សហគមន៍កសិកម្មជាំក្សាន្ដជាយដែនមានជ័យ សប្បាយរីករាយ បន្ទាប់ពីទទួលបានពូជដំឡូងមី និងពូជស្វាយចន្ទី សម្រាប់ដាំដុះក្នុងរដូវវស្សាឆ្នាំនេះ

07-05-2026 17:35

(ព្រះវិហារ)៖ សហគមន៍កសិកម្មជាំក្សាន្ដជាយដែនមានជ័យ ស្ថិតក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសម្តែងនូវក្តីសប្បាយរីករាយ និងមានកម្លាំងចិត្តកាន់តែខ្លាំង បន្ទាប់ពីទទួលបានពូជដំណាំដំឡូងមី និងពូជស្វាយចន្ទី សម្រាប់ធ្វើការដាំដុះនារដូវវស្សាឆ្នាំ២០២៦នេះ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅមូលដ្ឋាន។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ អញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយបច្ចេកទេស និងចែកពូជដំណាំដល់សមាជិកសហគមន៍កសិកម្មជាំក្សាន្ដជាយដែនមានជ័យ ដើម្បីជំរុញការដាំដុះ ការផលិតពូជ និងការបង្កើនទិន្នផលកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោក ពឹង ទ្រីដា បានថ្លែងលើកឡើងថា ការផ្តល់ពូជដំណាំល្អៗជូនប្រជាកសិករ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន ស្របតាមតម្រូវការទីផ្សារ និងការប្រែប្រួលអាកាសធាតុ។

លោកប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ ក៏បានថ្លែងជំរុញឱ្យបងប្អូនប្រជាកសិករ ខិតខំអនុវត្តតាមបច្ចេកទេសកសិកម្មសមស្រប ថែរក្សាពូជឱ្យបានល្អ និងពង្រីកការផលិត ដើម្បីបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរ។

លោកថា ពូជដំឡូងមី KU50 និងរ៉ាក់យ៉ង90 ដែលត្រូវបានចែកជូន គឺជាពូជមានសក្តានុពលខ្ពស់ ធន់នឹងជំងឺ និងផ្តល់ទិន្នផលល្អ ពិសេសមានកម្រិតជាតិម្សៅខ្ពស់ សមស្របសម្រាប់តម្រូវការឧស្សាហកម្ម។ដោយឡែក ពូជស្វាយចន្ទី M23 ជាពូជមានគុណភាពល្អ ទិន្នផលខ្ពស់ គ្រាប់ធំ រសជាតិឆ្ងាញ់ និងមានតម្លៃទីផ្សារល្អ ដែលអាចជួយបង្កើនចំណូលដល់ប្រជាកសិករ។

សូមបញ្ជាក់ថា កម្មវិធីនេះ អនុវត្តឡើងក្រោមការគាំទ្រថវិកាពីរាជរដ្ឋាភិបាលប្រចាំឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់សហគមន៍កសិកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមាននិរន្តរភាព៕