលសហគ្រាសខ្នាតមីក្រូ ធុនតូច និងមធ្យម (MSME Hub) ដើម្បីប្រមូលផ្តុំផលិតផលខ្មែរ ទៅលក់ចែកចាយទូទាំងប្រទេស និងនាំចេញ

លោកស្រីថ្លែងបែបនេះ នាថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច សង្កាត់គៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងឱកាសសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) និងមានការសហការជាមួយធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដែលដឹកនាំដោយលោក ជា សុភ័ក្ត អគ្គនាយកនៃធនាគារ (SME Bank) តំណាង លោកបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល SME Bank រៀបចំកិច្ចប្រជុំជាមួយម្ចាស់សិប្បកម្ម និងអាជីវកម្ម​ ខ្នាតមីក្រូ តូច និងមធ្យម ដែលមានផលិតផលខ្មែរជាច្រើនមុខ។

លោកស្រី ឧកញ៉ា បណ្ឌិត កែវ មុំ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបង្កើត MSME Hub ក្នុងការប្រមូលផ្តុំផលិតផលរបស់ខ្មែរ ទៅលក់ចែកចាយទូទាំងប្រទេស និងនាំចេញ […] អ្នកផលិតនៅកម្ពុជា មានសក្តានុពល មានគុណភាព មានរសជាតិឈ្ងុញឆ្ងាញ់ ដែលអាចលក់ចែកចាយបាន ប៉ុន្តែអ្វីដែលជាបញ្ហាធំបំផុតរបស់ពួកគាត់ ទី១ ការលក់ចែកចាយ គឺនៅមានកម្រិតខ្លាំងមែនទែន ដែលមិនអាចចែកចាយទូទាំងប្រទេសបាន ឬបង្កើតកន្លែងណា លក់កន្លែងហ្នឹង ឬលក់ទៅតាមទីតាំងដែលស្គាល់គ្នា។ អីចឹងការផលិតមិនមានបរិមាណច្រើនទេ នាំឲ្យថ្លៃដើមខ្ពស់ ប្រកួតប្រជែងនឹងផលិតផលនាំចូលមិនបាន»

បើតាមលោកស្រី ការផលិតដែលមានគុណភាព សុវត្ថិភាព តម្លៃល្អ និងផ្គត់ផ្គង់ក្នុងប្រទេសបាននោះ ធ្វើឲ្យផលិតផលនាំចូល បាត់ទៅវិញដោយឯកឯង។

សូមជម្រាបថា MSME Hub មានចក្ខុវិស័យ គឺធ្វើឱ្យផលិតផលក្នុងស្រុកអាចឈានទៅដល់ដៃអ្នកប្រើប្រាស់គ្រប់រូប យ៉ាងលឿនរហ័ស​ និងគ្រប់ទីកន្លែងប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត ដេីម្បីធ្វេីឱ្យផលិតផលខ្មែរទាំងអស់នោះទៅដល់បងប្អូនអតិថិជន ដែលជាជនជាតិខ្មែរ និងជនបរទេសកំពុងរស់នៅក្នុងប្រទេសកម្ពុជាឲ្យបានច្រើនបំផុត៕