កម្ពុជានៅតែមានលទ្ធភាពចរចាជាមួយសហរដ្ឋអាមេរិក ក្នុងការកំណត់អត្រាពន្ធគយថ្មីៗ មិនឱ្យខ្ពស់ជាងអត្រាពន្ធ ១៩% (Video inside)

07-05-2026 15:30

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា ទោះបីជាតុលាការកំពូលសហរដ្ឋអាម៉េរិក បានសម្រេចលុបចោលពន្ធគយបដិការក្តី, ផ្អែកតាមបុព្វសិទ្ធិរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ការដាក់ពន្ធគយនានាក៏នៅតែអាចធ្វើទៅបាន ដូច្នេះកម្ពុជាសង្ឃឹមនៅតែមានលទ្ធភាព ក្នុងការចរចាជាមួយនឹងសហរដ្ឋអាមេរិក ក្នុងការកំណត់អត្រាពន្ធគយថ្មីៗ ដែលមិនឱ្យខ្ពស់ជាងអត្រាពន្ធ ១៩% ឬធ្វើយ៉ាងណាឱ្យអត្រាពន្ធទាបជាង ១៩%។

លោក ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតី បើកវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ ក្រោមមូលបទ «ការពង្រឹងភាពធន់តាមរយៈការថែទាំវិនិយោគ ប្រកបដោយភាពបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ»

ទាក់ទងនឹងរឿងពន្ធបដិការជាមួយសហរដ្ឋអាមេរិក លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា រាជរដ្ឋាភិបាលបានអនុវត្តការងារចរចា បញ្ចុះពន្ធគយបដិការរវាងកម្ពុជា-សហរដ្ឋអាមេរិក ហើយជាផ្លែផ្កានៃការងារនេះ កម្ពុជាបានក្លាយជាប្រទេសទី១ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ជាមួយសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ទោះបីជាតុលាការកំពូលសហរដ្ឋអាមេរិក បានសម្រេចលុបចោលពន្ធគយបដិការនេះក្តី, ផ្អែកតាមបុព្វសិទ្ធិរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ការដាក់ពន្ធគយនានាក៏នៅតែអាចធ្វើទៅបាន ដូច្នេះកម្ពុជាសង្ឃឹមថា យើងនឹងនៅតែមានលទ្ធភាពក្នុងការចរចាជាមួយនឹងសហរដ្ឋអាមេរិក ធ្វើយ៉ាងណាប្រើប្រាស់លទ្ធផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដែលបានសម្រេចកន្លងមក ជាមូលដ្ឋានក្នុងការកំណត់អត្រាពន្ធគយថ្មីៗនាពេលខាងមុខ មិនឱ្យខ្ពស់ជាងអត្រាពន្ធ ១៩ភាគរយ ដែលយើងទទួលបានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ជាមួយសហរដ្ឋអាម៉េរិកនោះទេ៕