វិចារណកថា៖ ការប្រែប្រួលអាកាសធាតុកំពុងផ្លាស់ប្តូរវាសនារបស់អាជីវកម្មខ្នាតតូច
07-05-2026 18:21
(ភ្នំពេញ)៖ នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចសកល សហគ្រាសធុនតូច និងមធ្យម (SMEs) ត្រូវបានគេចាត់ទុកថាជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ច។ អាជីវកម្មទាំងនេះមានចំនួនច្រើនលើសលប់នៅទូទាំងពិភពលោក ជាប្រភពការងារដ៏ធំ និងជាអ្នកទ្រទ្រង់សហគមន៍មូលដ្ឋាន។ ប៉ុន្តែនៅពេលការប្រែប្រួលអាកាសធាតុកាន់តែវិវត្តទៅមុខយ៉ាងលឿន អាជីវកម្មខ្នាតតូចទាំងនេះកំពុងរងគ្រោះមុនគេ ដោយត្រូវស្រូបយកផលប៉ះពាល់ដែលពួកគេមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយ។
បច្ចុប្បន្ន ផលប៉ះពាល់មិនមែនជារឿងឆ្ងាយទៀតទេ កម្ដៅដែលកើនឡើង ភ្លៀងធ្លាក់មិនទៀងទាត់ ការឡើងកម្រិតទឹកសមុទ្រ និងគ្រោះធម្មជាតិញឹកញាប់ កំពុងបង្កការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងផ្លាស់ប្តូរតម្រូវការទីផ្សារ។ សម្រាប់ក្រុមហ៊ុនធំៗ ពួកគេអាចកាត់បន្ថយហានិភ័យទាំងនេះបានតាមរយៈការធានារ៉ាប់រង ឬទុនបម្រុង ប៉ុន្តែសម្រាប់អាជីវកម្មខ្នាតតូច ពួកគេមានលទ្ធភាពតិចតួចណាស់ក្នុងការទប់ទល់។
សម្រាប់ប្រទេសដែលពឹងផ្អែកលើកសិកម្ម អាជីវកម្មខ្នាតតូចដែលពាក់ព័ន្ធនឹងការដាំដុះ និងការកែច្នៃអាហារ កំពុងជួបបញ្ហាទិន្នផលធ្លាក់ចុះ ខ្វះខាតទឹក និងអាកាសធាតុដែលមិនអាចទាយទុកជាមុនបាន។ គ្រាន់តែគ្រោះរាំងស្ងួត ឬទឹកជំនន់តែមួយលើក អាចបំផ្លាញចំណូលដែលរកបានរាប់ខែ។ ចំណែកនៅតំបន់ឆ្នេរ អាជីវកម្មទេសចរណ៍ ដូចជាផ្ទះសំណាក់ ឬសេវាកម្មដឹកជញ្ជូន ក៏កំពុងប្រឈមនឹងការច្រោះច្រាំងសមុទ្រ និងគ្រោះធម្មជាតិដែលធ្វើឱ្យភ្ញៀវមិនហ៊ានមកលេង។ សូម្បីតែអាជីវកម្មផលិតកម្ម ក៏រងផលប៉ះពាល់ដោយសារខ្វះវត្ថុធាតុដើម និងតម្លៃថាមពលកើនឡើងដែរ។
ក្រៅពីផលប៉ះពាល់ផ្ទាល់ ការប្រែប្រួលអាកាសធាតុក៏កំពុងផ្លាស់ប្តូរស្ថានភាពហិរញ្ញវត្ថុផងដែរ។ ធនាគារ និងអ្នកវិនិយោគចាប់ផ្តើមគិតគូរពី «ហានិភ័យអាកាសធាតុ» មុននឹងផ្តល់កម្ចី។ ការផ្លាស់ប្តូរនេះជារឿងល្អសម្រាប់និរន្តរភាព ប៉ុន្តែវាអាចធ្វើឱ្យអាជីវកម្មខ្នាតតូចកាន់តែពិបាកខ្ចីបុល ប្រសិនបើពួកគេមិនមានធនធានដើម្បីបង្ហាញពីសមត្ថភាពទប់ទល់នឹងបញ្ហាអាកាសធាតុ។ មានន័យថា អ្នកដែលងាយរងគ្រោះបំផុត បែរជាពិបាករកដើមទុនមកដោះស្រាយបញ្ហាទៅវិញ។
ជាមួយគ្នានេះ ការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចដែលបញ្ចេញជាតិពុលទាប (តាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស) ក៏បង្កើតឱ្យមានទាំងហានិភ័យ និងឱកាស។ អាជីវកម្មដែលប្រើប្រាស់បច្ចេកវិទ្យាចាស់ៗ បញ្ចេញផ្សែងពុលច្រើន អាចនឹងជួបការរឹតបន្តឹងពីច្បាប់ និងការផ្លាស់ប្តូរការនិយមរបស់អ្នកប្រើប្រាស់។ ប៉ុន្តែ អាជីវកម្មណាដែលឆាប់ច្នៃប្រឌិត ដោយប្រើថាមពលសន្សំសំចៃ ឬថាមពលកកើតឡើងវិញ នឹងមានឱកាសចំណេញក្នុងទីផ្សារកាន់តែខ្លាំង។
បញ្ហាប្រឈមធំបំផុតគឺ ការសម្របខ្លួនទាំងនេះត្រូវការដើមទុន ចំណេះដឹង និងការគាំទ្រផ្នែកបច្ចេកទេស ដែលអាជីវកម្មខ្នាតតូចភាគច្រើននៅមានកម្រិតនៅឡើយ។ បើគ្មានគោលនយោបាយច្បាស់លាស់ទេ ពួកគេនឹងត្រូវបោះបង់ចោលក្នុងយុគសម័យអាកាសធាតុនេះ។
ហេតុនេះ រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ត្រូវតែផ្តល់អាទិភាពដល់អាជីវកម្មខ្នាតតូច តាមរយៈការបង្កើតកម្ចីដែលសមស្រប ការផ្តល់បច្ចេកទេសសម្រាប់អាជីវកម្មបៃតង និងការត្រៀមលក្ខណៈឱ្យបានល្អសម្រាប់គ្រោះមហន្តរាយ។ លើសពីនេះ ត្រូវកែសម្រួលច្បាប់ទម្លាប់ឱ្យកាន់តែសាមញ្ញ ដើម្បីឱ្យនិរន្តរភាពបរិស្ថានមិនមែនជាបន្ទុកបន្ថែម ប៉ុន្តែជាផ្លូវថ្មីឆ្ពោះទៅរកកំណើន។
អ្វីដែលសំខាន់បំផុត គឺការផ្លាស់ប្តូរការគិត។ ការពង្រឹងសមត្ថភាពទប់ទល់នឹងអាកាសធាតុ មិនគួរចាត់ទុកថាជាការចំណាយឥតប្រយោជន៍ទេ ប៉ុន្តែវាគឺជាការវិនិយោគដើម្បីភាពរឹងមាំ និងការប្រកួតប្រជែង។ អាជីវកម្មណាដែលគិតគូរពីបរិស្ថាន មិនថាជាការសន្សំធនធាន ឬការប្រើប្រាស់ប្រព័ន្ធឌីជីថល នឹងមានលទ្ធភាពខ្ពស់ក្នុងការរស់រាន និងចាប់យកឱកាសថ្មីៗ។
វិបត្តិអាកាសធាតុ មិនមែនជារឿងរបស់តែប្រទេសធំៗ ឬក្រុមហ៊ុនយក្សនោះទេ។ វាគឺជាការសាកល្បងដ៏ពិតប្រាកដសម្រាប់សហគមន៍មូលដ្ឋាន ដែលមានអាជីវកម្មខ្នាតតូចជាអ្នកទ្រទ្រង់ជីវភាព។ បើអាជីវកម្មទាំងនេះដួលរលំ ផលប៉ះពាល់នឹងរីករាលដាលដល់សេដ្ឋកិច្ច និងសង្គមទាំងមូល។
ក្នុងការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ យើងមិនត្រូវទុកនរណាម្នាក់ចោលឡើយ។ ការជួយដល់អាជីវកម្មខ្នាតតូច មិនមែនគ្រាន់តែជាកិច្ចការសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែគឺជាគ្រឹះសម្រាប់អនាគតដ៏មាននិរន្តរភាព និងយុត្តិធម៌សម្រាប់មនុស្សគ្រប់គ្នា៕




