Fresh Exclusive: ពិភពលោកកំពុងរុញឱ្យបញ្ចប់សង្គ្រាមអ៊ីរ៉ង់ មុនពេលវិបត្តិប្រេងរីកធំជាងសមរភូមិ (Video inside)

07-05-2026 17:13

(ភ្នំពេញ)៖ សញ្ញាថ្មីៗនៃក្តីរំពឹងថា សង្គ្រាមអ៊ីរ៉ង់ អាចឈានទៅរកការបញ្ចប់ បានចាប់ផ្តើមលេចចេញបន្តិចម្តងៗគួរឱ្យកត់សម្គាល់។ សេចក្តីរាយការណ៍ជាច្រើន បានបង្ហាញថា ពិភពលោកកំពុងខ្នះខ្នែងជម្រុញឱ្យមាន «ច្រកចេញនយោបាយ» ពីសង្គ្រាមនេះ ខណៈក្តីព្រួយបារម្ភអំពីតម្លៃប្រេង អតិផរណាទំនិញ និងសម្ពាធសេដ្ឋកិច្ចសកល ដែលកំពុងកើនឡើងកាន់តែខ្លាំង។
ចាប់ពីអាមេរិក អឺរ៉ុប រហូតដល់អាស៊ី មហាអំណាចនិងតំបន់ជាច្រើន កំពុងផ្តោតការយកចិត្តទុកដាក់លើការបើកច្រក Hormuz ឡើងវិញ មុនពេលវិបត្តិប្រេង រីកធំជាងសមរភូមិ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖

ខណៈដែលផ្សែងសង្គ្រាមនៅមជ្ឈិមបូព៌ា មិនទាន់រលាយបាត់ និងសំឡេងរំខាននៃនាវាចម្បាំង នៅតែបន្តឮកាត់ច្រកសមុទ្រ Hormuz, ពិភពលោកវិញ ហាក់កំពុងផ្លាស់ប្តូរពីការតាមដាន «អ្នកណាឈ្នះសង្គ្រាម» ទៅកាន់ការព្រួយបារម្ភថ្មីមួយ តើសេដ្ឋកិច្ចពិភពលោក អាចទ្រាំទ្រសង្គ្រាមនេះ បានយូរប៉ុណ្ណា?
សញ្ញានៃការខិតជិតរកច្រកចេញពីសង្គ្រាមអ៊ីរ៉ង់ពេលនេះ មិនមែនបង្ហាញតែតាមការចរចារវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញតាមការខ្នះខ្នែងរបស់ពិភពលោក ក្នុងការជម្រុញឱ្យបើកច្រក Hormuz ឡើងវិញ មុនពេលវិបត្តិប្រេង និងសម្ពាធសេដ្ឋកិច្ច ពង្រីកខ្លួនធំ ជាងសមរភូមិ។

*សញ្ញា«ច្រកចេញនយោបាយ» ចាប់ផ្តើមលេចចេញ

សេចក្តីរាយការណ៍របស់ CNN និង Al Jazeera បានបង្ហាញថា អ៊ីរ៉ង់ ត្រូវគេរំពឹងថានឹងផ្តល់ការឆ្លើយតបទៅកាន់សំណើរបស់សហរដ្ឋអាមេរិក ស្តីពីការបញ្ចប់សង្គ្រាម តាមរយៈអ្នកសម្របសម្រួល ក្នុងថ្ងៃព្រហស្បតិ៍។ ជាមួយគ្នានោះ ប្រធានាធិបតី Donald Trump ក៏បាននិយាយថា អាមេរិក និងអ៊ីរ៉ង់ មាន «ការពិភាក្សាគ្នាល្អខ្លាំង» ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ និងថា «កិច្ចព្រមព្រៀង គឺអាចទៅរួច»។ ការប្រើពាក្យបែបនេះ ពីសេតវិមាន គឺជាសញ្ញាសំខាន់មួយថា Washington កំពុងស្វែងរក «ច្រកចេញនយោបាយ» ពីសង្គ្រាមនេះហើយ បន្ទាប់ពីការចំណាយលុយដ៏ច្រើនមហាសាល ធ្វើសង្គ្រាមដែលមិនអាចបង្ខំឱ្យអ៊ីរ៉ង់ចុះចាញ់បាន។ ទោះបីជាការវាយប្រហាររវាងភាគីផ្សេងៗ នៅតែបន្ត និងភាពតានតឹង នៅតែមិនទាន់រសាយក៏ដោយ ប៉ុន្តែការចរចា និងការគិតគូរអំពី «ច្រកចេញ» ពេលនេះ ហាក់កំពុងលេចចេញជាសញ្ញាវិជ្ជមានខ្លាំងជាងពេលណាៗទាំងអស់ចាប់តាំងពីសង្គ្រាមផ្ទុះឡើងមក។

* Hormuz ចំណុចគាបសង្កត់សេដ្ឋកិច្ចសកលលោក

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា សំណើរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាម នៅតែ «កំពុងត្រូវបានពិនិត្យ» ហើយទីក្រុងតេហេរ៉ង់នឹងបង្ហាញការឆ្លើយតបរបស់ខ្លួនទៅកាន់ប្រទេសសម្របសម្រួលប៉ាគីស្ថាន។ ចំពោះអ៊ីរ៉ង់ បន្ទាត់ក្រហមពីរដែលមិនអាចប៉ះពាល់បានគឺ ទីមួយកម្មវិធីថាមពលនុយក្លេអ៊ែរ និងទីពីរ អធិបតេយ្យភាពនៅលើច្រកហ័រមូស និងជំហរយោធាក្នុងតំបន់។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺសម្ពាធពីខាងក្រៅសមរភូមិ។ ពិភពលោក ហាក់មិនចង់ឱ្យសង្គ្រាមនេះ បន្តរីកធំទៅកាន់វិបត្តិប្រេង និងវិបត្តិសេដ្ឋកិច្ចសកលឡើយ។ នេះជាមូលហេតុដែលបារាំង បានចាប់ផ្តើមចូលធ្វើសកម្មភាពការទូត និងសន្តិសុខយ៉ាងសកម្ម។

សេចក្តីរាយការណ៍ បានឱ្យដឹងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជជែកដោយផ្ទាល់ជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian និង ថែមទាំងបានអំពាវនាវឱ្យ «គ្រប់ភាគី» ដកការបិទច្រក Hormuz និងស្ដារឡើងវិញនូវ «សេរីភាពនៃការធ្វើនាវាចរណ៍» ដែលធ្លាប់កើតមានមុនសង្គ្រាមបានផ្ទុះឡើយ។ ពាក្យ «គ្រប់ភាគី» របស់ Macron មានន័យជ្រៅជាខ្លាំង។ វាបង្ហាញថា បារាំង មិនចង់ឱ្យ Hormuz ក្លាយជាអាវុធសង្គ្រាមរបស់ភាគីណាមួយឡើយ ព្រោះច្រកសមុទ្រនេះ មិនត្រឹមតែជាបញ្ហារបស់អាមេរិក និងអ៊ីរ៉ង់ទៀតទេ។ វាបានក្លាយជាចំណុចគាបសង្កត់សេដ្ឋកិច្ចសកល ដែលអាចប៉ះពាល់ដល់ថាមពល ពាណិជ្ជកម្ម និងស្ថិរភាពទីផ្សារពិភពលោកទាំងមូល។

លោក Pezeshkian បាននិយាយថា អ៊ីរ៉ង់ជាអ្នកការពារសន្តិសុខនៅក្នុងផ្លូវទឹកជាយូរមកហើយ ប៉ុន្តែសកម្មភាពរបស់សហរដ្ឋអាមេរិក រួមទាំងការបិទផ្លូវកងទ័ពជើងទឹក បានរំខានដល់ស្ថិរភាព។ លោកបានមានប្រសាសន៍ថា «ការចរចាណាមួយទាក់ទងនឹងការបើកច្រកសមុទ្រ Hormuz ឡើងវិញទាំងស្រុង តម្រូវឱ្យមានការលើកការបិទផ្លូវទឹក ដែលដាក់ដោយសហរដ្ឋអាមេរិក»។ អ៊ីរ៉ង់ ក៏បានបញ្ជាក់ដែរថា ការឆ្លងកាត់ដោយសុវត្ថិភាពតាមច្រក Hormuz នៅតែអាចធ្វើទៅបាន ប៉ុន្តែត្រូវអនុវត្តតាម «នីតិវិធីថ្មី» ដែលកំណត់ដោយអ៊ីរ៉ង់។ នេះបង្ហាញថា ទីក្រុងតេហេរ៉ង់ កំពុងព្យាយាមរក្សាការគ្រប់គ្រង និងអធិបតេយ្យភាពលើច្រកសមុទ្រដ៏រសើបនេះ ខណៈដែលពិភពលោកវិញ កំពុងខ្នះខ្នែងរុញឱ្យវាត្រឡប់ទៅរកស្ថានភាពធម្មតាវិញ មុនពេលវិបត្តិប្រេងរីកធំជាងសមរភូមិ។

* បារាំង និងអឺរ៉ុប ចាប់ផ្តើមរុញការបើក Hormuz ឡើងវិញ

ការដាក់ពង្រាយនាវាផ្ទុកយន្តហោះចម្បាំងរបស់បារាំង ទៅកាន់សមុទ្រក្រហម បានបង្ហាញថា អឺរ៉ុប កំពុងព្យាយាមទប់ស្កាត់ កុំឱ្យវិបត្តិនៅច្រក Hormuz ប្រែក្លាយទៅជា «វិបត្តិប្រេងសកលលោក»។ ព្រោះបើច្រកសមុទ្រដ៏សំខាន់នេះ បន្តរងការរាំងស្ទះ នោះផលប៉ះពាល់នឹងមិនបញ្ឈប់ត្រឹមការឡើងថ្លៃប្រេងប៉ុណ្ណោះទេ ប៉ុន្តែអាចបង្កឱ្យមានអតិផរណា វិបត្តិដឹកជញ្ជូន និងការរំខានខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ។ ច្រក Hormuz គឺជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលប្រេងឆៅប្រមាណជិតមួយភាគប្រាំនៃការផ្គត់ផ្គង់សកល ត្រូវឆ្លងកាត់ទីនោះ។ ដូច្នេះ ការរាំងស្ទះ ឬភាពមិនច្បាស់លាស់នៅក្នុងច្រកសមុទ្រនេះ អាចធ្វើឱ្យទីផ្សារប្រេងពិភពលោករង្គោះរង្គើភ្លាមៗ ហើយបង្កឱ្យមានការភ័យខ្លាចលើអតិផរណា និងសេដ្ឋកិច្ចសកល។

ប្រធានាធិបតីបារាំង លោក Macron តាមរយៈកិច្ចសន្ទនាជាមួយប្រធានាធិបតីអ៊ីរ៉ង់ បានសម្តែងការគាំទ្ររបស់រដ្ឋាភិបាលក្រុងប៉ារីសចំពោះក្របខ័ណ្ឌបទឈប់បាញ់ និងទទួលស្គាល់ថា ការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិក និងការវាយប្រហាររបស់អ៊ីស្រាអែល លើប្រទេសលីបង់ គឺជាការរំលោភបំពានបទឈប់បាញ់។ លោកក៏បាននិយាយផងដែរថា ប្រទេសបារាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយជំរុញការចរចា និងចូលរួមក្នុងដំណើរការនៃការលើកទណ្ឌកម្មលើទីក្រុងតេអេរ៉ង់។

សម្រាប់អឺរ៉ុប វិបត្តិ Hormuz មិនមែនគ្រាន់តែជាបញ្ហាសន្តិសុខក្នុងតំបន់មជ្ឈិមបូព៌ាទៀតទេ ប៉ុន្តែបានក្លាយជាបញ្ហាស្ថិរភាពសេដ្ឋកិច្ច ដែលអាចប៉ះពាល់ដល់ថ្លៃថាមពល អតិផរណា និងការស្ដារសេដ្ឋកិច្ចក្រោយវិបត្តិសកលជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អឺរ៉ុប ដែលកំពុងប្រឈមសម្ពាធលើថ្លៃថាមពល និងកំណើនសេដ្ឋកិច្ចយឺតយ៉ាវរួចទៅហើយ នោះ មិនចង់ឃើញវិបត្តិប្រេងថ្មីមួយកើតឡើងបន្ថែមទៀតឡើយ។
ហេតុនេះហើយ ទើបប្រធានាធិបតីបារាំង លោក Emmanuel Macron មិនត្រឹមតែអំពាវនាវឱ្យ «គ្រប់ភាគី» ដកការបិទច្រក Hormuz ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានបេសកកម្មពហុជាតិ ដើម្បីធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍ក្នុងតំបន់ផងដែរ។

* ASEAN កំពុងភ័យខ្លាចវិបត្តិជីវភាពរស់នៅ

ការព្រួយបារម្ភនេះ មិនមែនមានតែអឺរ៉ុប និងអាមេរិកប៉ុណ្ណោះដែរ។ នៅអាស៊ី ជាពិសេសក្នុងតំបន់អាស៊ាន ក្តីបារម្ភអំពីតម្លៃប្រេង និងការឡើងថ្លៃជីវភាពរស់នៅ ក៏កំពុងក្លាយជាប្រធានបទធំដូចគ្នា។ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន មេដឹកនាំតំបន់ ក៏បានផ្តោតលើផលប៉ះពាល់សេដ្ឋកិច្ច ដែលអាចកើតចេញពីសង្គ្រាមអ៊ីរ៉ង់ និងភាពមិនច្បាស់លាស់នៅច្រក Hormuz ផងដែរ។

ការព្រួយបារម្ភរបស់អាស៊ាន មានមូលហេតុច្បាស់លាស់ ព្រោះប្រទេសជាច្រើនក្នុងតំបន់ ពឹងផ្អែកយ៉ាងខ្លាំងលើថាមពល និងការនាំចូលប្រេងពីតំបន់ឈូងសមុទ្រ Gulf។ ដូច្នេះ បើវិបត្តិនៅ Hormuz បន្តអូសបន្លាយ នោះផលប៉ះពាល់នឹងមិនស្ថិតត្រឹមទីផ្សារប្រេងទេ ប៉ុន្តែអាចរីករាលដាលទៅដល់ថ្លៃដឹកជញ្ជូន ថ្លៃម្ហូបអាហារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទាំងតំបន់។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន មេដឹកនាំតំបន់ក្នុងសប្តាហ៍នេះ បានចាប់ផ្តើមពិភាក្សាអំពីផលប៉ះពាល់នៃសង្គ្រាមអ៊ីរ៉ង់ ចំពោះថាមពល និងជីវភាពរស់នៅ។ អាស៊ានបានពណ៌នាពេលវេលានេះ ថាជា «ទសវត្សរ៍នៃការសាកល្បងសមត្ថភាពទ្រាំទ្រវិបត្តិ (stress test decade)» ព្រោះប្រទេសជាច្រើនក្នុងតំបន់ ពឹងផ្អែកយ៉ាងខ្លាំងលើថាមពលពីតំបន់ឈូងសមុទ្រ អារ៉ាប់។ នេះមានន័យថា សង្គ្រាមដែលកើតឡើងឆ្ងាយនៅមជ្ឈិមបូព៌ា ក៏អាចបង្កឱ្យប្រជាជននៅក្រុង ម៉ានីល បាងកក ភ្នំពេញ ឬហ្សាការតា ត្រូវចំណាយថ្លៃប្រេង ថ្លៃដឹកជញ្ជូន និងថ្លៃទំនិញខ្ពស់ជាងមុន។
ក្នុងន័យនេះ ច្រក Hormuz មិនមែនគ្រាន់តែជាចំណុចរាំងស្ទះសមរភូមិយោធា «Military Chokepoint» ទៀតទេ, វាបានក្លាយជា ចំណុចគាបសង្កត់សេដ្ឋកិច្ចសកល «Global Economic Pressure Point» ដែលអាចសម្រេចថា សង្គ្រាមនេះនឹងបន្ត ឬត្រូវរុញឱ្យបញ្ចប់ ឆាប់ជាងមុន។

សេចក្តីសន្និដ្ឋាន៖ សង្គ្រាម នៅមិនទាន់បញ្ចប់ទេ។ អ៊ីស្រាអែល នៅតែបន្តវាយប្រហារលើ ប្រទេសលីបង់ ខណៈអ៊ីរ៉ង់ ក៏នៅតែដាក់ចំណុចបន្ទាត់ក្រហមដ៏រឹងមាំ លើកម្មវិធីនុយក្លេអ៊ែរ និងអធិបតេយ្យភាពលើការគ្រប់គ្រងច្រក Hormuz។ ភាពខុសគ្នាសំខាន់ពេលនេះ គឺសម្ពាធ ដែលមិនមែនមកតែពីសមរភូមិតែមួយមុខឡើយ។ វាកំពុងមកពីទីផ្សារប្រេងផង សេដ្ឋកិច្ចពិភពលោកផង និងការភ័យខ្លាចអំពីការរស់នៅប្រចាំថ្ងៃរបស់មនុស្សរាប់រយលាននាក់ផងដែរ។
នៅពេលដែលសង្គ្រាមចាប់ផ្តើមគំរាមសន្តិសុខក្នុងតំបន់ និងគំរាមស្ថិរភាពសេដ្ឋកិច្ចពិភពលោក សម្ពាធដើម្បីរកការបញ្ចប់សង្គ្រាម ក៏កាន់តែផ្លាស់ពីសមរភូមិ ទៅកាន់ទីផ្សារប្រេង និងជីវភាពរស់នៅរបស់មនុស្សទូទាំងពិភពលោកទាំងមូល។
សំណួរដ៏ធំ ដែលកំពុងលេចឡើងនៅពេលនេះ គឺថា «តើពិភពលោក អាចរុញឱ្យសង្គ្រាមអ៊ីរ៉ង់ឈានទៅរកច្រកចេញនយោបាយ បានមុនពេលវិបត្តិប្រេង និងសម្ពាធសេដ្ឋកិច្ច រីកធំជាងសមរភូមិដែរឬទេ?»