អភិបាលខេត្តពោធិ៍សាត់ ជំរុញការអភិវឌ្ឍច្រាំងស្ទឹងឱ្យមានមុខមាត់ថ្មីទាំងស្រុងត្រឹមឆ្នាំ២០២៧
07-05-2026 20:23
(ពោធិ៍សាត់)៖ ក្រោយពីបញ្ចប់បេសកកម្ម នៅតំបន់សហគមន៍រាំងខ្វាវ, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានបន្តចុះជំរុញការអភិវឌ្ឍច្រាំងស្ទឹង និងបង្ហាញនូវផែនការយុទ្ធសាស្ត្រថ្មីៗ ដើម្បីប្រែក្លាយសោភ័ណភាពក្រុងឱ្យកាន់តែមានភាពទាក់ទាញ ក្នុងការបម្រើដល់ផលប្រយោជន៍សាធារណៈ នារយៈពេលដ៏ខ្លីខាងមុខ។
លោកអភិបាលខេត្ត បានកំណត់គោលដៅយ៉ាងច្បាស់លាស់ថា៖ «ដោយមិនទុកឱ្យបញ្ហាអូសបន្លាយ, មហិច្ឆតារបស់លោក គឺនៅត្រឹមឆ្នាំ២០២៧ មុខមាត់នៃច្រាំងស្ទឹងពោធិ៍សាត់ត្រូវតែផ្លាស់ប្តូរទាំងស្រុង។ បងប្អូនប្រជាពលរដ្ឋត្រូវតែទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍនេះ ហើយអ្នកដែលប៉ះពាល់ក៏ត្រូវតែមានដី ដែលមានប្លង់កម្មសិទ្ធិកាន់ក្នុងដៃស្របច្បាប់»។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះបងប្អូនដែលត្រូវប្តូរទីលំនៅ អាជ្ញាធរខេត្តមិនត្រឹមតែផ្តល់ដីដែលមានហេដ្ឋារចនាសម្ព័ន្ធ (ទឹក-ភ្លើង) និងប្លង់កម្មសិទ្ធិស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រៀម សាងសង់កូនផ្សារ ដើម្បីគាំទ្រដល់ការប្រកបរបរទទួលទានប្រចាំថ្ងៃរបស់ពួកគាត់នៅទីតាំងថ្មីទៀតផង។
លោក ខូយ រីដា បានលើកឡើងពីផលប៉ះពាល់ នៃការរស់នៅមិនរៀបរយ គឺមានហានិភ័យខ្ពស់ ប្រឈមនឹងការបាក់ស្រុតច្រាំងស្ទឹង និងគ្រោះថ្នាក់ដោយសារទឹកជំនន់ជារៀងរាល់ឆ្នាំ, បង្កការបង្ហូរទឹកកខ្វក់ និងសំណល់ផ្សេងៗចូលក្នុងស្ទឹង ធ្វើឱ្យខូចគុណភាពទឹក និងបាត់បង់សោភ័ណភាពក្រុង។ នៅពេលយើងរៀបចំប្រែក្លាយច្រាំងស្ទឹង ឱ្យទៅជាសួនច្បារ មានតំបន់ហាត់ប្រាណ និងកន្លែងកម្សាន្ត នោះនឹងធ្វើឱ្យទាក់ទាញភ្ញៀវទេសចរឱ្យមកលេងខេត្តពោធិ៍សាត់កាន់តែច្រើន។
លោកសូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមយ៉ាងសកម្ម និងយោគយល់ចំពោះកិច្ចដំណើរការអភិវឌ្ឍនានា ដើម្បីប្រយោជន៍រួមនៃខេត្តយើងទាំងអស់គ្នា៕






























